រូបភាពប៉ុន្មានសន្លឹក បង្ហាញប្អូនស្រី បូ សំណាង កីឡាការិនីរត់ប្រណាំងជម្រើសជាតិកម្ពុជា ក្នុងវគ្គដណ្តើមមេដាយមាស បានព្យាយាមរត់ចម្ងាយផ្លូវ ៥ គីឡូម៉ែត្រ ទាំងមេឃភ្លៀង ខ្យល់ផ្គររន្ទះ ដោយនាងមិនឈប់ឡើយ ទោះចាញ់គេច្រើនជុំក៏ដោយ ក៏នាងនៅតែតស៊ូរហូតដល់ទី បានកំពុងតែអង្រួនចិត្តមហាជនជនរួមជាតិ និងប្រជាជាតិក្នុងតំបន់អាស៊ី ជាពិសេសកាសែតធំៗរបស់ថៃ និងវៀតណាម ចាប់អារម្មណ៍ចុះផ្សាយព្រោងព្រាត។
បើតាមប្រភពម្ចាស់រូបភាព បានឲ្យបង្ហោះឲ្យដឹងថា «ខ្ញុំបានឃើញនាងតាំងពីពេលមេឃកំពុងចាប់ផ្តើមភ្លៀង ជាមួយខ្យល់ ផ្គររន្ទះ ប៉ុន្តែ នាងមិនឈប់ទេ ដោយនៅបន្តរត់រហូតភ្លៀងធ្លាក់ខ្លាំង ប្រហែល ៧ នាទី បន្ទាប់ពីអត្តពលិកផ្សេងទៀតនៅក្នុងជួរ។ តែពិតជាគួរឲ្យសរសើរ ដែលនាងបន្តរត់រហូតដល់ទីបញ្ចប់ បើទោះជានាងជាអ្នកចុងក្រោយគេក៏ដោយ។ នៅចុងបញ្ចប់នៃផ្លូវ ៥០០០ ម៉ែត្រ ជាមួយនឹងពេលវេលា 22.54.220 នាទី នាងអាចធ្វើបាន ខណៈស្នូរទះដៃលើកទឹកចិត្តបានបន្លឺឡើង ពីអ្នកគាំទ្រដែលកំពុងអង្គុយទស្សនា និងអ្នកឈរនៅចំហៀងផ្លូវ ដើម្បីអបអរសាទរ នៅពេលនាងឆ្លងកាត់គោលដៅ។
វាជាថ្ងៃដែលខ្ញុំឃើញមនុស្សយំ ដោយមិនបានឃើញទឹកភ្នែក ប៉ុន្តែមើលទៅ ខ្ញុំមានអារម្មណ៍ដឹងគុណជាខ្លាំង ហើយអរសប្បាយជាមួយគាត់ រហូតដល់ខ្ញុំត្រូវយកកាមេរ៉ាមកថត…។ ខ្ញុំមិនដឹងមូលហេតុពិតដែលនាងយំទេ ប៉ុន្តែ ជឿថា នាងប្រហែលរំភើបចិត្ត និងសោកស្តាយខ្លាំង ដែលមិនអាចធ្វើបានជូនជាតិរបស់នាង។
តែយ៉ាងណា ក្រោយបានឃើញពីការតស៊ូរបស់កីឡាការិនី ប៊ូ សំណាង បានធ្វើឲ្យមហាជនជាច្រើន បង្ហាញក្តីអាណិតអាសូរ និងអរគុណយ៉ាងខ្លាំង ចំពោះការលះបង់របស់នាង ព្រោះតែដើម្បីមុខមាត់ជាតិ។ ក្នុងនោះ បងប្អូនខ្មែរយើងជាអ្នកប្រើប្រាស់បណ្តាញសង្គម បានចូលខមិនកោតសរសើរ និងលើកទឹកចិត្តដល់នាងយ៉ាងដូច្នេះថា៖ «សូមសរសើរទឹកចិត្តប្អូនពិតជាមានភាពតស៊ូណាស់, អរគុណសំរាប់ការលះបង់សំរាប់កម្ពុជា ទោះជាអ្នកមិនដណ្តើមបានជ័យជំនះជូនកម្ពុជា តែអ្នកឆក់យកបេះដូងប្រជាជនកម្ពុជារាប់លាននាក់ ឲ្យស្រក់ទឹកភ្នែកតាម, បងគាំទ្រប្អូនស្រីពេញបេះដូង មិនថាប្អូនស្រីចាញ់ ឬឈ្នះ បងនៅតែស្រឡាញ់ប្អូនស្រីជានិច្ច ស៊ូៗណាប្អូនស្រី,… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












