អូខេ ភ្លើងស្តុបលើកនេះ សម្លាញ់ឯងយកមិនបាន! ចឹងចាំភ្លើងស្តុបខាងមុខមួយទៀតណា៎…
នៅពេលដែលសាលាតម្រូវឱ្យជិះឡានផ្សេងគ្នា តែមិត្តភក្តិស្រេកទឹក ចឹងមានតែហុចឱ្យគ្នាតាមវិធីហ្នឹងឯង។
រឿងរ៉ាវដ៏គួរឱ្យអស់សំណើចមួយនេះ ត្រូវបានចែករំលែកនៅក្នុងបណ្ដាញសង្គមដោយម្ចាស់អាខោន TikTok ឈ្មោះ មៀវ (meaw) ដោយនាងបានស៊ែរអំឡុងពេលដ៏គួរឱ្យអស់សំណើចមួយ នៅពេលបានឃើញមិត្តភាពរវាងសម្លាញ់ជាសិស្ស ២នាក់ ដែលទោះជាស្ថិតនៅក្នុងឡានផ្សេងគ្នាមែន តែគ្មានអ្វីមករារាំងមិត្តភាពរបស់ពួកគេបានឡើយ។

ម្ចាស់អាខោនមួយនេះ ថែមទាំងបានបរិយាយនៅក្នុងឃ្លីបនោះបន្ថែមថា “អូខេ អ៊ឹប! ខំប្រឹងបន្តិច បានឥលូវហើយ…រឿងរ៉ាវនៅតាមផ្លូវមួយនេះ មិនដឹងថាត្រូវអាណិត ឬក៏ត្រូវសើចទេ?” ដោយនៅក្នុងឃ្លីបត្រូវបានគេមើលឃើញថា ក្នុងពេលដែលកំពុងឈប់ចាំភ្លើងស្តុប រថយន្តក្រុង ២គ្រឿងបានមកចតឯបទន្ទឹមគ្នា ធ្វើឱ្យសិស្សម្នាក់នៅក្នុងឡានក្រុងខាងស្ដាំ សុំទឹកផឹកពីសម្លាញ់របស់គេដែលនៅក្នុងឡានក្រុងខាងឆ្វេង ហើយសម្លាញ់របស់គេ បានខំព្យាយាមហុចកែវទឹកទៅឱ្យតាមបង្អួចរថយន្ត តែទោះជាខំប្រឹងហុចយ៉ាងណា ក៏មិនដល់គ្នាដែរ រហូតដល់ភ្លើងស្តុបលោតពណ៌បៃតង ក៏នៅតែមិនអាចហុចឱ្យគ្នាបានដដែល។
ក្រោយពីឃ្លីប ១នេះត្រូវបានស៊ែរចេញទៅ ក៏ស្រាប់តែមានអ្នកចុចចូលមើលច្រើនដល់ទៅជាង ២លានដង និងមានចំនួនឡៃខ៍ច្រើនដល់ទៅជិត ១០ម៉ឺនដង៕





