តាមរយៈហេតុការណ៍ដ៏សែនភ័យរន្ធត់មួយ នៅក្នុងហាងផ្សារទំនើបភ្រីមៀម អៅឡិត ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ របាយការណ៍បានឱ្យដឹងថា ជនល្មើសបានដើរចូលទៅបាញ់រះយ៉ាងមិនរើសមុខទៅលើមនុស្សម្នាទាំងឡាយដែលកំពុងដើរទិញទំនិញ បណ្ដាលឱ្យមានអ្នកស្លាប់ទាំងអស់ ៨នាក់ មុននឹងជនល្មើសត្រូវបានប៉ូលិសធ្វើវិសាមញ្ញឃាតកម្មនៅពេលនោះភ្លាមៗដែរ។
នៅក្នុងហេតុការណ៍ដ៏រន្ធត់នោះ មានអ្នកស្លាប់ ៨នាក់ និងរងរបួស ៧នាក់ ដោយក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានក្រុមគ្រួសាររបស់លោកឆូ ដែលជាឪពុក ភរិយា កូនប្រុស ២នាក់ ម្នាក់អាយុ ៦ឆ្នាំ និងម្នាក់ទៀតអាយុ ៣ឆ្នាំ និងមានតែកូនប្រុសអាយុ ៦ឆ្នាំម្នាក់គត់ ដែលនៅរស់។

របាយការណ៍បានបញ្ជាក់ថា ១គ្រួសារដែលស្លាប់អស់ ៣នាក់នោះ មានបុរសជាឪពុកមានឈ្មោះថា ឆូ យូឆង់ អាយុ ៣៧ឆ្នាំ និងភរិយារបស់គេ ឈ្មោះ ឆូ ស៊ីនឌី អាយុ ៣៥ឆ្នាំ និងកូនប្រុសពៅ អាយុ ៣ឆ្នាំ។
អ្នកគ្រូមត្តេយ្យដែលជាអ្នកមើលថែកូនប្រុសអាយុ ៣ឆ្នាំរបស់គ្រួសារលោកឆូ បានរៀបរាប់ឱ្យដឹងថា “ចេមស៍ជាក្មេងដែលទន់ភ្លន់ ឆ្លាត និងគួរឱ្យស្រឡាញ់ណាស់ ខ្ញុំមិនដែលឃើញក្មេងអាយុ ៣ឆ្នាំណា ឆ្លាតបែបនេះឡើយ គេថែមទាំងចេះអាន និងសរសេរឈ្មោះខ្លួនឯងបានទៀតផង តែគួរឱ្យសោកស្ដាយណាស់…”
ចំណែកលោកឪពុក ឆូ យូឆង់ វិញ ជាមេធាវីផ្នែកជនអន្តោប្រវេសន៍ មានរបាយការណ៍ឱ្យដឹងថា ក្នុងពេលទំនេរ ឆូ ចូលចិត្តទៅរួមធ្វើការងារនៅក្នុងព្រះវិហារ មើលថែទាំកូនប្រុសទាំង២ និងភាគច្រើននៅផ្ទះជួយធ្វើការងារភរិយា។

ចំណែកអ្នកម្ដាយ ឆូ ស៊ីនឌី ជាទន្តពេទ្យ ត្រូវបានគេដឹងតាមរយៈការសម្ភាសមិត្តរួមការងាររបស់នាងថា “ក្រុមរបស់យើងស្រឡាញ់ស៊ីនឌីណាស់ ហើយបេះដូងរបស់ពួកយើង សឹងតែគាំងនៅពេលដឹងដំណឹងនោះ…” ពួកគេបានបន្តទៀតថា “អ្នកគ្រូពេទ្យស៊ីនឌី ជាមនុស្សទន់ភ្លន់បំផុត មានទឹកចិត្តល្អ និងស្លូតបូត នាងជាពេទ្យធ្មេញដ៏លេចធ្លោម្នាក់ ជាម្ដាយ ជាភរិយា ជាកូនស្រី ជាមិត្តភក្តិ និងជាស្ត្រីដែលស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់”
មិត្តរួមការងារ បានបន្ថែមទៀតថា “ពាក្យអធិដ្ឋានរបស់ពួកយើងបានបញ្ជូនទៅដល់គ្រប់គ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់នៅក្នុងសោកនាដកម្មនេះ សូមជួយអធិដ្ឋានដើម្បីគ្រួសារទាំងអស់នោះផង”៕




