រដ្ឋធានីកៀវ៖ កងកម្លាំងទាហានស៊ីឈ្នួល Wagner Group បានដឹកនាំការវាយប្រយុទ្ធ នៅក្នុងការដណ្ដើមកាន់កាប់ទីក្រុងបាកមូត នាភាគខាងកើត ប្រទេសអ៊ុយក្រែន ដោយកំណត់ផែនការ រឹបអូសយក យ៉ាងយូរនៅត្រឹមថ្ងៃទី៣០ ខែមីនា ប៉ុន្ដែរហូតមកដល់ពេលនេះ ក៏នៅតែមិនអាចគ្រប់គ្រងទីក្រុងដ៏តូចមួយនេះទាំងស្រុង ហើយចុងក្រោមមេបញ្ជាការកំពូលរបស់កម្លាំងប្រដាប់អាវុធឯកជនមួយនេះ បែរជាកោតសរសើរដល់កងទ័ពការពារទឹកដីរបស់ក្រុងកៀវ អាចទប់ទល់នឹងកម្លាំងយោធារបស់ប្រទេសមហាអំណាចបាន។

សារព័ត៌មាន Newsweek បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បានបញ្ចេញសារជាវីដេអូ នៅតាមបណ្ដាញតេឡេក្រាម ដោយបានកោតសរសើរ ដល់កងទ័ពរបស់អ៊ុយក្រែន ការពារទីក្រុងបាកមូត។ ការកោតសរសើររបស់ថៅកែ ក្រុមហ៊ុនទាហានឯកជន រូបនេះ បានកើតឡើង ចំពេលគាត់បានព្រមានដល់ក្រុងមូស្គូ អំពីការដកកងម្លាំងរបស់គាត់ ចេញពីទីក្រុងមួយនេះ ដោយសារតែកង្វះខាតនូវការផ្គត់ផ្គង់គ្រាប់រំសេវ។
នៅក្នុងឃ្លីបវីដេអូនោះ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានបញ្ជាក់ ថា គាត់កំពុងតែឈរនៅមុខទីក្រុងដូណែត (Donetsk) ដែលជាសមរភូមិវាយប្រយុទ្ធគ្នាយ៉ាងក្ដៅបំផុត រវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន អស់រយៈពេលជាច្រើនខែកន្លងមកនេះ ខណៈគាត់បានជំរុញឲ្យវាយដណ្ដើមកាន់កាប់ទីក្រុងបាកមូត។ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី រូបនេះ បានបន្ដ ថា អ៊ុយក្រែន កំពុងតែបង្ហាញកងទ័ព ចំនួន៦០០នាក់ នៅក្នុងមួយថ្ងៃៗ ដែលចំនួននេះ ស្មើគ្នានឹងចំនួនមនុស្ស ត្រូវបានសម្លាប់ជាប្រចាំថ្ងៃ»។

សារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass បានដកស្រង់សម្ដីរបស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន អះអាង ថា «គាត់បានថ្កោលទោសដល់ក្រសួងការពារជាតិរុស្ស៊ី ជាដដែលៗ ថា មិនបានផ្គត់ផ្គង់គ្រាប់រំសេវឲ្យបានគ្រប់គ្រាន់ តាមអ្វីដែលកងកម្លាំងរបស់គាត់ចង់បាន ហើយថែមទាំងគំរាមដកទ័ព ចេញពីសមរភូមិ នៅទីក្រុងបាកមូត»។
ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group រូបនេះ បានបន្ដ ថា «រថពាសដែកផលិតនៅបរទេស និង យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនមួយចំនួនធំ បានបង្ហាញខ្លួន។ សកម្មភាពបែបនេះ កំពុងតែបង្ហាញ ថា កម្លាំងរបស់សត្រូវបានបំពាក់ ដោយគ្រឿងសព្វាវុធយ៉ាងល្អ មានការហ្វឹកហាត់ត្រឹមត្រូវ ហើយធ្វើសកម្មភាពព្រមគ្នា និងទប់ទល់ដោយសេចក្តីថ្លៃថ្នូរ។ ដូច្នេះយើងបន្តសកម្មភាពទៅមុខ អ្វីៗទាំងអស់កំពុងតែឆាបឆេះ ដោយការបាញ់កាំភ្លើងធំ ឥតឈប់ឈរ ចាប់តាំងពីព្រឹករហូតដល់យប់។

ស្របគ្នានេះដែរ កងទ័ពអ៊ុយក្រែន បានចែករំលែកនូវឃ្លីបវីដេអូ នៅលើបណ្ដាញសង្គម ថា ពួកគេ បានអះអាង ដោយបានបង្ហាញ អំពីការប្រើប្រាស់អាវុធផូស្វ័ររបស់កងកម្លាំងរុស្ស៊ី នៅទីក្រុងបាកមូត ដែលនាំឱ្យមានការថ្កោលទោសយ៉ាងខ្លាំង។
ការព្រមានរបស់ថៅកែ ក្រុមហ៊ុនទាហានឯកជនមួយនេះ បានជំរុញឲ្យក្រុងមូស្គូ សន្យា ថា នឹងបំពាក់គ្រឿងសព្វាវុធ ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ហើយរដ្ឋាភិបាលរុស្ស៊ី បានស្នើឲ្យពួកគេ នៅតែបន្តវាយលុក តាមអ្វីដែលវិមានក្រឹមឡាំង មើលឃើញ ថា វាជាការបោះជំហាន ឆ្ពោះទៅរកការវាយដណ្ដើម កាន់កាប់ទីក្រុងផ្សេងៗទៀត នៅក្នុងតំបន់ដូនបាស (Donbas)។

ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរូបនេះ បានបង្ហោះជាសារសំឡេង នៅលើបណ្ដាញតេឡេក្រាម កាលពីថ្ងៃអាទិត្យ ថា «ក្រុងមូស្គូ បានសន្យា ថា នឹងផ្គង់គ្រាប់រំសេវ និងសព្វាវុធជាច្រើនបន្ថែមទៀត ដល់ពួកយើង តាមអ្វីដែលយើងត្រូវការ សម្រាប់ប្រតិបត្តិការបន្ដទៀត។ រដ្ឋាភិបាលបានសន្យា ថា អ្វីគ្រប់យ៉ាងដែលយើងត្រូវការ សម្រាប់ការការពារពីសត្រូវ ចូលមកកាត់ក្បាលរបស់ពួកយើង គឺការផ្គត់ផ្គង់គ្រឿងសព្វាវុធ នឹងត្រូវបង្កើន»៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី















