Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥ហេតុការណ៍ដ៏គួរឱ្យព្រឺក្បាល ដែលគ្មានអ្នកណាអាចពិសោធបានរហូតមកដល់បច្ចុប្បន្ន!!

នៅលើពិភពលោកយើងនេះ នៅមានសំណួរជាច្រើនដែលមិនទាន់មាននរណាអាចឆ្លើយបាន និងមានហេតុការណ៍ជាច្រើនទៀត ដែលនៅតែរកមូលហេតុមិនទាន់ឃើញ និងជួនកាលវាក៏ពិបាកហួសនឹងរកចម្លើយមកបញ្ជាក់បាន…ថ្ងៃនេះយើងសូមនាំយក ៥ហេតុការណ៍ដ៏គួរឱ្យព្រឺក្បាល ដែលនៅមិនទាន់មានអ្នកណាអាចឱ្យចម្លើយចំពោះវាបានថា តើជានរណា ឬអ្វីជាអ្នកបង្កឡើង មកជម្រាបជូនដូចតទៅ…

១. ខ្មោចអាថ៏កំបាំងរបស់គ្រួសារ វេន

គឺជារឿងពិតដែលកើតឡើងចំពោះក្រុមគ្រួសារ វេន ក្នុងប្រទេសអូស្ត្រាលី ដែលគេជឿថា ត្រូវបានបំពានដោយអ្វីម្យ៉ាងដែលមើលមិនឃើញ ព្រោះពួកគេតែងតែបានឮសំឡេងដុំថ្មប៉ះនឹងជញ្ជាំងផ្ទះជាញឹកញាប់ រហូតដល់មាត់បង្អួច និងរបស់របរផ្សេងៗនៅក្នុងផ្ទះ ត្រូវបែកបាក់ខូចខាតខ្ទេចខ្ទីអស់ ហើយទោះជាមានប៉ូលិសមកលបចាំតាមដានពិនិត្យមើលនៅជុំវិញផ្ទះក៏ដោយ ក៏មិនឃើញមាននរណា ឬមូលហេតុអ្វីមួយ ដែលអាចបង្កឱ្យកើតរឿងបែបនោះបានឡើយ។ រហូតទាល់តែ មិននី កូនស្រីអាយុ ១២ឆ្នាំ បានចេញមុខសារភាពថា នាងជាអ្នកលេងគប់ដុំថ្មជាមួយមិត្តភក្តិរបស់នាង។ តែ សំណួរគឺ តើមិត្តភក្តិរបស់នាងនោះ ជានរណា? បើនៅម្តុំនោះគ្មានក្មេងៗ និងគ្មានអ្នកស្នាក់នៅក្បែរៗគ្នា ឬត្រូវជាមិត្តភក្តិជាមួយនាងផងនោះ!។ រហូតដល់យូរទៅ ឪពុកម្តាយទ្រាំលែងបាន ក៏បញ្ជូននាងឱ្យទៅនៅជាមួយយាយ។
តែរឿងក៏នៅតែមិនចប់ដដែល ព្រោះនៅឯផ្ទះរបស់យាយនាង ក៏កើតហេតុការណ៍ដូចគ្នានោះឡើងដែរ!! តែលុះដល់ពេលវេលាកន្លងទៅ រឿងចម្លែកនោះក៏បាត់ទៅវិញអស់ដោយឯកឯងដែរ។ បច្ចុប្បន្ននេះ នៅពេលមានអ្នកសួរពីមិត្តភក្តិកាលពីអតីតរបស់នាង មិននីបានត្រឹមតែឆ្លើយថា នាងមិនបានដឹងរឿងអីឡើយ…។

២. ឈាមចម្លែក

នៅទីក្រុងអ៊ែតលែនតា រដ្ឋចចៀ មានរឿងចម្លែកមួយបានកើតឡើងចំពោះស្វាមីភរិយា ១គូ ដែលមានអាយុជិតនឹង ៨០ឆ្នាំទៅហើយ ដោយទាំង ២នាក់ស្នាក់នៅក្នុងផ្ទះជាមួយគ្នា ព្រមជាមួយសត្វចិញ្ចឹម ១ក្បាល។ តែថ្ងៃមួយ ភរិយាក៏ស្រាប់តែបានឃើញឈាមប្រឡាក់ពេញផ្ទះទាំងអស់ ទាំងក្នុងផ្ទះបាយ បន្ទប់ទទួលភ្ញៀវ បន្ទប់ក្រោមដី រួមទាំងកន្លែងដែលមនុស្សមិនគួរនឹងចូលទៅបានទៀតផង នោះគឺខាងក្រោមទូរទស្សន៍!!។
រឿងនេះធ្វើឱ្យទាំង ២នាក់យាយតា មានការភ្ញាក់ផ្អើលមិនតិចឡើយ គាត់បានទូរស័ព្ទហៅប៉ូលិស ដែលក្រោយពីបានយកឈាមនោះទៅពិនិត្យ ហើយប៉ូលិសក៏បានដឹងថា វាជាឈាមក្រុម O របស់មនុស្ស តែ ២នាក់ស្វាមីភរិយានេះ មានឈាមក្រុម A ទើបធ្វើឱ្យគ្រប់គ្នាមានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើវាជាឈាមរបស់អ្នកណា?។ រហូតមកដល់ពេលនេះ ក៏នៅតែគ្មានអ្នកណាដឹងថា ឈាមនោះមកពីណាឡើយ!!។

៣. ខ្មោចសណ្ឋិត

រឿងនេះកើតឡើងនៅក្នុងឆ្នាំ១៩៣៦ ដោយនៅថ្ងៃមួយ ប៉ូលិសបានប្រទះឃើញសាកសពរបស់យុវជនម្នាក់ឈ្មោះ ប៉េពី ស្ថិតនៅក្រោមស្ពានមួយកន្លែង ហើយការពិនិត្យសាកសព បានសរុបចេញមកថា រូបគេធ្វើអត្ថឃាតដោយការលោតពីលើស្ពានដែលមានកម្ពស់ជាង ១៣ម៉ែត្រនោះ និងស្លាប់ដោយសារក្បាលបានបោកនឹងដុំថ្ម និងឈ្លក់ទឹករាក់ៗនៅទីនោះ តែខាងក្រុមគ្រួសារបានធ្វើការជំទាស់យ៉ាងខ្លាំង ព្រោះមើលឃើញថា វាគ្មានហេតុផលអ្វី ដែលកូនរបស់គាត់ត្រូវធ្វើអត្តឃាតបែបនេះសោះឡើយ…។
…៣ឆ្នាំក្រោយមក ម៉ារៀ ក្រមុំវ័យជំទង់ម្នាក់បានដើរឆ្លងស្ពាននោះ ហើយសុខៗក៏ខ្យល់គ ដួលព្រូសទៅដី ប៉ូលិសបាននាំនាងទៅផ្ទះវិញ។ ពេលដឹងខ្លួនឡើង មនុស្សគ្រប់គ្នានៅក្នុងផ្ទះ ក៏ត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនាងមានសំឡេងដូចមនុស្សប្រុស និងប្រាប់ថា ខ្លួនឯងគឺ “ប៉េពី” និងថែមទាំងបញ្ចេញអាកប្បកិរិយាចម្លែកៗទៀតផង…ទាំងជក់បារី ផឹកស្រា រហូតដល់ទាំងអស់គ្នាជឿ និងបានទៅតាមម្តាយរបស់ប៉េពី ឱ្យមកជួបតាមសំណូមពររបស់គេទៀតផង។ នៅពេលម្តាយមកដល់ ក៏ស្ទើរតែគាំងបេះដូងស្លាប់ ព្រោះសំឡេងនោះ ដូចសំឡេងរបស់កូនប្រុសគាត់ខ្លាំងណាស់។ គេប្រាប់ទៅគាត់ថា គេមិនបានធ្វើអត្តឃាតទេ តែត្រូវមិត្តភក្តិសម្លាប់!! លុះនិយាយចប់ហើយ ម៉ារៀក៏សន្លប់បាត់ស្មារតីទៅ។ លុះដល់ដឹងខ្លួនឡើងវិញ ម៉ារៀ ចាំមិនបានឡើយថា តើមានរឿងអ្វីកើតឡើងចំពោះខ្លួននាង…។

៤. រឿងរបស់ អេលើណ័រ ស៊ូហ្កាន់ អេលើណ័រ

ស៊ូហ្កាន់ ជាក្មេងស្រីអាយុ ១២ឆ្នាំ មកពីប្រទេស រ៉ូម៉ានី ដែលថ្ងៃមួយ ក្នុងឆ្នាំ១៩១៣ បានកើតហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចមួយឡើង នៅពេលដែលនាងទៅលេងផ្ទះលោកយាយរបស់នាង។ សុខៗ ដុំថ្ម និងគ្រោងសំណង់ផ្ទះទាំងមូល ក៏ធ្លាក់ប្រាវៗ ចុះមកសង្កត់ពីលើខ្លួននាង។ ដែកគោល និងវត្ថុមុតស្រួចផ្សេងៗ ក៏ហោះមកដោតជាប់នៅនឹងដៃរបស់នាង!! ធ្វើឱ្យទាំងអស់គ្នាជឿថា មានបិសាចកំណាចកំពុងសណ្ឋិតនៅក្នុងខ្លួននាង ទើបនាំនាងទៅធ្វើពិធីបណ្តេញបិសាច តែវាក៏មិនបានជួយអ្វីឱ្យល្អប្រសើរឡើងដែរ។ បព្វជិតនៅទីនោះ ក៏សម្រេចបញ្ជូននាងទៅឯមន្ទីពេទ្យឆ្កួត។
ខាងអ្នកស្រាវជ្រាវ សុទ្ធតែនាំគ្នាប្រាប់ថា វាគឺជាបាតុភូតខុសធម្មជាតិមួយ តែ រហូតដល់អាយុ ១៣ឆ្នាំ អាការទាំងនោះក៏កាន់តែធ្ងន់ធ្ងរឡើងៗជារឿយៗ ដល់ថ្នាក់មានអ្នកឃើញស្រមោលខ្មៅៗធ្វើចលនានៅក្បែរៗខ្លួននាង ពេលខ្លះអ្នកដែលនៅជុំវិញខ្លួននាង ត្រូវឈឺខ្លួនដោយសារថាមពលអាថ៏កំបាំងនោះដែរ ទើបទាំងអស់គ្នា បញ្ជូនខ្លួននាងទៅពិនិត្យនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងឡុងដ៍។
ក្រោយពីនោះមក រឿងប្លែកៗទាំងនោះក៏ថយចុះជាបណ្តើរៗ រហូតដល់អាយុ ១៤ឆ្នាំ ស៊ូហ្គាន់ក៏ត្រឡប់មក មានជីវិតរស់នៅបានធម្មតាប្រក្រតីដូចអ្នកឯទៀតវិញ។ ហេតុការណ៍ដែលបានកើតឡើងចំពោះក្មេងស្រីរូបនោះ រហូតមកដល់ពេលនេះ នៅតែគ្មានអ្នកណាដឹងថា បណ្ដាលមកពីមូលហេតុអ្វីឡើយ។

៥. ធ្យូងបិសាច

រឿងរ៉ាវនេះកើតឡើងនៅក្នុងក្រុមគ្រួសារ ហ្វ្រ៉ស់ត៍ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ១៩២៥ លោក ហ្វ្រ៉ស់ត៍ បានកុម្ម៉ង់ទិញធ្យូង ដើម្បីយកមកដាក់ក្នុងចង្ក្រានអាំងសាច់មួយចំនួន។ នៅពេលធ្យូងនោះមកដល់ រឿងចម្លែកក៏កើ់តឡើងដែរ ព្រោះនៅពេលយកធ្យូងនោះទៅដុតក្នុងចង្ក្រាន ក៏ស្រាប់តែផ្ទុះឡើង ធ្វើឱ្យវាលោតចេញមកពីចង្ក្រាន ហើយរមៀលទៅជុំវិញផ្ទះ បង្កឱ្យមានការឆេះខូចខាតរបស់របរយ៉ាងច្រើន។ លោក ហ្រ្វ៉ស់ត៍ ក៏សម្រេចចិត្តយកវាទៅបោះចោលនៅឯចម្ការ តែរាត្រី-តមក វាក៏បង្ហាញវត្តមាននៅក្នុងផ្ទះវិញ ដោយគ្មានអ្នកណាយកវាចូលមកឡើយ!!។ ធ្វើឱ្យគេជឿថា វាច្បាស់ជាមានវិញ្ញាណបិសាចសណ្ឋិតនៅក្នុងដុំធ្យូងទាំងនោះមិនខាន។
បន្ទាប់ពីនោះមក នៅក្នុងផ្ទះ ក៏កើតមានហេតុការណ៍ចម្លែកៗឡើងឥតឈប់ឈរ មានទាំងរបស់របរកម្រើកបានដោយខ្លួនឯង កាំបិតហោះកាត់មុខបន្ទប់ជាដើម រហូតធ្វើឱ្យមនុស្សនៅក្នុងផ្ទះភិតភ័យ ឡើងចង់កើតរោគសរសៃប្រសាទ និងខ្លះបានស្លាប់បាត់បង់ជីវិតទៀតផង ឯអ្នកចុងក្រោយដែលរួចជីវិត ត្រូវបានបញ្ជូនទៅមន្ទីពេទ្យឆ្កួត!! រហូតមកដល់សព្វថ្ងៃនេះ ក៏នៅតែគ្មានអ្នកណាដឹងថា តើមានរឿងអ្វីកើតឡើងចំពោះក្រុមគ្រួសារមួយនោះឡើយ៕

×