រដ្ឋធានីកៀវ៖ ជាមួយនឹងសង្គ្រាមយ៉ាងបង្ហូរឈាម រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង ទាហានរុស្ស៊ី កំពុងតែបន្ដវាយប្រយុទ្ធគ្នា បង្កធ្វើឲ្យខូចខាត ស្លាប់ និង របួសរាប់ម៉ឺននាក់ ដល់កម្លាំងយោធាទាំងសងខាងនោះ ចក្រភពអង់គ្លេស ក៏បានប្រកាស អំពីការបញ្ជូនមីស៊ីល បាញ់ចម្ងាយឆ្ងាយ ទៅជួយដល់ក្រុងកៀវ ហើយសកម្មភាពបែបនេះ កំពុងតែធ្វើឲ្យក្រុងមូស្គូខឹងសម្បាយ៉ាងខ្លាំង ជាមួយនឹងការគំរាមកំហែងឆ្លើយតប ប្រឆាំងនឹងក្រុងឡុងដ៍វិញ។

បណ្ដាញទូរទស្សន៍របស់អង់គ្លេស Sky News បានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ថា ចក្រភពអង់គ្លេស កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ បានប្រកាស ពីការបញ្ជូនមីស៊ីលបាញ់ចម្ងាយឆ្ងាយ ប្រភេទ Storm Shadows (ស្តម សែដដូ) ទៅកាន់ប្រទេសអ៊ុយក្រែន។ សកម្មភាពរបស់ក្រុងឡុងដ៍ ធ្វើឲ្យវិមានក្រឹមឡាំង ព្រមាន អំពីការឆ្លើយតប និង សងសឹកវិញ។
លោក ស៊ាន បែល (Sean Bell) ជាអ្នកវិភាគយោធាមួយរូប បានបញ្ជាក់ ថា គ្រឿងសព្វាវុធប្រភេទនេះ មានតម្លៃ ប្រហែល២លានផោន (លុយអង់គ្លេស) ឬស្មើនឹងប្រហែលជា ២,៥២លានដុល្លារ នៅក្នុង១ដើមៗ។ ដូច្នេះមីស៊ីលទាំងនេះ នឹងត្រូវបញ្ចេញពីឃ្លាំងស្ដុកទុកចោល បញ្ជូនទៅកាន់អ៊ុយក្រែន។

អ្នកវិភាគយោធារូបនេះ បានបន្ដ ថា «ចក្រភពអង់គ្លេសបានទិញ មីស៊ីល Storm Shadow ចំនួន ១ ០០០ដើម ហើយបានប្រើប្រាស់អស់ ប្រហែលតែ ៩៨ …ដើម។ វាជាការពិតណាស់ មីស៊ីលទាំងនេះ មានអាយុកាល២៥ឆ្នាំមកហើយ។ រីឯចក្រភពអង់គ្លេស កំពុងស្វះស្វែង ធ្វើឲ្យកាន់តែទំនើបជាងនេះបន្ថែមទៀត ប៉ុន្ដែគ្រាន់តែមិនបានធ្វើទាំង៩០២ដើមនោះទេ។ ដូច្នេះយើងពិតជាមានបន្ទុកមួយ សម្រាប់ការបោះចោល ឬ ប្រើប្រាស់មីស៊ីលទាំងនេះ»។
លោក បែន វ៉ាល់ឡេស (Ben Wallace) រដ្ឋមន្រ្ដី ក្រសួងការពារជាតិចក្រភពអង់គ្លេស បានប្រកាស ថា រដ្ឋាភិបាលក្រុងឡុងដ៍ នឹងបញ្ជូនមីស៊ីលបាញ់ចម្ងាយឆ្ងាយ ទៅកាន់ប្រទេសអ៊ុយក្រែន ព្រោះក្រុងកៀវ កំពុងតែអំពាវនាវ ស្នើសុំអាវុធប្រភេទនេះ។ ប៉ុន្ដែសហរដ្ឋអាមេរិក និង បណ្ដាប្រទេសដទៃទៀត នឹងមិនមានចេតនា ផ្គត់ផ្គង់អាវុធបែបនេះ ដោយសារតែមានការព្រួយបារម្ភ ពីការវាយប្រហារ ចូលទៅលើទឹកដីរបស់រុស្ស៊ី នាំឲ្យកើតជម្លោះ កាន់តែរីករាលដាល់ធំឡើង បន្ថែមទៀត៕ រក្សាសិទ្ធដោយ ៖ សារាយSN




















