Monday, January 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ចោទប្រកាន់សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយការវាយប្រហារដោយដ្រូនលើវិមានក្រឹមឡាំង

រដ្ឋធានីមូស្គូ៖ ក្រោយពេលយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន ចំនួន២គ្រឿង បានវាយប្រហារទៅលើវិមានក្រឹមឡាំង រួចមក អតីតប្រធានាធិបតីរុស្ស៊ី ហើយបច្ចុប្បន្ន កាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខ បានអំពាវនាវឲ្យលុបបំបាត់ប្រធានាធិបតីអ៊ុយក្រែន ខណៈអ្នកនាំពាក្យរបស់លោក ពូទីន បានចាត់ទុកសកម្មភាពទាំងនេះ គឺក្រុងកៀវ បានធ្វើឡើង តាមបញ្ជារបស់សហរដ្ឋអាមេរិក។

សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ថា លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិ បានដល់បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក MSNBC ថា «សេតវិមាន បានច្រានចោលនូវការជាប់ពាក់ព័ន្ធណាមួយ នៅក្នុងការវាយប្រហារ ដោយដ្រូន ចំនួន២គ្រឿង ទៅលើវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី។ យើងបានរាយការណ៍មុននេះ ថា អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានអះអាង ដោយគ្មានហេតុផល ថា សហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយឧបទ្ទវេហេតុនេះ។

លោក ចន ឃើរប៊ី បាននិយាយជាដដែលៗ ថា «ក្រុងវ៉ាស៊ីនតោន មិនគាំទ្រ ឬ អត់ឱនឲ្យដល់ការវាយប្រហាររបស់អ៊ុយក្រែន នៅខាងក្រៅព្រំដែនរបស់ខ្លួននោះឡើយ។ យើងមានភាពច្បាស់លាស់ជាមួយពួកគេ ជាសាធារណៈ ហើយយើងក៏មានភាពប្រាកដប្រជាជាមួយពួកគេ ជាលក្ខណៈបុគ្គល គឺយើងមិនលើកទឹកចិត្ត ឬ អនុញ្ញាតឱ្យពួកគេ វាយប្រហារ នៅខាងក្រៅទឹកដីរបស់អ៊ុយក្រែន នោះដែរ។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានអះអាង ថា អ៊ុយក្រែន បានធ្វើសកម្មភាព តាមបញ្ជារបស់សហរដ្ឋអាមេរិក វាយប្រហារដោយដ្រូន ទៅលើវិមានក្រឹមឡាំង។ សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយ អ្វីដែលក្រុងមូស្គូ បានអះអាង ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបែបនេះ មានគោលបំណងសម្លាប់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ស្របពេលកងកម្លាំងរបស់ក្រុងមូស្គូ បានបាញ់ទម្លាក់ដ្រូនវាយប្រហារជាច្រើនទៀត នៅតាមទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ជាដើម។

លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បានអំពាវនាវឲ្យសម្លាប់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន។ ការអំពាវនាវរបស់មន្រ្ដីជាន់ខ្ពស់របស់រុស្ស៊ី រូបនេះ បានកើតឡើង ក្រោយពេលក្រុងមូស្គូ បានចោទប្រកាន់ដល់រដ្ឋាភិបាលក្រុងកៀវ អំពីការវាយប្រហារដោយយន្តហោះគ្មានមនុស្ស ឬ ដ្រូន ទៅលើវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី នាពេលយប់ថ្ងៃពុធ នៅក្នុងគោលបំណង ធ្វើឃាតលោក វ្ល៉ាឌីមៀ ពូទីន។

ក្រុមមន្រ្ដីរបស់រុស្ស៊ី បានអះអាង ថា លោកប្រធានាធិបតី ពូទីន មិនបានស្ថិតក្នុងវិមានក្រឹមឡាំង ខណៈដ្រូនកំពុងតែហោះហើរវាយប្រហារនោះទេ ហើយក៏មិនមានសម្ភារអ្វីត្រូវរងការខូចខាត នៅក្នុងវិមានរបស់ប្រធានាធិបតីនោះដែរ។ ក្រុមមន្រ្ដីរុស្ស៊ី ក៏បានព្រមាន អំពីសិទ្ធិរបស់ពួកគេ នៅក្នុងការសងសឹកតបតវិញ។

លោក វីយ៉ាឆេស្លេវ វ៉ូឡូឌីន (Vyacheslav Volodin) សមាជិកសភាឌូម៉ារបស់រុស្ស៊ី និង ជាសម្ពន្ធមិត្តរបស់លោក ពូទីន បានបញ្ជាក់ ថា «យើងនឹងទាមទារឲ្យប្រើប្រាស់គ្រឿងសព្វាវុធរបស់យើង ដែលមានសមត្ថភាពខ្ពស់ អាចបញ្ឈប់ និង កម្ទេចរបបភេរវកម្មរបស់ក្រុងកៀវ។

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា ទីភ្នាក់ងារជំនាញរបស់រុស្ស៊ី កំពុងតែស៊ើបអង្កេត លើករណីឧក្រិដ្ឋកម្មភេរវកម្មនេះ។ ក្រុងមូស្គូ បានប្ដេជ្ញា ថា ក្បួនព្យុហយាត្រា នឹងប្រព្រឹត្ដទៅ ចំពេលមានការអំពាវនាវឲ្យមានវិធានការយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងអ៊ុយក្រែន។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានច្រានចោល ចំពោះការចោទប្រកាន់របស់រុស្ស៊ី។ គាត់អះអាង ថា «ប្រទេសរបស់ខ្ញុំ នឹងមិនវាយប្រហារទៅលើលោក ពូទីន ឬ ក្រុងមូស្គូ។ យើងប្រយុទ្ធ នៅលើទឹកដីរបស់យើង។ យើងការពារភូមិ និង ទីក្រុងទាំងអស់របស់យើង»៕ រក្សាសិទ្ធដោយ ៖ សារាយSN

×