Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុសអាយុ ៦ឆ្នាំ នាំប្អូនអាយុ ៣ឆ្នាំ បើកឡានដើរលេង ទៅឆ្ងាយជិត ៣គីឡូ មុននឹងបុកប្រាវ! មនុស្សម្នានាំគ្នាឆ្ងល់ ឪពុកម្ដាយបាត់ទៅណា?

វេបសាយបរទេសមួយបានរាយការណ៍ឱ្យដឹងថា កើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយឡើងនៅក្នុងទីក្រុងឡាំងកាវី ប្រទេសម៉ាឡេស៊ី កាលពីវេលាម៉ោងប្រមាណជាជាង ១១យប់ ថ្ងៃទី៩ឧសភាកន្លងទៅ ដោយអាជ្ញាធរប៉ូលិសបានប្រទះឃើញរថយន្ត “គួរឱ្យសង្ស័យ” ១គ្រឿង ដែលសន្និដ្ឋានថា អាចសេពគ្រឿងស្រវឹងហើយបើកបរ កំពុងបើកឆ្ពោះទៅមុខនៅលើផ្លូវធំ ក្នុងស្ថានភាពបាត់បង់ការគ្រប់គ្រង មុននឹងរេចង្កូតទៅបុកនឹងបង្គោលភ្លើងនៅឯចិញ្ចើមថ្នល់ រហូតធ្វើឱ្យរថយន្តមិនអាចទៅមុខទៀតបាន។

ក្រោយពីចូលទៅពិនិត្យមើលនៅកន្លែងកើតហេតុ ខាងប៉ូលិសបានឱ្យដឹងថា ទីកើតហេតុ គឺជាផ្លូវកៅស៊ូ ដែលនៅជុំវិញនោះមានសភាពងងឹតមើលមិនឃើញផ្លូវ ឯរថយន្តដែលបង្កឧប្បត្តិហេតុនោះ គឺជារថយន្តពណ៌ស ខូចខាតភាគច្រើននៅផ្នែកខាងអ្នកបើកបរ និងលុះដល់រកឃើញអ្នកបើកបរ ទើបទាំងអាជ្ញាធរប៉ូលិស និងក្រុមអ្នកជួយសង្គ្រោះ នាំគ្នាភ្ញាក់ផ្អើល និងហួសចិត្តគ្រប់ៗគ្នា…

ព្រោះអ្នកបើកបររថយន្ត ១គ្រឿងនោះ មិនមែនជាអ្នកស្រវឹងស្រាទេ តែបែរជាក្មេងប្រុសតូចមួយ វ័យត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះ ហើយអ្នកជិះដែលអង្គុយមកជាមួយវិញ គឺជាប្អូនប្រុសរបស់គេ ដែលមានអាយុទើបតែ ៣ឆ្នាំប៉ុនហ្នឹងឯង។

តាមរបាយការណ៍បានឱ្យដឹងថា ពួកគេបានបើកឡានមកឆ្ងាយជាង ២គីឡូកន្លះ មុននឹងជួបឧប្បត្តិហេតុខាងលើ ដោយក្មេងប្រុសបង បានរងរបួសនៅលើផ្ទៃមុខ ចំណែកឯប្អូនប្រុសរបស់គេ មិនមានគ្រោះថ្នាក់អ្វីទេ។ តែយ៉ាងណាក្ដី ទាំង ២នាក់ត្រូវបានប៉ូលិសនាំខ្លួនទៅមន្ទីរពេទ្យនាពេលក្រោយមក។

តាមការសាកសួរបឋម ប៉ូលិសបានដឹងថា ក្មេងប្រុសទាំង២ រស់នៅជាមួយឪពុកម្ដាយ ដែលស្ថិតនៅឆ្ងាយពីចំណុចកើតហេតុប្រហែលជាជិត ៣គីឡូម៉ែត្រ ដោយគេទាំង២ គេងក្នុងបន្ទប់ជាមួយម្ដាយ ឯឪពុក គេងនៅក្នុងបន្ទប់ ១ទៀត។ នៅមុនពេលកើតហេតុ ម្ដាយរបស់ក្មេងប្រុសទាំង២ បានក្រោកទៅចូលបន្ទប់ទឹក មុននឹងត្រឡប់មកវិញ ក៏ដឹងថា កូនប្រុសទាំង២ បានបាត់ខ្លួនចេញពីផ្ទះព្រមជាមួយរថយន្តទៅហើយ។

អាជ្ញាធរប៉ូលិសបានបញ្ជាក់ថា ហេតុការណ៍ដែលកើតឡើងនេះ ជារឿងក្ដីឧប្បត្តិហេតុ ដែលបណ្ដាលមកពីការបើកបរដោយធ្វេសប្រហែស ធ្វើឱ្យខ្លួនឯង និងអ្នកដទៃរងគ្រោះថ្នាក់ ទើបត្រូវដំណើរការតាមផ្លូវច្បាប់ រួមទាំងឪពុកម្ដាយដែលជាអាណាព្យាបាលរបស់ក្មេងទាំង២ ក៏នឹងត្រូវរងការចោទប្រកាន់ពីបទធ្វេសប្រហែសក្នុងការមើលថែទាំកូនរបស់ខ្លួន រហូតធ្វើឱ្យរងគ្រោះថ្នាក់ ដោយខណៈនេះកំពុងស្ថិតក្នុងអំឡុងការស៊ើបសួរបន្ថែម៕

×