Monday, January 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជពិធីភិសេកឡើងគ្រងរាជជាផ្លូវការ របស់ព្រះអង្គម្ចាស់ឆាលស៍ ទី៣ ក្នុងព្រឹត្តិការណ៍ធំរបស់អង់គ្លេសរយៈពេលជាង ១០០០ឆ្នាំ និងប្រវត្តិសង្ខេបរបស់ព្រះអង្គ !

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងដ៏មហោឡារិក ដែលធ្លាប់តែប្រារព្ធឡើងតាំងពីសម័យបុរាណមកម្ល៉េះ ជំនាន់ព្រះអង្គម្ចាស់ William the Conqueror ក្នុងឆ្នាំ១០៦៦ គិតមកដល់ពេលនេះ ជាង ១០០០ឆ្នាំ មកហើយ វាបានក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យជាថ្មីម្ដងទៀត សម្រាប់ព្រះអង្គម្ចាស់ឆាលស៍ ទី៣ (Charles III) ដែលបានឡើងគ្រងរាជ្យសម្បត្តិ ហើយប្រារព្ធពិធីរាជាភិសេកជាផ្លូវការដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣, ហើយបើគិតត្រឹមសម័យកាលម្ចាស់ក្សត្រី អេលីហ្សាបេតទី២ វិញ រាជជាភិសេកឡើងគ្រងងរាជ្យនេះ គឺមានរយៈពេល ៧ទសវត្ស។

ស្របពេលនេះ ក៏មានសំណួរជាច្រើន នៅជុំវិញពិភពលោក បានលើកឡើងថា តើ ព្រះអង្គម្ចាស់ ឆាលស៍ ទី៣ (Charles lll) ជា នរណា ?!

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រះរាជពិធីរាជាភិសេក បានធ្វើឡើងនៅចំពោះមុខមេដឹកនាំប្រហែល ១០០នាក់ទូទាំងពិភពលោក ក៏ដូចជាអ្នកចូលរួមរាប់លាននាក់ មាន សម្តេចសង្ឃបានថ្វាយ មកុដ (St Edward’s Crown) ដែលមាន អាយុ៣៦០ឆ្នាំ ដល់ព្រះអង្គម្ចាស់ឆាលស៍ ដោយទ្រង់បានគង់លើព្រះរាជបល្ល័ង្ក ដែលស្ថាបនាឡើងនៅសតវត្សទី១៤ នៅឯព្រះវិហារ Westminster Abbey។ ព្រះមហេសីទី២ របស់ទ្រង់ គឺ ម្ចាស់ក្សត្រី កាមីយ៉ា (Camilla) មានព្រះជន្ម ៧៥ព្រះវស្សានឹងក្លាយជាមហាក្សត្រីរបស់ចក្រភពអង់គ្លេស។

នៅឯខាងក្រៅព្រះវិហារឯណេះវិញ ឃើញមានទាហាក្បួនព្យុះហយាត្រានរាប់រយនាក់ក្នុងឯកសណ្ឋានពណ៌ក្រហម និងមួកស្បែកខ្លាឃ្មុំខ្មៅ បានឈរតម្រង់ជួរតាមបណ្តោយមហាវិថី The Mall ដែលជាមហាវិថីធំឆ្ពោះទៅកាន់វិមាន Buckingham។ រីឯមនុស្សរាប់ម៉ឺននាក់បាននាំគ្នារង់ចាំមើលព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដោយមិនខ្វល់នឹងមេឃភ្លៀងនោះឡើយ។

ឆ្លើយនឹងសំណួរដែលបានលើកឡើងថា តើ ព្រះអង្គម្ចាស់ ឆាលស៍ ទី៣ (Charles lll) ជា នរណា ?! ជាការពិតណាស់ ព្រះអង្គម្ចាស់ ឆាលស៍ ទី៣ (Charles lll) គឺ ជាព្រះរាជបុត្រច្បង បានឡើងសោយរាជ្យបន្តជាព្រះមហាក្សត្រចក្រភពអង់គ្លេស បន្ទាប់ពីព្រះមាតារបស់ព្រះអង្គ គឺព្រះមហាក្សត្រី អេលីហ្សាប៊ែតទី២ (Elizabeth II) ដែលបានសោយទិវង្គត កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម ៩៦ព្រះវស្សា។

ព្រះអង្គម្ចាស់ ឆាលស៍ (Charles) បានក្លាយជាព្រះមហាក្សត្រអង់គ្លេស ដោយមានគោរមងារថា «ព្រះមហាក្សត្រឆាលទី៣» និងជាព្រះមហាក្សត្រ ដែលមានវ័យចំណាស់ជាងគេ ដែលបានឡើងគ្រងរាជ្យ ក្នុងប្រវត្តិសាស្ត្រអង់គ្លេស នារយៈពេលជាង ១០០០ឆ្នាំមកនេះ។

