រាជធានីអូតតាវ៉ា(Ottawa)៖ ស្របពេលទំនាក់ទំនងការទូត រវាងកាណាដា និង ចិន កំពុងតែតានតឹងស្រាប់ផង ស្រាប់តែពេលនេះ ក្រុងអូតតាវ៉ា បានបណ្ដេញអ្នកការទូតរបស់ក្រុងប៉េកាំង ចេញពីប្រទេសរបស់ខ្លួន ហើយសកម្មភាពភាពបែបនេះ កាន់តែធ្វើចំណងទំនាក់ទំនងរវាងប្រទេសមហាយក្សទាំង២នេះ កាន់តែអាក្រក់ឡើងបន្ថែមទៀត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ ថា កាណាដា កំពុងតែបណ្ដេញអ្នកការទូតរបស់ចិន មួយរូប ចេញពីប្រទេស ក្រោយពេលលោក ហ្សាវ វ៉ី (Zhao Wei) បានរងនូវការចោប្រកាន់ ថា ជាចារកម្មរបស់ចិន ហើយមានការជាប់ពាក់ព័ន្ធនឹងការបំភិតបំភ័យ ដល់សមាជិកសភា មកពីគណបក្សប្រឆាំង នៅក្នុងប្រទេសកាណាដា ដែលបានរិះគន់ដល់រដ្ឋាភិបាលក្រុងប៉េកាំង។
លោកស្រី មេឡានី ចូលី (Melanie Joly) រដ្ឋមន្រ្ដី ក្រសួងការបរទេសកាណាដា បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ថា រដ្ឋាភិបាលកាណាដា បានកំណត់លើលោក ហ្សាវ វ៉ី អ្នកការទូតមានមូលដ្ឋាន នៅទីក្រុងតូរ៉ុនតូ (Toronto) ថា ជា បុគ្គលមិនគួរឲ្យគោរព»។

លោកស្រី ប្រមុខការទូតកាណាដា បានសង្កត់ធ្ងន់ ថា «“ខ្ញុំមានភាពប្រាកដនៅក្នុងចិត្តហើយថា យើងនឹងមិនអត់ឱនឲ្យ ចំពោះទម្រង់ណាមួយ សម្រាប់ការជ្រៀតជ្រែក មកពីបរទេស ចូលនៅក្នុងកិច្ចការផ្ទៃក្នុងរបស់យើង។ អ្នកការទូតទាំងឡាយ នៅក្នុងប្រទេសកាណាដា ត្រូវបានព្រមាន ថា ប្រសិនបើពួកគេមានការជាប់ពាក់ព័ន្ធនឹងអាកប្បកិរិយាបែបនេះ ពួកគេនឹងត្រូវបញ្ជូនទៅកាន់ប្រទេសរបស់ពួកគេវិញ»។
ដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំង បានច្រានចោលរាល់ការចោទប្រកាន់ទាំងនេះ ហើយចិន បានអះអាង កាលពីសប្ដាហ៍មុន ថា មិនមានផលប្រយោជន៍អ្វី នៅក្នុងការជ្រៀតជ្រែកចូល នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកាណាដា នោះឡើយ។

ស្ថានទូតចិន នៅក្នុងរាជធានីអូតតាវ៉ា កាលពីថ្ងៃចន្ទ បានចេញនូវសេចក្ដីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួន ដោយបានថ្កោលទោស ចំពោះការបណ្តេញអ្នកការទូតរបស់ខ្លួន។ ស្របគ្នានេះដែរ ក្រុងប៉េកាំង ក៏បានបញ្ជាក់ អំពីគោលជំហររបស់ខ្លួន ថា ចិនមិនដែលជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកាណាដា នោះទេ។ ស្ថានទូតចិន បានដាក់ពាក្យបណ្តឹងជាផ្លូវការ ជាមួយរដ្ឋាភិបាលចិន។
សេចក្ដីថ្លែងការណ៍ដដែលនោះ បានព្រមាន ថា «ចិន នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ប្រសិនបើភាគីកាណាដា ធ្វើដោយខ្វះការប្រុងប្រយ័ត្ន ហើយក្រុងប៉េកាំង នឹងធ្វើតបតវិញ ដោយការបង្ខំចិត្ត»។
រដ្ឋាភិបាលរបស់លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្រ្ដីកាណាដា បានរងសម្ពាធ លើការចាត់វិធានការ ក្រោយពេលសារព័ត៌មាន The Globe និង Mail បានរាយការណ៍កាលពីដើមខែឧសភា ថា ចិន បានស្វះស្វែងរកព័ត៌មានផ្សេងៗ ពីសាច់ញាតិណាមួយរបស់តំណាងរាស្ដ្ររបស់កាណាដា ដែលអាចស្ថិតក្នុងព្រំដែនរបស់ខ្លួន។

សារព័ត៌មានដដែលនោះ បានដកស្រង់ប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កាណាដា (CSIS) យកមកចុះផ្សាយ ថា សកម្មភាពបែបនេះ ទំនងជាចូលរួមដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើជាឧទាហរណ៍ និង រារាំងដល់សមាជិកសភារបស់កាណាដាផ្សេងៗទៀត អំពីការទទួលយកតួនាទី ប្រឆាំងនឹងប្រទេសចិ។
ស្របពេលសេចក្ដីរាយការណ៍របស់ទីភា្នក់ងារចារកម្មកាណាដា មិនបានបញ្ជាក់ឈ្មោះតំណាងរាស្រ្ដនោះ សារព័ត៌មាន The Globe បានរាយការណ៍ ថា ប្រភពពីសន្ដិសុខជាតិកាណាដា បានកំណត់អត្ដសញ្ញាណ លើអ្នកនយោបាយដែលបានកំណត់គោលដៅ ដូចជា លោក ម៉ៃឃើល ឆុង (Michael Chong) ជាសមាជិកសភា មកពីគណបក្សអភិរក្សរបស់កាណាដា ដែលជាគណបក្សប្រឆាំង។
ចិន បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងលោក ម៉ៃឃើល ឆុង នៅក្នុងឆ្នាំ២០២១ ក្រោយពេលគាត់បានដឹកនាំចលនាសភារបស់កាណាដា ថ្កោលទោសនូវការប្រព្រឹត្តរបស់ក្រុងប៉េកាំង ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ (Uighur) នៅក្នុងប្រទេសចិន ថា ជាអំពើប្រល័យពូជសាសន៍។ ប៉ុន្ដែការចោទប្រកាន់ទាំងនេះ ត្រូវបានរដ្ឋាភិបាលចិន ច្រានចោល អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

លោក ម៉ៃឃើល ឆុង (Michael Chong) បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា «យើងបានដឹង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ថា សាធារណរដ្ឋប្រជាមានិតចិន កំពុងតែប្រើប្រាស់អ្នកការទូតរបស់ខ្លួន នៅក្នុងប្រទេសកាណាដា ដើម្បីកំណត់គោលដៅលើជនជាតិកាណាដា និង ក្រុមគ្រួសាររបស់ពួកគេ។ ខ្ញុំសង្ឃឹម ថា សកម្មភាពបែបនេះ បានបញ្ជាក់យ៉ាងច្បាស់ ថា មិនមែនមានត្រឹមតែចិន ប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែរដ្ឋាភិបាលផ្តាច់ការផ្សេងៗទៀត ក៏នឹងមានតំណាងរបស់ពួកគេ នៅក្នុងប្រទេសកាណាដា ផងដែរ។ ការឆ្លងកាត់ខ្សែបន្ទាត់ការទូត នៅក្នុងសកម្មភាពគំរាមកំហែង ការជ្រៀតជ្រែកមកពីបរទេស គឺមិនអាចទទួលយកបានជាដាច់ខាត នៅលើទឹកដីរបស់កាណាដា»៕រក្សាសិទ្ធដោយ ៖ សារាយSN














