Monday, February 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ កសាងអនុស្សាវរីយ៍ល្អៗក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ទុកជាប្រវត្តិសាស្រ្ត

ក្នុងទំព័រ Facebook របស់ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ លោកបានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្រុមយុវវវ័យ ថា ស្នាមញញឹមក្នុងភាពសប្បាយរីករាយ និងជាអនុស្សាវរីយ៍ដែលយើងរកបានដោយកម្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នេះ គឺពិតជាប្រសើរជាងស្នាមខឹងដែលយើងបន្សល់ទុកងំក្នុងបេះដូងយូរអង្វែង។

អ្នកតំណាងរាស្ត្រ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ទង្វើដែលមិនគួរឲ្យកើតមាន គឺការបង្កអរិភាពនឹងគ្នា, ឈ្នះ ឬ ចាញ់ ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជា មិនថា ជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗ ខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើងបែបនេះ ជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថា ការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ។

យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះ នឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

កម្ពុជាយើងបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់ ដូច្នេះប្រជាពលរដ្ឋយើងទាំងអស់ ត្រូវរួមគ្នាធ្វើល្អដើម្បីជាមោទនភាពជាតិយើងទាំងមូល។

ដូច្នេះយើងម្នាក់ដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ល្អឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង។ ការកសាងកេរ្ដិ៍ឈ្មោះល្អឆ្ពោះទៅអភិវឌ្ឍន៍រុងរឿង វាពិបាកកសាង និងធ្វើឡើងដោយប្រើពេលវេលាយូរអង្វែងណាស់ ប៉ុន្តែការបំផ្លាញ និងធ្វើឲ្យខូចកេរ្ដិ៍ឈ្មោះវិញនោះ គឺអាចក្នុងរយៈពេលតែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ ដូច្នេះបងប្អូនខ្មែរយើងទាំងអស់ ត្រូវរួមគ្នាដើម្បីកសាងវប្បធម៌ល្អរបស់ជាតិទាំងមូល៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×