ព្រះអង្គម្ចាស់ ឆាលស៍ បច្ចុប្បន្នមានព្រះជន្ម ៧៣ព្រះវស្សា បានប្រសូតនៅឯព្រះរាជវាំង (Buckingham Palace) ក្នុងទីក្រុងឡុងដ៍ នាថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ១៩៤៨។ ព្រះអង្គជា ព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែតទី២ និងព្រះអង្គម្ចាស់ហ្វីលីព។ ព្រះអង្គម្ចាស់ឆាលស៍ បានក្លាយជាព្រះរជ្ជទាយាទ នៅពេលមាន ព្រះជន្មត្រឹម ៣វស្សាតែប៉ុណ្ណោះ។ ពោលគឺ នៅក្រោយព្រះមាតា ឡើងសោយរាជ្យជាព្រះមហាក្សត្រី បន្ទាប់ពីព្រះបិតា គឺព្រះមហាក្សត្រ ចច ទី៦ (King George VI) ចូលទិវង្គត ហើយព្រះអង្គម្ចាស់ ឆាលស៍ ក៏ជារជ្ជទាយាទ និងជាបុត្រដំបូងដែលបានទតឃើញព្រះមាតាឡើងសោយរាជ្យផងដែរ។

ស្ដីពីប្រវត្តិសង្ខេបខ្លះរបស់ ព្រះអង្គម្ចាស់ ឆាលស៍ គឺព្រះអង្គ បានសម្រេចព្រះទ័យចូលរៀននៅឯសាលាជាមួយសិស្សដទៃជាជាងទទួលបានការសិក្សានៅឯព្រះរាជវាំង។ ក្នុងឆ្នាំ១៩៧០ ព្រះអង្គបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Cambridge ដោយទទួលបានសញ្ញាប័ត្រ Bachelor of Arts ដែលធ្វើឱ្យព្រះអង្គក្លាយជារជ្ជទាយាទអង់គ្លេសដំបូងដែលទទួលបានសញ្ញាប័ត្រពីសាកលវិទ្យាល័យ។

ក្រោយមកទៀត សាកលវិទ្យាល័យ Cambridge បានប្រគល់សញ្ញាប័ត្រអនុបណ្ឌិត Master of Arts ជូនព្រះអង្គម្ចាស់។

ព្រះអង្គម្ចាស់ឆាលស៍ បានទទួលគោរមងារជា «Prince of Wales» ពីព្រះមាតាក្នុងឆ្នាំ១៩៦៩ ហើយព្រះអង្គក៏មានតួនាទីទាំងក្នុងជួរកងទ័ពជើងទឹក និងកងទ័ពអាកាសអង់គ្លេស ដោយយកគំរូតាមព្រះបិតារបស់ព្រះអង្គ។ ក្នុងឆ្នាំ១៩៨១ ព្រះអង្គម្ចាស់ ឆាលស៍ បានរាជអភិសេកជាមួយនារីម្នាក់មកពីគ្រួសារអភិជនមួយដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសែរាជវង្សអង់គ្លេស គឺនាង ដាយអាណា ស្ពិនសឺ (Diana Spencer) ដែលក្រោយមកបានក្លាយជាព្រះនាងម្ចាស់វែល ឬ princess of Wales។ ព្រះអង្គទាំង២ មានបុត្រាពី ២ព្រះអង្គ គឺព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ Harry។

ក៏ប៉ុន្តែ ទំនាក់ទំនងស្នេហារវាងព្រះអង្គម្ចាស់ឆាលស៍ និងព្រះនាង ដាយអាណា បានប្រេះឆា នៅក្រោយព្រះអង្គម្ចាស់ ឆាលស៍ បានមានបន្ទូលនៅក្នុងសៀវភៅមួយថា ព្រះអង្គបានរៀបអភិសេកជាមួយព្រះនាង ដាយអាណា ដោយសាររងសម្ពាធបង្ខំពីព្រះបិតា ហើយព្រះអង្គផ្ទាល់មិនបានស្រឡាញ់ព្រះនាង ដាយអាណានោះទេ។ តែបែរជាបានស្រឡាញ់នារីម្នាក់ផ្សេងទៀត នាងមានឈ្មោះ កាមីយ៉ា ផាកឃឺ បូវែល (Camilla Parker Bowles)។ ព្រះម្ចាស់ឆាល និងនាង កាមីយ៉ា ត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងស្នេហានឹងគ្នា ក្នុងឆ្នាំ១៩៨៦។

រហូតដល់ឆ្នាំ១៩៩២ ទើបព្រះអង្គម្ចាស់ឆាលស៍ និងព្រះនាងដាយអាណា បានសម្រេចិត្តចែកផ្លូវគ្នា ហើយចំណងអាពាហ៍ពិពាហ៍រវាងអ្នកទាំង២ ត្រូវបានបិទបញ្ចប់ ៤ឆ្នាំក្រោយមកទៀត។ ព្រះនាង ដាយអាណា បានចាត់ទុកនាងកាមីយ៉ា គឺជាជនទី៣ ចូលមកក្នុងស្នេហាគ្រួសាររបស់ព្រះនាង។ នៅឆ្នាំ១៩៩៧ ព្រះនាងដាយអាណា បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅឯទីក្រុងបារីស ប្រទេសបារាំង ហើយនៅឆ្នាំ២០០៥ ព្រះអង្គម្ចាស់ឆាល បានរៀបអភិសេកជាមួយនាង កាមីយ៉ា ដែលបានក្លាយជាព្រះនាងម្ចាស់ Duchess of Cornwall និងបានក្លាយជាព្រះមហេសីពេញមុខរបស់ព្រះអង្គម្ចាស់ឆាលស៍រហូតមកដល់បច្ចុប្បន្ន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×