កាលពីពេលថ្មីៗនេះ បណ្ដាញទំនាក់ទំនងសង្គមរបស់ប្រទេសវៀតណាម បានចែករំលែករឿងរ៉ាវដ៏កម្សត់មួយ នៅពេលអ្នកម្ដាយចំណាស់ម្នាក់ ត្រូវបែកពីកូនស្រីដ៏អាភ័ព្វ ដែលបានស្លាប់មុនដល់ថ្ងៃរៀបការ ត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ ធ្វើឱ្យមនុស្សម្នាជាច្រើនដែលបានឃើញទិដ្ឋភាពនោះហើយ នាំគ្នាអាណិតអាសូរ និងសោកស្ដាយយ៉ាងខ្លាំងជាមួយដែរ។
មិត្តភក្តិរបស់នាងក្រមុំដែលបាត់បង់ជីវិត បានផូស្តសំណេរបញ្ជាក់ថា “កូនស្រីតែម្នាក់គត់របស់គ្រួសារ ថ្ងៃអាទិត្យ នាងត្រូវចូលរោងការ តែថ្ងៃសៅរ៍ នាងបែរជាត្រូវឃ្លាតទៅយ៉ាងគ្មានថ្ងៃត្រឡប់…សម្លាញ់របស់ខ្ញុំ អាយុខ្លីពេកហើយ…ឪពុកម្ដាយបាត់បង់កូន ស្វាមីបាត់បង់អនាគតភរិយា គ្មានពាក្យណាអាចអធិប្បាយពីក្ដីឈឺចាប់មួយនេះបានឡើយ”

ក្រៅពីនេះ ម្ចាស់ផូស្តនេះ ថែមទាំងបានស៊ែរឃ្លីបវីដេអូ អ្នកម្ដាយរបស់សម្លាញ់ ដែលបានទ្រហោយំរហូតស្ទើរបាត់ស្មារតី ក្រោយពេលបាត់បង់កូនស្រី។ ក្នុងដៃរបស់គាត់កាន់សម្លៀកបំពាក់របស់កូន នៅលើស្មា ស្ពាយកាបូបរបស់កូនស្រីតែម្នាក់គត់ ដែលទើបស្លាប់បាត់បង់ជីវិត ខណៈកំពុងត្រៀមរណ្ដៅបញ្ចុះសព ដើម្បីនាំកូនស្រីបណ្ដូលចិត្ត ឆ្ពោះទៅកាន់ទីពំនាក់ចុងក្រោយ…ស្ត្រីជាម្ដាយស្រែកទ្រហោយំមិនព្រមឈប់។
គេសន្និដ្ឋានថា ស្ត្រីជាម្ដាយ ដោយសារតែក្ដីស្រឡាំងកាំងដែលបាត់បង់កូនស្រីជាទីស្រឡាញ់យ៉ាងទាន់ហន់ខ្លាំងពេក ទើបធ្វើឱ្យគាត់គិតតែពីដើរយំ និងនិយាយរៀបរាប់ពីរឿងរ៉ាវផ្សេងៗឥតឈប់ឈរ ព្រោះថា ជំនួសឱ្យការបានត្រៀមខ្លួនសម្រាប់ថ្ងៃនៃសេចក្ដីសុខរបស់កូនស្រី តែចុងក្រោយ បែរជាបានទទួលដំណឹងអាក្រក់ទៅវិញ ធ្វើឱ្យពិធីមង្គលការ ក្លាយទៅជាពិធីបុណ្យសពជំនួសវិញ។

ក្រោយពីរឿងរ៉ាវនេះត្រូវបានផូស្តនៅក្នុងបណ្ដាញសង្គមភ្លាម ឃ្លីបនោះក៏បានទទួលការចាប់អារម្មណ៍ពីអ្នកលេងអ៊ីនធើណិតយ៉ាងច្រើនភ្លាមៗដែរ។ ទិដ្ឋភាពអ្នកម្ដាយរន្ធត់ចិត្ត ស្រែកទ្រហោយំ ស្ទើរតែបាត់ស្មារតី ព្រោះតែបាត់បង់កូនស្រីនោះ ធ្វើឱ្យអ្នកចូលទស្សនាគ្រប់គ្នាដល់ថ្នាក់មិនអាចទប់ទឹកភ្នែកបានឡើយ៕






