Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឺខ្លួនខ្ញាក…ខ្មោចយាមទូក មកពន្យល់សប្តិ ៣ថ្ងៃជាប់ៗគ្នា សុំឱ្យជួយ អ្នកសង្គ្រោះ មុជទឹករក ឃើញមែន! ឈរតោងគែមទូក…

រឿងហេតុនេះកើតឡើងនៅក្នុងប្រទេសថៃ នៅពេលដែលហ្វេសប៊ុករបស់លោក ឈ្លើមផុន បានផូស្តរឿងរ៉ាវដ៏គួរឱ្យព្រឺខ្លួនមួយបានកើតឡើង ក្រោយពីអ្នកស្រុកនាំគ្នាទូរស័ព្ទមកសុំជំនួយ ដោយប្រាប់ថា ពួកគេយល់សប្តឃើញ ស្រីម្នាក់តែងខ្លួនស្អាត មកទួញយំអង្វរឱ្យជួយនាងផង ព្រោះកប់នៅក្រោមទឹកយូរមកហើយ លុះក្រុមអ្នកសង្គ្រោះ នាំគ្នាមុជទឹករក ក៏ជួបនឹងរឿងរ៉ាវស្ទើរគាំងបេះដូង…មានស្រីក្រមុំស្លៀកឈុតបុរាណ ពាក់ស្បៃឆៀងពណ៌បៃតង ឈរតោងគែមទូកធំមួយ។

ម្ចាស់ហ្វេសប៊ុកដដែលបានរៀបរាប់ថា រឿងមានដូចតទៅ ពួកខ្ញុំបានទទួលការប្រាប់ដំណឹងតាមទូរស័ព្ទថា មានប្រជាអ្នកស្រុកកំពុងត្រូវការឱ្យក្រុមអ្នកជួយសង្គ្រោះ ជួយស្វែងរករបស់ម្យ៉ាងនៅក្នុងអាងទំនប់ទឹកស្រ៊ីណាខារីន ចៃដន្យអី ថ្ងៃនោះខ្ញុំទំនេរ ក៏សន្យាថា នឹងធ្វើដំណើរទៅជួយស្វែងរកឱ្យ ដោយមិនបានសាកសួររឿងរ៉ាវលម្អិតអ្វីឡើយ។ ពេលខ្ញុំរៀបចំត្រៀមឧបករណ៍រួចរាល់ហើយ ក៏ចេញដំណើរទៅជាមួយកូនចៅ ២នាក់ ដោយប្រើពេលវេលាធ្វើដំណើរប្រមាណជា ២ម៉ោង។

ពេលទៅដល់ខ្ទមលើក្បូនមួយដែលស្ថិតនៅក្នុងអាងទំនប់ទឹកនោះ ខ្ញុំក៏បានសាកសួរទៅម្ចាស់ក្បូនថា តើចង់ឱ្យខ្ញុំជួយស្វែងរកអ្វី? គាត់ក៏ប្រាប់មកវិញថា គាត់ក៏មិនដឹងដែរ តែកូនប្រសាស្រីរបស់គាត់ យល់សប្ដឃើញ ៣ថ្ងៃជាប់ៗគ្នាហើយថា មាន “ស្រីម្នាក់តែងខ្លួនស្អាត មកប្រាប់ថា ឱ្យជួយនាងផង!!” នាងនៅក្នុងទឹកយូរហើយ…។

ខ្ញុំក៏សួរទៀតថា តើឱ្យស្វែងរកត្រង់ណាទៅ បើមិនដឹងចំណុចអ៊ីចឹង? គាត់ប្រាប់ថា គាត់ក៏មិនដឹងដែរ…ចម្លើយនេះធ្វើឱ្យខ្ញុំងឿងឆ្ងល់ និងមិនដឹងថាត្រូវចាប់ផ្ដើមពីត្រង់ណាឡើយ ក៏ប្រាប់ទៅគាត់វិញថា អូខេ យ៉ាងណាៗក៏ខ្ញុំបានមកដល់ហើយ ខ្ញុំនឹងសាកល្បងមុជទឹកស្វែងរកមើលឱ្យ អាចជាដើមគគី ឬក៏ទូកធំណាមួយ លិចនៅក្រោមបាតទឹកអាង ក៏អាចថាបានដែរ។ រួចហើយខ្ញុំក៏សុំឱ្យម្ចាស់ក្បូនរៀបចំត្រៀមតង្វាយបាយសីឱ្យខ្ញុំ ១ឈុត មានចេកណាំវ៉ា ១ស្និត កម្រងផ្កា ១ភួង និងទឹក ១ដប ដោយខ្ញុំនឹងសាកល្បងធ្វើពិធីសុំខមាទោស ប្រថុយផ្សងសាកមើល។

