ភ្នំពេញ ៖ លោកស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានថ្លែងរិះគន់ចំៗចំពោះមន្ត្រីនគរបាល និងមន្ត្រីយោធាមួយចំនួន ដែលបានយករថយន្តពាក់ស្លាកលេខ ន.ប និងខ.ម មកបិទស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ក្នុងការហែក្បូនឃោសនាយុទ្ធនាការបោះឆ្នោត អាណត្តិទី៦ ដែលផ្ទុយនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។
លោកស សុខា បានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោក នាថ្ងៃទី១០ខែកក្កដានេះថា “តើអ្វីទៅជាទ្រព្យសម្បត្តិរដ្ឋ ? ក្នុងនាមពលរដ្ឋខ្មែរ ១រូប ខ្ញុំសូមរិះគន់ចំពោះមន្ត្រីសមត្ថកិច្ចមួយ ចំនួនតូច ដែលបានយករថយន្តរដ្ឋ ធ្វើជាមធ្យោបាយ ដើម្បីឃោសនារកសំឡេង ឆ្នោត “។
លោកអ្នកតំណាងរាស្ត្ររូបនោះ បានបន្តថា “ខ្ញុំស្ទើរតែមិនចង់ជឿថា បងប្អូនសមត្ថកិច្ចចំនួនតូច នៅតែមិនដឹងថា អ្វីទៅជាទ្រព្យ សម្បត្តិរដ្ឋ ? និងអ្វីទៅជាទ្រព្យសម្បត្តិឯកជន ? ហើយពេលណាគួរប្រើរថយន្តបែបណា? យើងដឹងហើយថា ប្រមុខរាជ រដ្ឋាភិបាល លោកបានប្រកាសច្បាស់ៗ គឺមិនឲ្យប្រើប្រាស់រថយន្តរដ្ឋ នគរបាល ខេមរភូមិន្ទ និងទ្រព្យសម្បត្តិរដ្ឋ សម្រាប់ជាមធ្យោយឃោសនាឡើយ។ សូមបងៗកងកម្លាំង និងសមត្ថកិច្ចមួយចំនួនតូច មេត្តាពិចារណាអំពីរឿងនេះផង”៕ ដោយ ៖ កូឡាប