Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប្រុងប្រយ័ត្ន!! ម្ដាយរវល់តែញាប់ញ័រនឹងទំនិញបញ្ចុះតម្លៃ ស្រវាទាញរទេះអីវ៉ាន់យកមក មិនបានមើល កូនធ្លាក់ពីលើរទេះ បោកក្បាលនឹងឥដ្ឋសន្លប់ធំ បែរជាបន្ទោសហាង និងប្ដឹងទារសំណង

ម្ដាយជនជាតិចិនម្នាក់ ប្រញាប់ប្រញាល់ទិញទំនិញបញ្ចុះតម្លៃពេក ភ្លេចមើលកូន ស្រវាទាញយករទេះអីវ៉ាន់មកមិនបានមើល កូនរអិលផ្ងារក្រោយ ក្បាលបោកនឹងឥដ្ឋ សន្លប់ឈឹង បែរទៅបន្ទោសហាងលក់ទំនិញ និងប្ដឹងទារសំណងពីបទប្រព័ន្ធសុវត្ថិភាពមិនមានកម្រិតស្តង់ដា។

ហេតុការណ៍ ដែលអាណាព្យាបាលទាំងឡាយ ត្រូវតែប្រុងប្រយ័ត្ន ពេលដើរទិញទំនិញនៅក្នុងហាងផ្សារទំនើបជាមួយកូនតូចៗមួយនេះ បានកើតឡើងកាលពីថ្ងៃទី២ ឧសភា នៅពេលស្ត្រីជាម្ដាយម្នាក់រស់នៅក្នុងទីក្រុងស៊ិនជិន មណ្ឌលក្វាងទុង ប្រទេសចិន បាននាំកូនប្រុសតូចម្នាក់ទៅហាងផ្សារទំនើបមួយ ដើម្បីទិញផលិតផលដែលខាងហាងបានដាក់លក់បញ្ចុះតម្លៃ ដោយម្ដាយបានទុកកូនចោល ឱ្យឈរលេងនៅក្នុងរទេះដាក់អីវ៉ាន់តែម្នាក់ឯង។

ក្រោយពីប្រមូលអីវ៉ាន់បាន ៣-៤មុខហើយ ស្ត្រីជាម្ដាយក៏ប្រញាប់រត់ទៅរកមើលអីវ៉ាន់ផ្សេងទៀត ហើយភ្លាមនោះ ក៏ភ្លេចខ្លួន ស្រវាទាញយករទេះដាក់អីវ៉ាន់មកយ៉ាងប្រញាប់ប្រញាល់ ដោយមិនបានងាកទៅមើលកូនប្រុសដែលកំពុងឈរនៅក្នុងរទេះនោះឡើយ ជាហេតុបណ្ដាលឱ្យក្មេងប្រុសតូច ដួលបះជើង ធ្លាក់ពីលើរទេះ ទៅបោកក្បាលនឹងកម្រាលឥដ្ឋយ៉ាងខ្លាំង…ក្មេងតូចដេកស្ដូកស្ដឹងសន្លប់ឈឹងអស់មួយរយៈពេល ហើយភ្លាមៗនោះ ម្ដាយបានប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាមៗដែរ។

របាយការណ៍មិនបានបញ្ជាក់ឱ្យដឹងថា តើអាការរងគ្រោះរបស់ក្មេងតូចធ្ងន់ធ្ងរប៉ុនណាឡើយ តែប្រភពនៅទីកើតហេតុបានឱ្យដឹងថា ក្មេងតូចដែលសន្លប់បាត់ស្មារតីនោះត្រូវបានគ្រូពេទ្យប្រាប់ថា បានរងរបួសផ្នែកក្បាលយ៉ាងធ្ងន់ធ្ងរ រហូតដល់ស្ត្រីជាម្ដាយមិនអាចទទួលយកបាន និងកំពុងដាក់ពាក្យបណ្ដឹង ទាមទារថ្លៃសំណងពីហាងផ្សារទំនើបនោះ ដោយសារតែខ្លួនគាត់គិតថា កូនរងគ្រោះថ្នាក់នេះ គឺដោយសារតែប្រព័ន្ធការពារសុវត្ថិភាពអតិថិជនរបស់ហាងផ្សារទំនើបនោះមិនមានកម្រិតស្តង់ដារ ដូច្នេះហាងត្រូវតែទទួលខុសត្រូវ៕

×