លុះបានរបស់មកគ្រប់ហើយ យើងក៏ចាប់ផ្ដើមធ្វើពិធីតែម្ដង ខ្ញុំអុចធូប ១៦សរសៃ សុំអហោសិកម្មចំពោះម្ចាស់កម្ម ម្ចាស់ពៀរ និងសុំឱ្យវត្ថុស័ក្តិសិទ្ធិដែលស្ថិតនៅម្ដុំនេះ ជួយបណ្ដាលចិត្ត ជំរុញចិត្តឱ្យរកឃើញវត្ថុដែលត្រូវការឱ្យជួយសង្គ្រោះនោះផងចុះ សាធុ…រួចស្រេចហើយ ខ្ញុំ និងកូនចៅ ក៏សាកល្បងចុះមុជទឹកស្វែងរកតែម្ដង ដោយចាប់ផ្ដើមតាំងពីត្រង់ខាងក្រោមក្បូនរបស់អ្នកដែលយល់សប្តឃើញនោះតែម្ដង និងមុជរាវរកទៅមុខជារឿយៗ…។

ស្ថានភាពទឹកនៅខាងក្រោមក្បូន គឺជារណ្ដៅធំមួយ ជម្រៅ ២០-៣០ម៉ែត្រ សីតុណ្ហភាពទឹក ត្រជាក់ខ្លាំងណាស់…ខ្ញុំមុជជ្រៅចុះទៅជារឿយៗ ជាមួយកូនចៅ ចុះទៅដល់កម្រិតជម្រៅ ៣០ម៉ែត្រ កូនចៅក៏ធ្វើសញ្ញាថា បានជួបនឹងរបស់អ្វីម្យ៉ាង…ស្ថានភាពទឹកក្នុងថ្ងៃនេះ មិនសូវជាល្អប៉ុន្មានឡើយ តែក៏ល្មមអាចមើលឃើញបានដែរ…សរុបទៅ អ្វីដែលយើងបានជួបនោះ គឺជាទូកនេសាទតូចមួយរបស់អ្នកស្រុក ដែលលិចនៅត្រង់ហ្នឹងច្រើនឆ្នាំមកហើយ តែ វាដូចមិនមែនជាអ្វី ដែលយើងត្រូវស្វែងរកនោះទេ។

ទើបខ្ញុំឯកភាពគ្នាថា នឹងសាកល្បងមុជទឹកស្វែងរកជាថ្មីម្ដងទៀត ដោយខ្ញុំនឹងមុជចុះទៅស្វែងរកម្ដងទៀត ព្រមទាំងនឹកអធិដ្ឋាននៅក្នុងចិត្តផងថា បើយើងមានបុណ្យចំពោះគ្នា សូមឱ្យបានជួប និងបានឃើញគ្នា សាធុ…រួចហើយខ្ញុំក៏សាកល្បងស្វែងរក ដោយមុជទឹកកាន់តែជ្រៅចុះទៅទៀត ទៅតាមជ្រលងបាតអាងទឹកនោះ ដែលនៅមានគល់ឈើតូចធំនៅក្រោមទឹកនោះជាច្រើន សម្លឹងមើលទៅ ឃើញដូចជាព្រៃដែលមានតែដើមឈើទទេៗគ្មានស្លឹក ស្ថិតនៅពាសពេញទីនោះ។

សីតុណ្ហភាពទឹក ត្រជាក់ខ្លាំងជាងកាលពីលើកដំបូងទៅទៀត បរិយាកាសស្ងាត់គួរឱ្យស្រងេះស្រងោចខ្លាំងបំផុត។ ខ្ញុំមានតែពិល១ និងកាំបិត ១ដើមជាប់នឹងដៃតែប៉ុណ្ណោះ…ស្វែងរកបានប្រហែលជា ២០នាទី ដោយប្រើពិលបញ្ចាំងមើលជុំវិញទីនោះ…រួចហើយភ្លាមនោះ ពេលដែលខ្ញុំគ្រវាសភ្លើងពិលទៅខាងឆ្វេង រំពេចនោះ!!! អ្វីដែលខ្ញុំមើលឃើញនោះគឺ…ខ្ញុំឃើញដូចមានមនុស្សម្នាក់ឈរនៅលើគល់ឈើធំមួយ ខ្ញុំនឹកស្មានថា ជាកូនចៅ មុជទឹកតាមខ្ញុំមកដែរ ទើបមិនបានយកចិត្តទុកដាក់អ្វីប៉ុន្មានឡើយ ហើយគិតថា នឹងបំបែកគ្នាស្វែងរកបន្តទៀត។

មុជទឹកស្វែងរកបានមួយស្របក់ទៀត ខ្ញុំក៏សម្លឹងមើលនាឡិកាវាស់បរិមាណខ្យល់អុកស៊ីហ្ស៊ែនដែលនៅក្នុងធុង ឃើញនៅសល់តែ ៥០បារ៍ទៀតប៉ុណ្ណោះ ដូច្នេះត្រូវឡើងទៅលើវិញសិនហើយ។ លុះឡើងមកដល់ខាងលើវិញ ក៏ឃើញកូនចៅទាំង ២នាក់កំពុងអង្គុយហូបបាយ ទើបសួរទៅកូនចៅថា ហេតុអីបានឆាប់ឡើងមកវិញម្ល៉េះ? កូនចៅក៏ឆ្លើយមកវិញថា ខ្ញុំមានទាន់បានចុះទៅឯណាមេ? ឃ្លានបាយ ទើបនាំគ្នាហូបបាយសិន។ ពេលពួកគេឆ្លើយមកបែបនេះ ខ្ញុំក៏ព្រឺខ្លួនខ្ញាកឡើងតែម្ដង!!! ហើយចុះអ្នកណាគេ ដែលខ្ញុំមើលឃើញនៅក្នុងទឹកនោះ? ហើយភ្លាមនោះ អារម្មណ៍នឹកចង់ពិសោធឱ្យដឹងច្បាស់ថា តើវាជាអ្វីនោះ បានផុសឡើងនៅក្នុងចិត្តខ្ញុំភ្លាមតែម្ដង…។

ប្ដូរធុងខ្យល់អុកស៊ីហ្ស៊ែនរួចហើយ ខ្ញុំក៏ចុះទៅស្វែងរកជាថ្មីម្ដងទៀត លើកនេះចុះទៅតែម្នាក់ឯងទេ…មុជចុះទៅត្រង់កន្លែងដដែល មើលឃើញគល់ឈើធំមួយនោះនៅកន្លែងដដែល តែមិនឃើញមានអ្វីផ្សេងក្រៅពីនោះឡើយ…តែពេលខ្ញុំរំកិលខិតចូលទៅជិត អ្វីដែលធ្វើឱ្យខ្ញុំមើលឃើញ ធ្វើឱ្យខ្ញុំភ្ញាក់ក្រញាងតែម្ដង…ជាមនុស្សស្រីម្នាក់ពាក់ឈុតស្បៃបុរាណពណ៌បៃតង កំពុងឈរតោងគែមទូកនេសាទធំមួយ!!!

តែ កាលពីមើលឃើញលើកដំបូង ហេតុអីបានមិនឃើញមានទូក?!?…លុះតាំងស្មារតីបានហើយ ខ្ញុំក៏លើកដៃឡើងសំពះសុំខមាទោស ហើយក៏យកខ្សែទៅចងនឹងក្បាលទូក…ហើយអំឡុងពេលរំកិលខ្លួនចូលទៅ ខ្ញុំក៏លែងឃើញមនុស្សស្រីម្នាក់នោះទៀតដែរ។

ខ្ញុំខំប្រឹងចងខ្សែទៅនឹងចំណុចដែលមាំបំផុតរបស់ទូក លុះចងរួចស្រេចហើយ ក៏ឡើងមកលើវិញ ត្រៀមឧបករណ៍ដើម្បីស្រង់ទូកឡើងមកលើគោក ដោយមិនបានប្រាប់រឿងរ៉ាវដែលខ្ញុំបានឃើញនោះឱ្យអ្នកណាដឹងឡើយ ខ្លាចអត់មានអ្នកណានៅជួយខ្ញុំ ស្រង់ទូកឡើង។ ចំណាយពេលស្រង់ទូកឡើងប្រមាណជា ២ម៉ោង ទើបរួចរាល់។ សភាពទូកនៅល្អគ្រប់យ៉ាង នៅស្អាតទាំងអស់ មិនមានស្នាមប្រេះ ឬលេចធ្លាយត្រង់ណាឡើយ។

រាល់ថ្ងៃនេះ ទូកនោះត្រូវបានដាក់តាំងនៅក្នុងវត្ត ម៉ង់កៈថេះ ជិតអាងទំនប់ទឹកស្រ៊ីណាខារីននោះឯង។ អ្នកស្រុកនៅទីនោះ បានដឹងដំណឹង នាំគ្នាយកបច្ច័យមកចូលរួមធ្វើបុណ្យជាមួយវត្តយ៉ាងកុះករ ចំណែកខ្ញុំវិញ ក៏រំភើបចិត្តដែរ ដែលបាននាំស្ត្រីច្រនៀងទូកឡើងមកពីក្នុងទឹកបាន ដោយខ្ញុំគិតថា បើសិនជាអ្វីដែលខ្ញុំមើលឃើញនោះ មានពិតប្រាកដមែន មកដល់ពេលនេះ ប្រហែលជានាងលែងចាំបាច់ ត្រូវទ្រាំរងាញ័រញាក់នៅក្រោមទឹកនោះទៀតឡើយ សាធុ…៕

×