ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោហ៊ុន សែន នឹងជួបពិភាក្សាជាមួយមេដឹកនាំមួយចំនួន នៅឯកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីបញ្ហាសាកល និងបរិយាប័ន្នសហគមន៍អាស៊ាន !

ភ្នំពេញ ៖ បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឆ្នាំ២០២៣ ដែលប្រទេសឥណ្ឌូនេស៊ី ជាប្រធាន និងរៀបចំធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងក្រោមមូលបទ «សារៈសំខាន់ អាស៊ាន ÷ ស្នូលនៃកំណើន» នឹង ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១០ ដល់ ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣ ម៉ោង៧:៥០នាទី ឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលខាងលើនេះ។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានឱ្យដឹងផងដែរថា ថ្នាក់ដឹក នាំ អាស៊ាន នឹងពិភាក្សាអំពីវិធីសាស្រ្ត និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះ នៃការ កសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការ ព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យ របស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាព ធន់។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញអំពីកម្មវិធីរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវជួបពិភាក្សាជាមួយឥស្សរជន និងមេដឹកនាំកំពូលនៃបណ្ដាប្រទេសមួយចំនួននៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធលើកនេះ រួមមាន នឹងទទួលជួប លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និង លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ដែលជាសមាជិកទី១១ របស់អាស៊ាន និងជាការចូលរួមដំបូង។

ក្នុងកិច្ចប្រជុំកំពូលនេះ អាស៊ាននឹងពិនិត្យជុំវិញសមិទ្ធផលដែលអាស៊ានសម្រេចបាននាពេលកន្លងមក និងការងារទំនាក់ទំនងជាមួយនឹងប្រទេសខាងក្រៅ ក្នុងពេលដែលសភាពការណ៍ក្នុងតំបន់ និងពិភពលោកមានការប្រែប្រួលច្រើន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា ជាពិសេសសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចជាសាកល។

ជាបន្តបន្ទាប់ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំនានា ដូចជា កិច្ចប្រជុំជាមួយអន្តរសភាអាស៊ាន (អាយប៉ា) , ជាមួយយុវជនអាស៊ាន និងកិច្ចប្រជុំជាមួយនឹងស្ថាប័នមួយចំនួនទៀត, និងពិនិត្យមើលលើការអនុវត្តកិច្ខព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចរបស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម