បន្ទាប់ពីទទួលបានព្រះរាជសារលិខិតពីព្រះករុណាថ្លៃវិសេស ព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានការអបអរសាទរ ប្រទានពរបវរមហាប្រសើរ ដ៏ថ្លៃថ្លា ដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុត «មរតកអូឡាំពិកអន្តរជាតិ» បានធ្វើឱ្យសម្ដេចទាំងទ្វេ គឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំថ្វាយថ្លែងអំណរអរព្រះគុណក្រៃលែង។ នេះបើតាមលិខិតក្រាបបង្គំទូលថ្វាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចេញនារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។

បើតាមព្រះរាជលិខិតរបស់ ព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី ប្រទានជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានខ្លឹមសារថា ខ្ញុំមានហឫទ័យសោមមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរការបើកទំព័រប្រវត្តិសាស្ត្រថ្មីដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចំពោះការរៀបចំបានយ៉ាងល្អត្រចះត្រចង់មិនធ្លាប់មានពីមុនមក, ខ្ញុំសូមកោតសរសើរដ៏កក់ក្ដៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន មេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិមានគុណធម៌ គុណបំណាច់ធំធេង និងទទួលបានគ្រឿងឥស្សរិយយស មរតកអូឡាំពិកអន្តរជាតិ ដែលជាគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ចលនាអូឡាំពិកអន្តរជាតិ ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

ជាការតបស្នងព្រះគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចេញសារលិខិតថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជសារលិខិត ព្រះករុណាថ្លៃវិសេសនៃព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យអបអរសាទរ។
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ការបង្គំលំអោនកាយវាចាចិត្តថា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សម្ដែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យជាវិជ្ជមានដែលបានទទួលនាឱកាសនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN












