Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូហូ! ឡៃហ្វ៍ផ្ទាល់តែ ១ដង បានលុយច្រើនស្មើនឹងប្រាក់ខែធ្វើការ ១០ឆ្នាំ

អ្នកគ្រូមត្តេយ្យរូបស្អាតជនជាតិចិនម្នាក់ បានក្លាយជាជនល្បីឈ្មោះនៅក្នុងបណ្ដាញសង្គមភ្លាមៗ និងសម្រេចចិត្តសុំឈប់ធ្វើការ ក្រោយពីសាកល្បងឡៃហ្វ៍ផ្ទាល់លើកទី១ ហើយបានលុយច្រើនជាងប្រាក់ខែដល់ទៅ ១០ឆ្នាំ។

អ្នកគ្រូសាលាមត្តេយ្យម្នាក់នៅក្នុងប្រទេសចិន បានក្លាយជាជនល្បីឈ្មោះនៅក្នុងពិភពអ៊ីនធើណិត ក្រោយពីបានផូស្តឃ្លីបវីដេអូបង្រៀនក្មេងតូចៗច្រៀងបទបំពេកូននៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Douyin (TikTok របស់ប្រទេសចិន) និងមានចំនួនចូលទស្សនាជាង ១០០លានដង។

នាងបានទាក់ទាញហ្វ៊ែនៗទាំងឡាយដោយផ្ទៃមុខដ៏ស្រស់ស្អាត និងអាកប្បកិរិយាដ៏គួរឱ្យស្រឡាញ់របស់នាង ហើយក្នុងអំឡុងពេលដ៏ខ្លី នាងក៏មានអ្នកតាមដានចូលមើលច្រើនជាង ៤លាននាក់ និងក្រោយពីមានការជំរុញយ៉ាងខ្លាំងក្លាពីសំណាក់ហ្វ៊ែនៗផងនោះ ទីបំផុត នាងក៏បានស្ទ្រីមផ្ទាល់ជាលើកដំបូង។

ហ្វ៊ែនៗរាប់ម៉ឺននាក់ បាននាំគ្នាសម្រុកចូលមើលក្នុងឆានែលរបស់នាង និងរៀងរាល់វិនាទី តែងមានអ្នកផ្ញើកាដូឱ្យមិនដាច់រយៈ។ គេនិយាយថា នាងទទួលបានប្រាក់ចំណូល ប្រមាណជា ៤០០ ០០០ – ៥០០ ០០០យន់ ឬប្រមាណ ៦ – ៧ម៉ឺនដុល្លារ តាមរយៈការស្ទ្រីមត្រឹមតែម្ដងគត់។

ដោយសារតែប្រាក់ខែក្នុងអាជីពជាអ្នកគ្រូមត្តេយ្យនៅទីក្រុងវូហាន់ ស្ថិតក្នុងចំនួនប្រមាណជា ៣ ០០០យន់ ឬប្រមាណ ៤០០ដុល្លារនោះ ធ្វើឱ្យគេដឹងថា ប្រាក់ចំណូលដែលទទួលបានពីការឡៃហ្វ៍ផ្ទាល់នោះ ស្មើនឹងប្រាក់ខែរបស់នាង ១០ឆ្នាំឯណោះ។

បន្ទាប់ពីនោះ នាងក៏សុំឈប់ពីការងារ និងសម្រេចចិត្តប្រកបអាជីពខាងផ្នែកស្ទ្រីមផ្ទាល់ ដោយក្នុងអំឡុង ៣ស្ទ្រីមដំបូងរបស់នាង នាងអាចរកប្រាក់ចំណូលបានប្រមាណ ២លានយន់ ឬប្រមាណជាជាង ១០ម៉ឺនដុល្លារ។

តែអ្នកលេងបណ្ដាញសង្គមជាច្រើន បានបង្ហាញពីក្ដីកង្វល់ពាក់ព័ន្ធនឹងអ្វីដែលនាងបានសម្រចចិត្តនេះ ព្រោះថា នៅក្នុងពិភពអ៊ីនធើណិត គ្មានភាពពិតប្រាកដឡើយ នៅពេលណាចរន្តនៃភាពល្បីល្បាញរបស់នាងថយចុះ វាអាចនឹងសាងបញ្ហាចំពោះនាងនាពេលអនាគតបាន៕

×