រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងឥទ្ធិពលរបស់ចិន កំពុងតែកើនឡើងយ៉ាងខ្លាំងនោះ សហរដ្ឋអាមេរិក ក៏កំពុងតែងស្វែងរកសម្ពន្ធមិត្តបន្ថែមទៀត នៅក្នុងចំណោមបណ្ដាប្រទេស នៃតំបន់ប៉ាស៊ីហ្វិក ហើយលោកប្រធានាធិបតី ចូ បៃដិន ត្រូវគេរំពឹង ថា នឹងបង្កើនប្រវត្ដិសាស្ដ្រជាលើកដំបូង មកបំពេញទស្សនកិច្ច នៅក្នុងប្រទេសប៉ាពួនូហ្គីណេ (Papua New Guinea) ដោយផ្ដោតទៅលើវិស័យការពារជាតិ ជាមួយនឹងបណ្ដាប្រទេស នៅលើដែនកោះ នៅក្នុងតំបន់នេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ថា សេតវិមាន បានបញ្ជាក់ ថា លោក ចូ បៃដិន (Joe Biden) នឹងក្លាយជាប្រធានាធិបតីអាមេរិកលើកដំបូងបង្អស់ នៅក្នុងប្រវត្តិសាស្ត្រ នឹងធ្វើទស្សនកិច្ច នៅក្នុងប្រទេសប៉ាពួនូហ្គេណេ ខណៈក្រុងវ៉ាស៊ីនតោន នៅតែបន្តគាំទ្រ ជួយដល់បណ្តាប្រទេស នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ សកម្មភាពបែបនេះ នឹងក្លាយជាផ្នែក សម្រាប់កិច្ចខិតខំប្រឹងប្រែង កាន់តែទូលំទូលាយ សម្រាបការប្រជែងជាមួយនឹងក្រុងប៉េកាំង។
លោកប្រធានាធិបតី ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសដែនកោះ មានប្រជាជនប្រមាណ ៩,៤ លាននាក់ នៅចុងខែឧសភានេះ មុននឹងបន្ដដំណើរទៅកាន់ប្រទេសជប៉ុន សម្រាប់ការចូលរួមកិច្ចប្រជុំក្រុមប្រទេស G7 ហើយនឹងបន្ដដំណើរទៅកាន់ប្រទេសអូស្ត្រាលី ជាកន្លែងដែលគាត់ ត្រូវចូលរួមពិភាក្សាគ្នា ជាមួយមេដឹកនាំ Quad រួមមាន អូស្ត្រាលី ឥណ្ឌា ជប៉ុន និង សហរដ្ឋអាមេរិក។

នៅក្នុងអំឡុងចុះជាន់ នៅលើទឹកដីរបស់ប៉ាពួនូវហ្គីណេ នៅថ្ងៃទី២២ ខែឧសភា នោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក នឹងជួបជាមួយនាយករដ្ឋមន្ត្រី លោក ជេមស៍ ម៉ារ៉ាប ( James Marape) និង មេដឹកនាំផ្សេងៗទៀត នៃវេទិកាកោះប៉ាស៊ីហ្វិក និង ដែនដីចំនួន១៨ ដោយលាតសន្ធឹងលើផ្ទៃដី ៣០លានគីឡូម៉ែត្រការ៉េ នៃមហាសមុទ្រមួយនេះ។
លោក ចាស្ទីន កាឈិនកូ (Justin Tkachenko) រដ្ឋមន្រ្តីការបរទេសប៉ាពួនូហ្គីណេ បានបញ្ជាក់ ថា លោកប្រធានាធិបតី ចូ បៃដិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ពាក់ព័ន្ធនឹងវិស័យការពារជាតិ ហើយការប្រើប្រាស់ផ្កាយរណបឃ្លាំមើល ជាមួយប្រទេសដែនកោះមួយនេះ នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់ នៅខែឧសភានេះ។
លោករដ្ឋមន្រ្ដី ក្រសួងការបរទេស រូបនេះ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្តីអំពីកិច្ចសហប្រតិបត្តិការការពារជាតិ រវាងសហរដ្ឋអាមេរិក និង ប៉ាពួនូហ្គីណេ បានរៀបចំរួចរាល់អស់ហើយ កាលពីសប្តាហ៍មុន។ ភាគីទាំងពីរ នឹងចុះហត្ថលេខាជាផ្លូវការ ខណៈលោកប្រធានាធិបតី បៃដិន អញ្ជើញមកដល់។

បើតាមប្រមុខការទូតប៉ាពួនូហ្គីណេ បានឲ្យដឹងទៀត ថា កិច្ចព្រមព្រៀងដាច់ដោយឡែកមួយទៀត នឹងអនុញ្ញាតដល់ឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិក អាចល្បាតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខដ៏ធំល្វឹងល្វើយរបស់ប៉ាពួនូហ្គីណេ ហើយក៏នឹងត្រូវចុះហត្ថលេខាជាមួយគ្នានោះដែរ។ បើតាមក្រោមកិច្ចព្រមព្រៀងនេះ ប៉ាពួនូហ្គីណេ ក៏នឹងអាចប្រើប្រាស់ប្រព័ន្ធផ្កាយរណបសន្តិសុខរបស់សហរដ្ឋអាមេរិក ដើម្បីតាមឃ្លាំមើលដែនទឹករបស់ខ្លួនផងដែរ។
ជាមួយនឹងការព្រួយបារម្ភ អំពីឥទ្ធិពលរបស់ចិន នោះ ក្រុងវ៉ាស៊ីនតោន កំពុងតែព្យាយាមរារាំងដល់បណ្ដាប្រទេសនានា នៅលើដែនកោះ នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលលាតសន្ធឹង លើផ្ទៃសមុទ្រ ទំហំ៤០លានគីឡូម៉ែត្រ។ ដោយឡែក ក្រុងប៉េកាំង ក៏មានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រហែលជាមួយទសវត្សរ៍កន្លងមកហើយ នៅក្នុងតំបន់នេះ ខណៈកាលពីឆ្នាំមុន បានសម្រេចលើកិច្ចព្រមព្រៀងសន្តិសុខមួយថែមទៀត ជាមួយប្រទេសសូឡូម៉ុង។
ចាប់តាំងពីពេលនោះ ប្រទេសសូឡូម៉ុង បានហាមឃាត់ដល់កងនាវាឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិក ធ្វើនាវាចរណ៍ចូលមកក្នុងដែនទឹករបស់ខ្លួន។ ចំណែក លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ក៏ធ្លាប់ទៅធ្វើទស្សនកិច្ច នៅក្នុងតំបន់នេះ ចំនួន៣លើក រួមទាំងដំណើរទស្សនកិច្ច នៅក្នុងប្រទេសប៉ពួនូហ្គីនណេ កាលពីឆ្នាំ២០១៨ ប៉ុន្តែកាលពីឆ្នាំ២០២២ ក្រុងប៉េកាំងមិនបានសម្រេចនូវការចុះកិច្ចព្រមព្រៀង ស្ដីពីសន្តិសុខ និង ពាណិជ្ជកម្មដ៏ទូលំទូលាយ ជាមួយនឹងបណ្ដាប្រទេសដែនកោះចំនួន១០ នៅតំបន់ប៉ាស៊ីហ្វិក នេះទេ៕ រក្សាសិទ្ធដោយ ៖ សារាយSN



































