រដ្ឋធានីសេអ៊ូល៖ ក្រុងតូក្យូ និង សេអ៊ូល ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីបូព៌ា ប៉ុន្ដែប្រទេសជិតខាងទាំង២នេះ បានកើតជម្លោះដ៏តានតឹងជាមួយគ្នា អស់រយៈពេលជាយូរមកហើយ ជុំវិញជម្លោះជាប្រវត្ដិសាស្រ្ដ ក្រោយពេលជប៉ុន បានលើកកងទ័ព ចូលកាន់កាប់ឧបទ្វីបកូរ៉េ ចន្លោះពីឆ្នាំ១៩១០-១៩៤៥ ហើយឥឡូវនេះ នាយករដ្ឋមន្រ្ដី លោក ហ៊្វូមីអូ គីស៊ីដា បានសុំទោសជាថ្មី ដល់ប្រជាជាតិកូរ៉េ ដើម្បីរឹតចំណងទំនាក់ទំនងឡើងវិញ ចំពេលមានការព្រួយបារម្ភយ៉ាងខ្លាំង លើបញ្ហាសន្ដិសុខ ជុំវិញការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើង និង ការប្រកួតប្រជែង ពីប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣ ថា លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន កាលពីថ្ងៃអាទិត្យ បានប្រាប់ដល់ប្រជាជាតិកូរ៉េ អំពីបេះដូងឈឺចាប់របស់គាត់ ខណៈគាត់គិតពីការរងគ្រោះ និង ការឈឺចាប់ នៅក្នុងអំឡុងពេលគ្រប់គ្រង ដោយរបបអាណានិគមរបស់ជប៉ុន។ ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដី បានកើតឡើង ចំពេលប្រទេសទាំង២ កើតមានជម្លោះប្រវត្តិសាស្ត្រ រហូតធ្វើឱ្យទំនាក់ទំនង រវាងសម្ពន្ធមិត្តទាំង២របស់សហរដ្ឋអាមេរិក មានភាពជូរចត់នឹងគ្នាយ៉ាងខ្លាំង។
លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានធ្វើដំណើរទៅបំពេញទស្សនកិច្ចជាលើកដំបូង នៅក្នុងរដ្ឋធានីសេអ៊ូល ហើយគាត់ក្លាយជាមេដឹកនាំជប៉ុន លើកទី១ បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រោយពេលលោក យូន ស៊ូកយូល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើដំណើរទៅកាន់ប្រទេជប៉ុន កាលពីអំឡុងខែមីនា។ មេដឹកនាំជាសម្ពន្ធមិត្តទាំង២របស់សហរដ្ឋអាមេរិក កំពុងតែស្វះស្វែងការបិទបញ្ចប់នូវរឿងរ៉ាវជម្លោះប្រវត្តិសាស្ត្រ នៃការគ្រប់គ្រងអាណានិគមរបស់ជប៉ុន នៅលើទឹកដីកូរ៉េ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយនឹងប្រធានាធិបតី យូន នោះ លោកនាយករដ្ឋមន្រ្ដី គីស៊ីដា បានសម្ដែងការសុំទោសជាផ្លូវការថ្មី សម្រាប់កំហុសឆ្គងដែលជប៉ុន បានប្រព្រឹត្ត នៅក្នុងការកាន់កាប់ នៅលើឧបទ្វីកូរ៉េ ចន្លោះពីឆ្នាំ១៩១០-១៩៤៥។ ប៉ុន្តែលោកនាយករដ្ឋមន្រ្ដី បាននិយាយ ថា រដ្ឋាភិបាលរបស់គាត់ បានទទួលមរតក នៃជំហររបស់រដ្ឋបាលមុនៗ ខណៈទង្វើមួយចំនួន បានចេញនូវការសុំទោស។
លោកនាយករដ្ឋមន្រ្ដី គីស៊ីដា បានសង្កត់ធ្ងន់ ថា «សម្រាប់ខ្លួនខ្ញុំផ្ទាល់ បេះដូងរបស់ខ្ញុំ មានការឈឺចាប់ ខណៈខ្ញុំគិត អំពីមនុស្សជាច្រើន បានហែលឆ្លងកាត់នូវការស៊ូទ្រាំនឹងទុក្ខវេទនា និងទុក្ខព្រួយដ៏ក្រៀមក្រំ ក្រោមកាលៈទេសៈដ៏លំបាក នាពេលនោះ»។
ជាមួយគ្នានេះ លោកប្រធានាធិបតី យូន បានបញ្ជាក់ ថា បញ្ហាប្រវត្តិសាស្ត្រដែលមិនទាន់ដោះស្រាយរួចរាល់ ក៏មិនមែនមានន័យថា គ្មានដំណើរឆ្ពោះទៅមុខ អាចបង្កើតទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅនោះដែរ។

មន្ត្រីជាន់ខ្ពស់មួយរូប នៃការិយាល័យរបស់លោកប្រធានាធិបតី យូន បាននិយាយថា ការធ្វើអត្ថាធិប្បាយរបស់របស់លោកនាយករដ្ឋមន្រ្ដី គីស៊ីដា មិនមែនជាការរៀបចំទុកជាមុននោះទេ ហើយលោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានអរគុណគាត់ សម្រាប់ការបង្ហាញនូវគោលជំហរដោយស្មោះរបស់គាត់ បើទោះជាមិនមានសំណើបែបនេះយ៉ាងណាក្ដី ហើយគាត់បាននិយាយថា ទំនាក់ទំនងដ៏ល្អប្រសើរនេះ នឹងមានប្រយោជន៍យ៉ាងច្រើន សម្រាប់កិច្ចសហប្រតិបត្តិការ រវាងជប៉ុន និង កូរ៉េខាងត្បូង នាពេលអនាគត។
មេដឹកនាំ នៃប្រទេសទាំង២ បានសន្យាបង្កើននូវកិច្ចសហប្រតិបត្ដិការ ឲ្យកាន់តែល្អប្រសើរឡើង ហើយក៏ទទួលបាននូវការស្វាគមន៍ ពីសហរដ្ឋអាមេរិក ផងដែរ។ សកម្មភាពបែបនេះ នឹងក្លាយជាការរឹងចំណងដ៏ល្អបំផុត សម្រាប់ការប្រឈមមុខនឹងការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើង និង ការប្រកួតប្រជែងរបស់ចិន។
លោកប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែង នៅក្នុងការបើកកិច្ចប្រជុំកំពូលនេះ ថា «កិច្ចសហប្រតិបត្តិការ និង ការសម្របសម្រួល រវាងកូរ៉េខាងត្បូង និង ជប៉ុន មានសារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែសម្រាប់ផលប្រយោជន៍រួបរួមគ្នា រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្រាប់សន្តិភាព និង វិបុលភាពរបស់ពិភពលោកផងដែរ»៕ រក្សាសិទ្ធដោយ ៖ សារាយSN











