ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ ចក្ខុវិស័យសហគមន៍អាស៊ាន ត្រូវផ្អែកលើធម្មនុញ្ញអាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា និងតម្កល់ប្រជាជនជាស្នូល

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ រួមមានប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន (AIPA), កិច្ចប្រជុំជាមួយតំណាងយុវជនអាស៊ាន, កិច្ចប្រជុំជាមួយតំណាងក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំជាមួយក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាបានថ្លែងលើកឡើងថា ការពង្រឹងសហគមន៍អាស៊ាន មិនត្រូវធ្វើឱ្យប៉ះពាល់ដល់គោលការណ៍គ្រឹះទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានឡើយ។

ដកស្រង់ខ្លឹមសារនៃលទ្ធផលក្នុងកិច្ចប្រជុំផ្សេងៗខាងលើ ដែលសម្រង់ដោយក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាល់ការធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងសហគមន៍អាស៊ាន គឺត្រូវផ្អែកលើការពិគ្រោះយោបល់ និងកុងសង់ស៉ីស និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។ អាស៊ានត្រូវឆ្លើយតបចំពោះបញ្ហាប្រឈមទាំងឡាយទាំងនៅក្នុងតំបន់ និងសាកល ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងបុរេសកម្ម, ជាពិសេសបញ្ហាដែលអាស៊ានពុំអាចទទួលបានកុងសង់ស៉ីស ដោយមិនទុកឱ្យបញ្ហាទាំងនោះប៉ះពាល់ដល់ដំណើរការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មតំបន់ឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ គឺត្រូវឆ្លើយតបចំពោះនិន្នាការតំបន់ និងសាកល ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជារបៀបវារៈបៃតង សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាទំនើប ខ្សែចង្វាក់តម្លៃសាកល ការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភារ ជាដើម ក្នុងបំណងធានាឱ្យបានថា អាស៊ានត្រៀមខ្លួនរួចជាស្រេច និងនៅតែរឹងមាំ ហើយធន់ នៅពេលអនាគត។

នៅខណៈពេលដែលយើងទទួលស្គាល់អំពីតម្រូវការ ដើម្បីរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ឱ្យបានប្រកបដោយទស្សនវិស័យវែងឆ្ងាយ ការបំផុសគំនិត និងការសម្លឹងឆ្ពោះទៅមុខ ធ្វើយ៉ាងណាឱ្យមានតុល្យភាព រវាងភាពជាក់ស្តែងនិយម និងបំណងប្រាថ្នាដែលចង់បាន។ អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥នេះ គួរតែផ្តោតលើសកម្មភាពជាក់ស្តែង និងតម្កល់ប្រជាជនជាស្នូលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម