ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានអញ្ជើញជាអធិបតីភាពនោះ បានសម្ដែងទឹកចិត្តបីតិសោមនស្សក្រៃលែង ដោយបានលើកឡើងថា ការណ៍ដែលបានឃើញនូវដំណើរការប្រព្រឹត្តទៅប្រកបដោយរលូននៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅកម្ពុជា គឺជាមោទកភាពដ៏វិសេសវិសាលបំផុតរបស់ប្រជាជនយើងទាំងអស់គ្នា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថាក្នុងនាម ជាប្រជាពលរដ្ឋខ្មែរមួយរូប ហើយជោគជ័យនេះ ក៏បានឆ្លុះបញ្ចាំងអំពីការរួបរួមគ្នាជាកម្លាំងមហាសាមគ្គីភាពជាតិខ្មែរនៅក្នុងការបង្ហាញប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ដែលមានកំណើតដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជាអំពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន រួមទាំងអំពីទឹកចិត្តទូលំទូលាយរបស់ប្រជាជនខ្មែរយើង ក្នុងការទទួលស្វាគមន៍រាក់ទាក់ចំពោះមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទី។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អ្នកបន្តវេនមេដឹកនាំកម្ពុជាសម្រាប់អនាគត បានឆ្លុះបញ្ចាំងសេចក្ដីថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ បានបង្ហាញនូវភាពលេចធ្លោលើទិដ្ឋភាព ២ សំខាន់ៗ រួមមាន ៖

ទី១- គឺការដឹកនាំ និងការរៀបចំគ្រប់សកម្មភាពពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងការប្រកួតប្រកបដោយភាពរលូន ត្រឹមត្រូវ យុត្តិធម៌ និងទំនុកចិត្ត ស្របតាមកម្រិតស្តង់ដារកំណត់របស់ក្រុមប្រឹក្សាសហព័ន្ធកីទ្បាអាស៊ីអាគ្នេយ៍,
ទី២- សមត្ថភាពធនធានមនុស្សរបស់កម្ពុជានៅក្នុងវិស័យកីឡា ត្រូវបានលើកកម្ពស់ជាលំដាប់គួរឱ្យកត់សម្គាល់។
ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២, ជាបណ្ដោះអាសន្ននៅពេលនេះ ចំនួនមេដាយដែលកម្ពុជាទទួលបាន គឺកំពុងឈរលើលំដាប់មានចំនួនច្រើនជាងគេ រហូតអាចបំបែកឯតទគ្គកម្មរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រ ហើយក៏នឹងកំពុងបន្តកើនឡើងជាប់ទៅមុខរហូត។
វឌ្ឍនភាពនេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កាដែលកើតឡើងក្រោមបរិស្ថានអំណោយផលនៃសុខសន្តិភាព-ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។

មិនមែនមានតែ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាឥស្សរជនក្នុងស្រុកខ្លួនឯង សរសើរប្រទេសខ្លួនឯងប៉ុណ្ណោះនោះទេ សូម្បីបណ្ដាញផ្សព្វផ្សាយអន្តរជាតិធំៗជាច្រើន ក៏បានផ្សព្វផ្សាយកោតសរសើរអំពីកម្ពុជាផងដែរ ថា រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ បានល្អត្រចះត្រចង់ ដូចជា ÷
- កាសែត ដឹ ស្ត្រេត ថាមស៍ , កាសែត ឆាណេល ញូស៍ អេស៊ា , កាសែត សោតថ៍ ឆាយណា ម៉ូនីង ប៉ុស្ដិ៍ , កាសែត អារ៉ាប់ ញូស៍ , ABC ញូស៍ , ។ល។
ទាំងនេះ ពិតណាស់ថា គឺជាការបង្ហាញរបស់បណ្ដាញអន្តរជាតិ ទទួលស្គាល់ការរៀបចំបានល្អប្រសើររបស់កម្ពុជាចំពោះតួនាទីជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គាម លើកទី៣២ និងអាស៊ានប៉ារីហ្គេម លើកទី១២ នេះផងដែរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN




















