ភ្នំពេញៈ គិតចាប់ពីថ្ងៃទី២៤ ខែ មេសា ដល់ត្រឹមម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ គឺមានគណបក្សចំនួន ២០ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។ ក្នុងចំណោមគណបក្សនយោបាយទាំង ២០ គឺមានគណបក្សចំនួន ១១ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន ៩ទៀត គ.ជ.ប កំពុងពិនិត្យ។

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃបិទបញ្ចប់ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា ការបរិច្ឆេទការទទួលការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ខែ មេសា រហូតថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។ ហើយនៅថ្ងៃទី៨ ឧសភា វេលាម៉ោង ៥និង៣០នាទី គឺជាការបរិច្ឆេទ និងពេលវេលា នៃការបិទការទទួលការស្នើសុំចុះឈ្មោះគណបក្សនយោបាយ និងការដាក់បេក្ខជន គឺក្នុងនោះ គ.ជ.ប បានទទួលគណបក្សនយោបាយចំនួន ២០ ដែលគណបក្សនយោបាយខ្លះបានស្នើសុំដាក់បេក្ខជន និងចុះបញ្ជីគណបក្សប្រកួតប្រជែងពេញលេញចំនួន ១៤គណបក្ស
និងគណបក្សនយោបាយដែលបានដាក់បញ្ជីបេក្ខជនមិនពេញលេញនោះ គឺមានចំនួន ១១គណបក្ស។ ពាក្យថា មិនពេញលេញ មានន័យថា សំដៅលើ ២៥ រាជធានី ខេត្ត ដែលជាមណ្ឌលបោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ក្នុងចំណោមគណបក្សនយោបាយដែលបានស្នើសុំចុះបញ្ជីទាំង ២០ នោះមានគណបក្សចំនួន ១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការមានដូចជា៖
១. គណបក្សប្រជាជនកម្ពុជា
២. គណបក្សយុវជនកម្ពុជា
៣. គណបក្សខ្មែររួបរួមជាតិ
៤. គណបក្សធម្មាធិបតេយ្យ
៥. គណបក្សកម្លាំងប្រជាធិបតេយ្យ
៦. គណបក្សសញ្ជាតិកម្ពុជា
៧. គណបក្សខ្មែរតែមួយ
៨. គណបក្សខ្មែរអភិរក្ស
៩. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
១០. គណបក្សបំណងពលរដ្ឋ
១១. គណបក្សហ៊្វុនស៊ិនប៉ិច
លោកបានបន្តថា ចំណែកគណបក្សនយោបាយចំនួន ៩ ដែល គ.ជ.ប កំពុងពិនិត្យមានដូចជាៈ
១. គណបក្សឯកភាពជាតិខ្មែរ
២. គណបក្សស្ត្រីដើម្បីស្ត្រី
៣. គណបក្សខ្មែរឈប់ក្រ
៤. គណបក្សភ្លើងទៀន
៥. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៦. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៧. គណបក្សជនជាតិដើមប្រជាធិបតេយ្យ
៨. គណបក្សមហាសាមគ្គីជាតិខ្មែរ
៩. គណបក្សកសិករ
សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕ រក្សាសិទ្ធដោយៈចេស្តារ




















