ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋាន ខេត្ត កំពង់ ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃព្រឹក ចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៣ បន្ទាប់ខកខានអស់ពេលជាច្រើនឆ្នាំ ព្រោះតែវិបត្តិជំងឺកូវីដ-១៩, ព្រះរាជពិធីនេះ ប្រារព្ធឡើងក្រោមព្រះរាជាធិប តីភាពដ៏ខ្ពងខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

មានការអញ្ជើញចូលរួម គេសង្កេតឃើញមានវត្តមាន សម្តេចវិបុល សេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេច ពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច , ព្រមទាំង មន្ត្រីជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអង្គទូតនៃបណ្ដា ប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនកុះករ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជបវេណីដ៏សំខាន់ចាត់ទុក ជាវ ប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គ តែ ង តែ ដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក។
ការភ្ជួររាស់ សាបព្រោះ របស់ ស្ដេចមាឃ និងព្រះមេហួ នៃពិធីច្រត់ព្រះនង្គ័លជាការប្រកាសប្រាប់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ធ្វើស្រែចម្ការ ឱ្យចងចាំ និងតាំងស្មារតី ថា ជាការចាប់ផ្តើមចូលដល់រដូវវស្សាហើយ ត្រូវត្រៀមលក្ខណៈបង្កបង្កើនផល។
ក្នុងព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័លនៅឆ្នាំនេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានព្រះ មហា ក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យធ្វើជាស្តេចមាឃ កាន់នង្គ័ល ទី២ តំណាងព្រះអង្គ និងភរិយា ជាព្រះមេហួ។

គួរកត់សម្គាល់ថា គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ ឬគោព្រះរាជទ្រព្យ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច ។ គោ២ នឹមទៀត ដែលសម្រាប់ ហែមុខ ហែក្រោយ ឃើញថា មិនទាន់កំណត់លក្ខណៈនោះទេ តែតាមដែលធ្លាប់ប្រើមកហើយនោះ ឃើញច្រើនតែសម្បុរក្រហម។
ឯ «គោឧសភរាជ ឬកគោព្រះរាជទ្រព្យ» នោះ វេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿង ពាក់ស្រោមមុខស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។ រីឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅ កាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេស គឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿង បែបពណ៌មាស។
គ្រូព្រាហ្មណ៍បរោហិត មានរៀបចំចំណី ៧មុខ រួមមាន ÷ ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ជាអាហារសម្រាប់ឱ្យ «គោឧសភរាជ ឬគោព្រះរាជទ្រព្យ» បរិភោគ ដើម្បីផ្សងពីផលដំណាំ ដែលមានផលល្អ មិនល្អ ឬមានរោគាផ្សេងៗ ទៅលើសត្វធាតុ និងការរស់នៅរបស់ប្រជាកសិករ។

ក្នុងព្រះរាជពិធីនាព្រឹកនេះ ក៏មានការរៀបចំតាំងបង្ហាញនូវផលិតផល កសិផល មកពី តាម បណ្តាក្រសួង និងរាជធានី-ខេត្តជាច្រើនផងដែរ។
ព្រះរាជពិធីនេះ កាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុ នៅជិតព្រះបរមរាជវាំង ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវព្រះករុណា ជាអម្ចាស់ជីវិតលើ ត្បូង ព្រះរាជានុញ្ញាតឱ្យធ្វើនៅតាមបណ្ដាខេត្តនានាវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបាន ចូលរួម ក្នុងព្រះរាជបវេណី ដ៏សំខាន់មួយនេះបានច្រើននាក់ និងងាយស្រួលមានទីតាំងជិតសម្រាប់ពួកគាត់៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN
















