Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្ដី ប្រកាសចូលស្រុក ធ្វើឲ្យគណបក្សរបស់គាត់សង្ឃឹមឈ្នះឆ្នោត

រាជធានីបាងកក៖ ស្របពេលការបោះឆ្នោតជាតិ នៅក្នុងប្រទេសថៃ កាន់តែខិតចូលមកដល់ នៅត្រឹមតែប៉ុន្មានថ្ងៃខាងមុខនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដីថៃ បានប្រកាស អំពីការវិលត្រឡប់ ចូលមកកាន់ប្រទេសកំណើតរបស់គាត់វិញ បន្ទាប់ពីនិរទេស អស់រយៈពេលជិត១៧ឆ្នាំកន្លងមកនេះ ហើយត្រូវបានក្រុមអ្នករិះគន់ បានអះអាង ថា វាជាការជួយបង្កើនសន្ទុះកម្លាំងគាំទ្រដល់គណបក្សភឿថៃ ដែលមានកូនស្រីបង្កើតរបស់គាត់ កំពុងតែឈរឈ្មោះ ជាបេក្ខភាពនាយករដ្ឋមន្រ្ដី។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ ថា អតីតនាយករដ្ឋមន្រ្ដី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ខណៈកំពុងរស់នៅក្នុងការនិរទេសដោយខ្លួនឯង នៅទីក្រុងឌូបៃ (Dubai) ប្រទេសអារ៉ាប់អេមីរេត (United Arab Emirate) បានបង្ហោះសារជាថ្មី នៅលើបណ្ដាញសង្គធ្វីធើរ កាលពីថ្ងៃអង្គារ ថា គាត់ចង់វិលត្រឡប់មកកាន់ប្រទេសថៃ វិញ នៅក្នុងខែកក្កដា នៅមុនថ្ងៃខួបកំណើតរបស់គាត់ ដើម្បីមើលថែចៅៗរបស់គាត់។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ជាក់ ថា «ជាថ្មីម្ដងទៀត ខ្ញុំគួរតែសុំការអនុញ្ញាត ហើយខ្ញុំបានតាំងចិត្ត ថា នឹងវិលត្រឡប់ មកកាន់ប្រទេសកំណើតវិញ នៅខែកក្កដា នៅមុនថ្ងៃខួបកំណើតរបស់ខ្ញុំ ដើម្បីមើលថែចៅៗរបស់ខ្ញុំ ហើយវាមានរយៈពេលជិត១៧ឆ្នាំកន្លងមកហើយ ចាប់តាំងពីខ្ញុំបានបែកឃ្លាតឆ្ងាយ ចេញពីគ្រួសាររបស់ខ្ញុំ ខណៈឥឡូវនេះខ្ញុំមានវ័យចំណាស់ទៅហើយ»។ សាររបស់លោក ថាក់ស៊ីន បានបញ្ជាក់ជាដដែលៗ អំពីគោលបំណងរបស់គាត់ ចង់វិលត្រឡប់ មកកាន់ប្រទេសកំណើត ជាលើកទី២ ព្រោះនៅថ្ងៃទី២៦ ខែកក្កដា ជាខួបកំណើតរបស់គាត់។

អតីតនាយករដ្ឋមន្រ្ដីថៃ រូបនេះ បានបង្ហោះសារ នៅលើបណ្ដាញសង្គមធ្វីធើ ជាថ្មីទៀត នៅវេលាម៉ោង១០ និង ២៦នាទី ថ្ងៃអង្គារ ថា « កុំបារម្ភ ថា ខ្ញុំនឹងក្លាយជាបន្ទុក សម្រាប់គណបក្សភឿថៃ ខ្ញុំនឹងចូលដំណើរការតាមផ្លូវច្បាប់។ ថ្ងៃ ខ្ញុំវិលត្រឡប់ មកដល់ប្រទេសកំណើតវិញ រដ្ឋាភិបាលចាំផ្ទះរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o –cha) នឹងនៅតែដដែល។ នេះជាការសម្រេចចិត្តរបស់ខ្ញុំ ដោយផ្ទាល់ ព្រោះតែក្តីស្រឡាញ់ និង ការភ្ជាប់មកជាមួយនឹងគ្រួសាររបស់ខ្ញុំ មាតុភូមិរបស់ខ្ញុំ និង ការលើកកម្ពស់របស់យើង»។

លោក ថាក់ស៊ីន នាយករដ្ឋមន្រ្ដីថៃ ត្រូវបានបណ្ដេញ ចេញពីតំណែង ដោយអំពើរដ្ឋប្រហារយោធា។ អតីតនាយករដ្ឋមន្រ្ដី រូបនេះ បានសរសេរ នៅលើបណ្ដាញសង្គម ថា គាត់មានការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារតែកូនស្រីរបស់គាត់ គឺលោកស្រី ផេថុងថា ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ទើបនឹងសម្រាលកូនរួច កាលពីប៉ុន្មានថ្ងៃមុននេះ ហើយទារក ឈ្មោះ ថាស៊ីន (Thasin) នោះ ក៏ជាចៅទី៧របស់គាត់ ផងដែរ ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ជាក់ ថា គាត់នឹងមានវ័យ៧៤ឆ្នាំ នៅខែកក្កដា ហើយគាត់នឹងសុំការអនុញ្ញាត វិលត្រឡប់មកប្រទេសកំណើតវិញ ដើម្បីមើលថែចៅ។ នៅក្នុងចំណោមចៅទាំង៧នាក់នេះ បានចាប់កំណើតមក ក្រោយពេលគាត់បានចាកចេញពីប្រទេស។

ជាមួយគ្នានេះដែរ សារទី២របស់លោក ថាក់ស៊ីន បានកើតឡើង ចំពេលគណបក្សនយោបាយនានា កំពុងតែប្រកួតប្រជែង ស្វែងរកសំឡេគាំទ្រយ៉ាងស្វិតស្វាញ សម្រាប់ការបោះឆ្នោតសកល នៅថ្ងៃទី១៤ ឧសភា នៅក្នុងប្រទេសថៃ។

សារដំបូងរបស់គាត់ បានទាក់ទាញនូវប្រតិកម្មចម្រុះ។ រីឯក្រុមអ្នករិះគន់ បានអះអាង ថា សកម្មភាពចុងក្រោយរបស់លោក ថាក់ស៊ីន កំពុងតែរុញច្រានគណបក្សភឿថៃរបស់គាត់ ឲ្យ សម្រេចបាននូវគោលដៅរបស់ខ្លួន នៅក្នុងការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ស្របពេលប្រជាប្រិយភាពរបស់គណបក្សសកម្មភាពឆ្ពោះទៅមុខ (Move Forward Party) កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស និង រងនូវការគំរាមកំហែង។

ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សម្រាប់អ្នកកាន់តំណែងនយោបាយរបស់តុលាការកំពូល កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៨ បានផ្ទន្ទាទោសលោក ថាក់ស៊ីន ដាក់ពន្ធនាគារ រយៈពេល២ឆ្នាំ បន្ទាប់ពីកាត់ទោសគាត់ អំពីបទរំលោភច្បាប់ជាតិ ប្រឆាំងនឹងអំពើពុករលួយ នៅក្នុងសំណុំរឿងទិញដីរ៉ាតចាដាភីសេក (Ratchadapisek)។ លោក ថាក់ស៊ីន បានភៀសខ្លួន ចេញពីប្រទេសភ្លាមៗ នៅមុនពេលតុលាការបានសម្រេចទោសទណ្ឌ។ លោក ថាក់ស៊ីន ក៏ត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ សរុបជាង១០ឆ្នាំបន្ថែមទៀត ក្រោយពេលរកឃើញ ថា គាត់មានទោសកំហុស នៅក្នុងសំណុំរឿងពុករលួយជាច្រើនករណីផ្សេងទៀត។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានវ័យ៧៣ឆ្នាំ បានកាន់តំណែង ជានាយករដ្ឋមន្រ្តីថៃ ចន្លោះពីឆ្នាំ២០០១ដល់ឆ្នាំ២០០៦ ហើយរដ្ឋាភិបាលរបស់គាត់ ត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារទម្លាក់ ចេញពីអំណាច។ ចាប់តាំងពីពេលនោះមក គាត់បាននិរទេសដោយខ្លួនឯង ទៅរស់នៅក្រៅប្រទេសរហូតមក ដោយលើកលែងតែការវិលត្រឡប់ចូកស្រុកមួយភ្លែត កាលពីអំឡុងឆ្នាំ២០០៨។

លោក ថាក់ស៊ីន បានរងការចោទប្រកាន់ ពីបទរំលោភអំណាច។ ប៉ុន្ដែគាត់បានបដិសេធ ដោយចាត់ទុក ថា ជាការចោទប្រកាន់បែបនេះ បានធ្វើឡើង ក្រោមចេតនាខាងនយោបាយ។ ចំណែកការប្រកាសវិលត្រឡប់ចូលស្រុករបស់លោក ថាក់ស៊ីន បានកើតឡើង ស្របពេលគណបក្សភឿថៃ ដែលមានកូនស្រីបង្កើតរបស់គាត់ កំពុងតែឈរឈ្មោះ ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៅតែបន្តរក្សាគម្លាតនាំមុខយ៉ាងខ្លាំង នៅក្នុងការស្ទង់មតិមួយ នៅមុនការបោះឆ្នោតសកលរបស់ប្រទេសថៃ នឹងត្រូវប្រព្រឹត្ត នៅថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ។

លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) វ័យ៣៦ឆ្នាំ ជាកូនស្រីបង្កើតរបស់លោក ថាក់ស៊ីន កំពុងតែឈរឈ្មោះ ជាបេក្ខភាពនាយករដ្ឋមន្រ្ដី ទើបនឹងសម្រាលកូន កាលពីសប្ដាហ៍មុន នៅមុនថ្ងៃបោះឆ្នោតចូលមកដល់។ ចំណែកការសម្រាលកូនទី២របស់លោកស្រី បានធ្វើឲ្យលោក ថាក់ស៊ីន ទទួលបានចៅទី៧ ហើយក៏ជាចៅពៅគេបង្អស់ផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×