រដ្ឋធានីកៀវ៖ ការបោះបង់ទីតាំងឈរជើងជាច្រើនកន្លែង នៅជិតទីក្រុងបាកមូត ដែលជាសមរភូមិក្ដៅ វាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម រវាងកងទ័ពក្រុងកៀវ និង កម្លាំងទាហានក្រុងមូស្គូ អស់រយៈពេលជាច្រើនខែកន្លងមកនេះ បានធ្វើឲ្យថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ខឹងសម្បា និង វាយប្រហារដោយពាក្យសម្ដីធ្ងន់ ទៅលើប្រមុខការពារជាតិរបស់រុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីល្ងាច ថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group និង ជាមនុស្សជំនិតមួយរូបរបស់លោកប្រធានាធិបតី ពូទីន បានចោទប្រកាន់ដល់កងកម្លាំងទាហានរុស្ស៊ី អំពីការរត់ចោលទីតាំងឈរជើងជាច្រើនកន្លែង នៅជិតទីក្រុងបាកមូត នាភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ នេះជាការវាយប្រហារ ដោយពាក្យសម្ដីដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងមេដឹកនាំយោធារបស់ក្រុងមូស្គូ។
ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល រូបនេះ បានសង្កត់ធ្ងន់ ថា «ថ្ងៃនេះ អ្វីៗកំពុងតែត្រូវបានធ្វើ ដើម្បីធ្វើឲ្យសមរភូមិជួរមុខ ដួលរលំ។ ថ្ងៃនេះ អង្គភាពយោធាមួយរបស់ក្រសួងការពារជាតិ រុស្ស៊ី បានរត់ចោលពីសមរភូមិមួយផ្នែករបស់យើង ដោយការបោះបង់ចោលទីតាំងឈរជើងរបស់ពួកគេ»។

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន កាលពីប៉ុន្មានថ្ងៃមុននេះ បានគំរាមដកកម្លាំងប្រយុទ្ធរបស់គាត់ ចេញពីទីក្រុងបាកមូត នៅត្រឹមថ្ងៃទី១០ ខែឧសភា ប្រសិនបើគាត់មិនទទួលបានគ្រាប់រំសេវតាមតម្រូវការចាំបាច់របស់ទាហាន Wagner Group សម្រាប់បន្ដការប្រយុទ្ធ។ បើតាមឃ្លីបវីដេអូមួយ ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមតេឡេក្រាម កាលពីថ្ងៃអង្គារ លោក ព្រីហ្គោហ្ស៊ីន បានអះអាង ថា កម្លាំងទាហានរបស់រុស្ស៊ី កំពុងតែរត់ភៀសខ្លួន ចេញពីទីតាំងឈរជើងរបស់ពួកគេ ដោយសារតែមេបញ្ជាការរុស្ស៊ី មានភាពឆោតល្ងង់។
លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group បានវាយប្រហារ ដោយពាក្យសម្ដីធ្ងន់ៗ បន្ដទៀត ថា «ទាហានរុស្ស៊ី មិនគួរស្លាប់ ដោយសារតែមេបញ្ជាការរបស់ពួកគេ ឆោតល្ងង់នោះឡើយ។ បទបញ្ជា ដែលពួកគេទទួលបាន មកពីមេបញ្ជាការកំពូល គឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត»។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅលើល្ងាច ថ្ងៃអង្គារដដែលនោះ ថា កម្លាំងទាហានវាយលុក តាមធម្មតាសម្ដៅទៅលើក្រុមទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group កំពុងតែបន្ដប្រយុទ្ធ នៅតំបន់ភាគខាងលិច ទីក្រុងបាកមូត។ ចំណែកទាហានបារ៉ា បានផ្ដល់ជំនួយ ដល់ការប្រយុទ្ធនេះ។ ប៉ុន្ដែក្រសួងការពារជាតិរុស្ស៊ី មិនបានបញ្ជាក់សម្ដៅទៅលើការចោទប្រកាន់របស់លោក ព្រីហ្គោហ្ស៊ីន ជុំវិញបញ្ហាទាហាន កំពុងតែរត់ចោលទីតាំងឈរជើងរបស់ពួកគេនោះឡើយ។
កម្លាំងទាហានស៊ីឈ្នួល Wagner បានដឹកនាំការប្រយុទ្ធដ៏ខ្លាំងក្លាបំផុត នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅទីក្រុងបាកមូត ដែលមានផ្ទៃដី ទំហំ ៤១,៦គីឡូម៉ែត្រការ៉េ។ ទីក្រុងដ៏តូចរបស់អ៊ុយក្រែន មួយនេះ មានប្រជាជនប្រហែល ៧០ ០០០នាក់ រស់នៅមុនពេលសង្គ្រាមផ្ទុះឡើង ហើយទីនោះបានក្លាយជាសមរភូមិ វាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុត ដោយបានបណ្ដាលឲ្យទាហានរាប់ម៉ឺននាក់ បានស្លាប់ និង រងរបួស។

លោក ព្រីហ្គោហ្ស៊ីន ប្រធានក្រុមហ៊ុនស៊ីឈ្នួលរបស់រុស្ស៊ី បានស្ដីបន្ទោសម្ដងហើយម្ដងទៀត ទៅលើប្រមុខការពារជាតិ និង មេទ័ពកំពូលរបស់រុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ។ សកម្មភាពបែបនេះ ហាក់បីដូចជា កំពុងតែបង្ហាញ អំពីការបែកបាក់ផ្ទៃក្នុង កាន់តែជ្រៅទៅៗ ក្រោយពេលរដ្ឋាភិបាលក្រុងមូស្គូ បានខកខាន បញ្ជូនគ្រាប់រំសេវឲ្យមានចំនួនគ្រប់គ្រាន់ សម្រាប់ក្រុមទាហានស៊ីឈ្នួល Wagner Group បន្ដវាយប្រយុទ្ធ កាន់កាប់ទីក្រុងបាកមូត។
ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា ក្រុងមូស្គូ បានរងបរាជ័យ នៅក្នុងការរឹបអូសទីក្រុងបាកមូត តាមផែនការរបស់លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយបានកំណត់ ថា ត្រូវតែដណ្ដើមកាន់កាប់ទីក្រុងបាកមូត នៅត្រឹមថ្ងៃទី៩ ខែឧសភា ដែលជាទិវាជ័យជម្នះរបស់សូវៀត លើរបបណាហ្ស៊ីអាល្លឺម៉ង់ នៅក្នុងសង្គ្រាមលោកលើកទី២ ហើយរុស្ស៊ី តែងតែប្រាព្ធពិធីនេះឡើង ជារៀងរាល់ឆ្នាំ សម្រាប់ជាថ្ងៃជ័យជម្នះរបស់ខ្លួន៕ រក្សាសិទ្ធដោយ ៖ សារាយSN




















