រដ្ឋធានីហែលស៊ីនគី (Helsinki)៖ ដំណើរជីវិតស្នេហារបស់មនុស្សលោក តែងតែមិនទៀងទាត់ មិនថា អ្នកមាន ឬ អ្នកក្រ មានឋានៈខ្ពស់ឬទាបនោះឡើយ ហើយវាតែងតែជួប និង ការបែកបាក់គ្នាទៅវិញ តួយ៉ាងដូចជាលោកស្រី សានណា ម៉ារីន (Sanna Marin) មានឋានៈខ្ពង់ខ្ពស់ ក្លាយជានាយករដ្ឋមន្រ្ដីហ្វាំងឡង់ដ៍ (Finland) ក៏នៅតែមិនអាចថែរក្សានូវចំណងស្នេហា ជាប្ដីប្រពន្ធ រហូតដល់ចាស់ព្រឹទ្ធព្រេងនោះដែរ។

សារព័ត៌មាន Euronews បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ ថា លោកស្រី សានណា ម៉ារីន បានក្លាយជានាយករដ្ឋមន្រ្ដីទី៤៦របស់ប្រទេសហ្វាំងឡង់ដ៍ នៅចុងឆ្នាំ២០១៩។ លោកស្រី បានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងស្វាមីរបស់លោកស្រី គឺលោក ម៉ាគូស រ៉ាកកូណែន (Markus Räikkönen) ដែលមានទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមជាមួយគ្នា តាំងពីវ័យក្មេងរហូតមក នៅក្នុងរដូវក្ដៅ ឆ្នាំ២០២០។ លោកស្រី និង ស្វាមី បានបង្កើតកូនស្រីម្នាក់ មានអាយុ៥ឆ្នាំ សម្រាប់ទុកជាចំណងដៃអាពាហ៍ពិពាហ៍របស់ពួកគាត់។
លោកស្រី សានណា ម៉ារីន នាយករដ្ឋមន្រ្ដីហ្វាំងឡង់ដ៍ បានប្រកាស ថា លោកស្រី និង ស្វាមីរបស់លោកស្រី កំពុងតែដាក់ពាក្យបណ្ដឹង លែងលះគ្នា។ គូស្នេហ៍ដែលកំពុងតែរង្គោះរង្គើនេះ បានបង្ហោះព័ត៌មាន ដាច់ដោយឡែកពីគ្នា នៅលើគណនី Instagram របស់ពួកគាត់ កាលពីរសៀល ថ្ងៃទីពុធ (ទី១០ ខែឧសភា)។

លោកស្រី នាយករដ្ឋមន្រ្ដី បានសរសេរ ថា «យើងបានដាក់ពាក្យបណ្ដឹងលែងលះគ្នារួមគ្នារួចហើយ។ យើងសូមអរគុណដល់ភាពផ្អែមល្ហែមនឹងគ្នា អស់រយៈពេល១៩ឆ្នាំកន្លងមកនេះ ហើយបានធ្វើអ្វីៗគ្រប់យ៉ាង សម្រាប់កូនស្រីជាទីស្រឡាញ់របស់ពួកយើង»។
ថ្វីបើលោកស្រីនាយករដ្ឋមន្រ្ដី និង ស្វាមី មានការរង្គោះរង្គើនូវចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់ រហូតឈានដល់ការដាក់ពាក្យបណ្ដឹង លែងលះគ្នាយ៉ាងណាក្ដី ក៏ពួកគេ នៅតែបញ្ជាក់យ៉ាងច្បាស់ ថា ពួកគាត់នឹងនៅតែជាមិត្តដ៏ល្អបំផុត ហើយនឹងបន្តចំណាយពេលជាមួយគ្នា ជាគ្រួសារ និង មានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។ លោកស្រី ម៉ារីន និង ស្វាមី បានបង្កើតបានកូនស្រីម្នាក់ អាយុ៥ឆ្នាំ។ គូស្នេហ៍មានឋានៈដ៏ខ្ពង់ខ្ពស់នេះ បានរៀបអាពាហ៍ពិពាហ៍ នៅក្នុងខែសីហា ឆ្នាំ២០២០ នៅក្នុងវិមានផ្លូវការរបស់នាយករដ្ឋមន្រ្ដីហ្វាំងឡង់ដ៍ ស្ថិតក្នុងរដ្ឋធានីហែលស៊ីនគី។ ពិធីអាពាហ៍ពិពាហ៍របស់លោកស្រី នាយករដ្ឋមន្រ្ដី និង ស្វាមី បានបង្កឲ្យមានការភ្នាក់ផ្អើលមួយ ខណៈប្រទេសកំពុងតែបិទខ្ទប់ជំងឺកូវីដ-១៩។

បើទោះជាយ៉ាងណាក៏ដោយ ជីវិតឯកជនរបស់លោកស្រី បានរងនូវការវាយប្រហារ នៅក្នុងអំឡុងចុងរដូវក្តៅ នាឆ្នាំ២០២២ ក្រោយពេលបែកធ្លាយឃ្លីបវីដេអូមួយរបស់លោកស្រី កំពុងតែរាំយ៉ាងស្និទ្ធស្នាលជាមួយតន្រ្តីករហ្វាំងឡង់ដ៍ម្នាក់ ហើយត្រូវបានបង្ហោះយ៉ាងព្រោងព្រាត។ ឃ្លីបវីដេអូនោះ មានចំណុចមួយ ឃើញតន្រ្ដីករនោះ ហាក់បីដូចជាឱនចុះក្រោម ហើយថើបករបស់លោកស្រី។ ប៉ុន្តែលោកស្រី ម៉ារីន បានច្រានចោលនូវហេតុការណ៍នោះ ដោយអះអាំង ថា លោកស្រី មិនបានធ្វើអ្វី មិនសមរម្យនោះឡើយ។
លោកស្រី ម៉ារីន ត្រូវបានលាងជម្រះការសង័្សយនោះជាផ្លូវការ ជុំវិញការប្រព្រឹត្តខុសឆ្គង នៅក្នុងការស៊ើបអង្កេតមួយ ក្រោយពេលមានការលើកឡើងយ៉ាងច្រើន អំពីអាកប្បកិរិយារបស់លោកស្រី ។ ចំណែកអធិការបតីផ្នែកយុត្តិធម៌ នៃប្រទេសហ្វាំងឡង់ដ៍ បានបញ្ជាក់ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ថា លោកស្រី គ្មានហេតុផលណា ត្រូវសង្ស័យ ថា នាយករដ្ឋមន្ត្រី បានប្រព្រឹត្តខុសច្បាប់ នៅក្នុងតំណែងផ្លូវការរបស់ប្រមុខរដ្ឋាភិបាល ឬ ការធ្វេសប្រហែស នៅក្នុងការបំពេញកាតព្វកិច្ចនោះឡើយ។

លោកស្រី សានណា ម៉ារីន (Sanna Marin) នាយករដ្ឋមន្រ្ដីហ្វាំងឡង់ដ៍ បានចេញមុខ ថ្កោលទោស ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដូចជា បណ្ដាប្រទេស ភាគច្រើន នៅលើពិភពលោកផងដែរ។ សកម្មភាពយោធារបស់ក្រុងមូស្គូ ប្រឆាំងនឹងក្រុងកៀវ បានធ្វើឲ្យហ្វាំងឡង់ដ៍ ដែលមានព្រំដែន ប្រវែង សរុប ១ ៣៤០គីឡូម៉ែត្រ ជាប់ជាមួយនឹងរុស្ស៊ី ចាប់ផ្ដើម មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសន្ដិសុខរបស់ប្រទេសជាតិ រហូតឈានដល់ការបោះបង់ចោលនូវគោលនយោបាយអព្យាក្រឹត ដែលធ្លាប់ប្រកាន់ខ្ជាប់ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។
រួមជាមួយនឹងប្រធានាធិបតីហ្វាំងឡង់ដ៍ លោក សោលី នីអ៊ីនីស្ដូ (Sauli Niinistö) នោះ លោកស្រី នាយករដ្ឋមន្រ្ដី ម៉ារីន បានប្រកាស ថា ហ្វាំងឡង់ដ៍ បានដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការណាតូ នៅក្នុងខែឧសភា ឆ្នាំ២០២២។ ក្រោយពេលអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លាមួយនេះ បានពិនិត្យ និង ដំណើរការតាមនីតិវិធីរបស់អង្គការនេះរួចមក នៅទីបំផុត ហ្វាំងឡង់ដ៏ ក៏បានចូលជាសមាជិកទី៣១របស់ណាតូ ជាផ្លូវការ កាលពីពេលកន្លងទៅថ្មីៗនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN















