ក្នុងជំនួបទ្វេភាគីដាច់ដោយឡែកនៅឯកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់ នាយករដ្ឋមន្ត្រីវៀតណាម ធ្វើយ៉ាងណាសូមជួយសម្របសម្រួលដល់ការអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុត្រឆ្លងកាត់ប្រទេសវៀតណាម ឆ្ពោះទៅប្រទេសសិង្ហបុរី នាពេលខាងមុខឆាប់ៗនេះ ដែលប្រទេសសិង្ហបុរី បានទិញថាមពលអគ្គិសនីពីកម្ពុជា។
នេះជាខ្លឹមសារជជែកពិភាក្សារបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី នារសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

ចំពោះកិច្ចការបញ្ជូនថាមពលអគ្គិសនីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជា ហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី ដោយថ្មីៗនេះ ក្រុមហ៊ុន និងក្រុមហ៊ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ, ហើយដើម្បីទទួលបានកិច្ចការងារនេះជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ គឺត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមភាគខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។
ដូច្នេះហើយ សម្ដេចតេជោ ហ៊ុន សែន ត្រូវសូមស្នើសុំ នាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារពាក់ព័ន្ធនានាទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។
ជាការឆ្លើយតបដោយភាតរភាព, លោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ បានលើកឡើងថា លោកបានទទួលនូវព័ត៌មាននេះហើយ លោកនឹងបញ្ជូនទៅឱ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ, វៀតណាម នឹងយកចិត្តទុកដាក់ក្នុងការជួយសហការរឿងនេះ។

ជាមួយគ្នានេះ មិនភ្លេចទេ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានឆ្លៀតឱកាសថ្លែងកោតសរសើរចំពោះការបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យនិងអស្ចារ្យ, នេះគ្រាន់តែជាលើកដំបូងសោះ ដល់ម្លឹងទៅហើយ ពិតជាគួរឱ្យស្ងប់ស្ងែង។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឆ្នាំ២០២៣ ដែលប្រទេសឥណ្ឌូនេស៊ី ជាប្រធាន និងរៀបចំធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងក្រោមមូលបទ «សារៈសំខាន់ អាស៊ាន ÷ ស្នូលនៃកំណើន» នឹង ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១០ ដល់ ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣ ម៉ោង៧:៥០នាទី ឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលខាងលើនេះ។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានឱ្យដឹងថា ថ្នាក់ដឹក នាំ អាស៊ាន នឹងពិភាក្សាអំពីវិធីសាស្រ្ត និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះ នៃការ កសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការ ព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យ របស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN












