ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នឹងត្រូវផ្តាច់ទឹកមិនអាចប្រើប្រាស់ បានចាប់ពីម៉ោង៨យប់ ដល់ម៉ោង៤និង០០ទៀបភ្លឺ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ដោយសាររដ្ឋាករទឹកក្រុងភ្នំពេញ ត្រូវការកាត់បំពង់មេចេញចូលអាងតម្កល់ទឹកក្បាលដំរី ដើម្បីពង្វាងគេចបណ្តាញលូប្រអប់នៅផ្លូវលេខ 105K ឬផ្លូវតាំងកសាង។
នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបានបង្ហាញឲ្យដឹងពីលោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ កក្កដា ២០១៨នេះ។ ក្នុងសេចក្តីជូនដំណឹង មានន័យដើមថា សូមជំរាបជូនដំណឹងដល់ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានទីតាំងនៅភូមិសាស្ត្រ សង្កាត់កាកាបទី១ សង្កាត់កាកាបទី២ មេត្តាជ្រាបថា នៅវេលាម៉ោង ៨យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ដល់ម៉ោង ៤ទៀបភ្លឺ រដ្ឋាករទឹកក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹក នៅតំបន់ខាងជើង ខាងលិច និងខាងក្នុង ព្រលានយន្តហោះ ដែលប៉ះពាល់ប្រជាពលរដ្ឋចំនួន ១០.២៧០គ្រួសារ។
ការផ្អាករយៈពេល ៨ម៉ោងនេះ ដោយសារត្រូវកាត់បំពង់មេ ចេញចូលអាងតម្កល់ទឹកក្បាលដំរី ដើម្បីពង្វាងគេច បណ្តាញលូប្រអប់នៅផ្លូវលេខ 105K ឬផ្លូវតាំងកសាង។ បណ្តាញលូប្រអប់នេះ ទំហំ ២ម៉ែត្រគុណ២ម៉ែត្រ បានដាក់ក្នុងសាច់ផ្លូវរួចរាល់ តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ដល់ប្រឡាយស្របផ្លូវរថភ្លើងតាំងកសាង ដើម្បីដោះស្រាយបញ្ហាទឹកលិច នៅមហាវិថីសហព័ន្ធរុស្ស៊ីមុខព្រលានយន្តហោះ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យដោយសេចក្តីអនុគ្រោះ៕ ដោយ៖កូឡាប