ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកបណ្ឌិត ថងលុន ស៉ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកកាន់ប្រទេសកម្ពុជា និងចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា និងចូលរួម ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ពីថ្ងៃទី៤-៦ ខែឧសភា ឆ្នាំ២០២៣។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះ ឯកឧត្តម ថងលុន ស៊ីសុលីត បានអញ្ជើញដាក់កម្រងផ្កានៅ វិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ថងលុន ស៊ីសុលីតា បានអញ្ជើញចូល ក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងបានទទួលជួបសម្តែងការគួរសមជាមួយ សម្ដេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានជំនួបទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបពិភាក្សា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ថងលុន ស៊ីសុលីត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្នុង ស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងសាមគ្គីភាពជាបងប្អូន។
ខណៈពេលដែលរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសឡាវ ពីថ្ងៃទី១៣-១៤ ខែ កុម្ភៈ ឆ្នាំ២០២៣, ថ្នាក់ដឹកនាំទាំង ពីរបានលើកទឹកចិត្តក្រសួង និងស្ថាប័នពាក់ព័ន្ធឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការ សកម្មភាព (២០២៣-២០២៧) សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង និងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា ប្រជាមានិតឡាវ ក៏ដូចជាឯកសារផ្សេងៗជាច្រើនទៀត ដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីជាផលប្រយោជន៍នៃប្រជាជនទាំងពីរ។ ភាគីទាំងពីរបានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានរដ្ឋឡាវនៅកម្ពុជា និងការចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នឹង ជាកម្លាំងសន្ទុះថ្មីមួយក្នុងការពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ភាគីទាំងពីរបានឯកភាពបន្តរក្សាការរៀបចំទស្សនកិច្ច និងកិច្ចប្រជុំជាប្រចាំរវាងថ្នាក់ដឹកនាំ
ក្រសួងនិងស្ថាប័នពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរដើម្បីជំរុញមិត្តភាពជាប្រពៃណី
កិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើគ្រប់វិស័យជាច្រើនរួមមាន នយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល អប់រំ និងការតភ្ជាប់។ ភាគីទាំងពីរបានឯកភាពបន្តអនុវត្ត ឲ្យមានប្រសិទ្ធភាពនូវអនុស្សារណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដើម្បីធានានូវសន្តិសុខថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានជំរុញអាជ្ញាធរពាក់ព័ន្ធពន្លឿនការពិភាក្សាលើគម្រោងបញ្ជូនថាមពលអគ្គិសនី ពីប្រទេសឡាវទៅកាន់ទីផ្សារប្រទេសសិង្ហបុរី ដោយឆ្លងកាត់ប្រទេសកម្ពុជា។

ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃការជំរុញពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ និងបានជំរុញអាជ្ញាធរពាក់ព័ន្ធពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការ យកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធលើប្រាក់ចំណូល។ ភាគីទាំងពីរបានកត់ និងចំនួនអ្នកទេសចរឡាវមក
សម្គាល់ដោយការពេញចិត្តចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីកាន់កម្ពុជា។
ថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តអាជ្ញាធរពាក់ព័ន្ធបន្តកិច្ចសហប្រតិបត្តិការល្អរក្សានូវ
ទំនាក់ទំនងជាប្រចាំ និងផ្លាស់ប្តូរព័ត៌មានឲ្យបានទាន់ពេលវេលា លើបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ ជាពិសេសការការពារ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងពីរធ្វើលំហាត់សមយុទ្ធរួមជាប្រចាំ ក្នុងការសង្គ្រោះក្នុងពេលមានគ្រោះមហន្តរាយដូចជាប្រតិបត្តិការរុករក និងសង្គ្រោះឆ្លើយតបទៅនឹងគ្រោះធម្មជាតិនៅតាមតំបន់ព្រំដែន។
ពាក់ព័ន្ធនឹងការងារព្រំដែន កម្ពុជា និងឡាវ បានស្វាគមន៍លទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំថ្មីៗនេះ រវាងប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា កាលពីថ្ងៃទី១៩-២១ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រែក្លាយព្រំដែននៃប្រទេសទាំងពីរទៅជាព្រំដែនសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការយូរអង្វែង។

ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការជិត ស្និទ្ធ ទាំងក្នុងវេទិកាតំបន់ និងអន្តរជាតិ ពិសេសក្នុងក្របខណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងគោលបំណងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរក្រៃលែង ជូនឯកឧត្តម ថងលុន ស៊ីសុលីត សម្រាប់ការគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ និងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាអះអាងជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះឡាវជាប្រធានអាស៊ានឆ្នាំ២០២៤។
ក៏ឯកឧត្តមប្រធានរដ្ឋ ថងលុន ស៊ីសុលីត បានសម្ដែងនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ចំពោះការអញ្ជើញដ៏ថ្លៃថ្លា និងបដិសណ្ឋារកិច្ចដ៏ល្អក្រៃលែងដល់ឯកឧត្តមប្រធានរដ្ឋ និងគណៈប្រតិភូទាំងអស់ ក្នុងដំណើរទស្សន កិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




