រាជធានីបាងកក៖ ប្រទេសថៃ បានរៀបចំការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ ដោយមានប្រជាពលរដ្ឋ រាប់លាននាក់ បាននាំគ្នា ចេញទៅបោះឆ្នោត ជូនគណបក្សរបស់ពួកគេពេញចិត្ត ហើយលទ្ធផលមិនទាន់ជាផ្លូវការ នៃការរាប់សន្លឹកឆ្នោត បានបង្ហាញជាបណ្ដោះអាសន្ន ថា គណបក្សប្រឆាំងធំៗ បានឈ្នះសំឡេងគាំទ្រ លើគូប្រជែង មកពីគណបក្សយោធា ធ្លាប់ដឹកនាំកម្លាំងទ័ព ធ្វើរដ្ឋប្រហារ។
សារព័ត៌មានរបស់ប្រទេសថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ថា គិតត្រឹមវេលាម៉ោង៦ និង ១៤នាទីព្រឹក ថ្ងៃចន្ទ គណបក្សចលនាឆ្ពោះទៅមុខ (The Move Forward Party) បានទទួលសំឡេគាំទ្រនាំមុខគេ ទាំងការប្រកួតក្នុងមណ្ឌលបោះឆ្នោត និង បញ្ជីគណបក្ស ខណៈគណបក្សភឿថៃ និង គណបក្ស Bhumjaithai បានទទួលសំឡេងគាំទ្រច្រើនបប្រកៀកប្រកិតនឹងគណបក្សនេះ។

គណបក្សភឿថៃ (The Pheu Thai Party) ត្រូវគេរំពឹងទុក ថា អាចនឹងបង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងគណបក្សចលនាឆ្ពោះទៅមុខ (MFP) ខណៈលទ្ធផលបោះឆ្នោតមិនផ្លូវការ បង្ហាញ ថា គណបក្សប្រឆាំងទាំង២នេះ កំពុងតែនាំមុខ ទាំងប្រកៀកប្រកិតគ្នា។ គណៈកម្មការបោះឆ្នោតរបស់ប្រទេសថៃ (ហៅកាត់ EC) បានចាប់ផ្ដើមរាប់សន្លឹកឆ្នោត ក្រោយការិយាល័យបោះឆ្នោត បានបិទទ្វារ នៅត្រឹមម៉ោង៥ល្ងាច ថ្ងៃអាទិត្យ។
លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ជាបេក្ខភាពនាយករដ្ឋមន្រ្ដីមួយរូប នៅក្នុងបេក្ខជននាយករដ្ឋមន្រ្ដី ចំនួន៣នាក់របស់គណបក្សភឿថៃ បានបញ្ជាក់ កាលពីល្ងាច ថ្ងៃអាទិត្យ ថា លទ្ធផលក្រៅផ្លូវការ បានបង្ហាញ ថា គណបក្សភឿថៃ នៅតែនាំមុខ មិនមែនគណបក្សចលនាឆ្ពោះទៅមុខនោះទេ។ ខ្ញុំមានទុកចិត្ត ថា បក្សភឿថៃ នឹងឈ្នះ នៅក្នុងការបោះឆ្នោតនេះ។ រូបខ្ញុំ និង លោក ភីតា លីមចារឿនរ៉ាត (Pita Limcharoenrat) មេដឹកនាំគណបក្ស MFP នៅមិនទាន់បានពិភាក្សាគ្នាតាមទូរស័ព្ទ អំពីការបង្កើតរដ្ឋាភិបាលចម្រុះ នៅឡើយ។ ប៉ុន្ដែយើងនឹងពិភាក្សាគ្នា អំពីបញ្ហាផ្សេងៗ ជាមួយសម្ពន្ធមិត្តរបស់យើង ដែលចែករំលែកមនោគមវិជ្ជាលទ្ធិប្រជាធិបតេយ្យ»។

ស្របគ្នានេះដែរ លោក ប្រាស៊ើត ចាន់តារារួងថុង (Prasert Chantararuangthong) អគ្គលេខាធិការគណបក្សភឿថៃ បានបញ្ជាក់ ថា គណបក្សនេះ នឹងបង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងគណបក្សប្រឆាំងផ្សេងៗទៀត។ បក្សភឿថៃ គួរតែអនុញ្ញាតដល់គណបក្ស ដែលឈ្នះកៅអីភាគច្រើន ដើម្បីបង្កើតរដ្ឋាភិបាល ជាលើកដំបូង។
ថ្លែងក្រោយលទ្ធផលបិទការិយាល័យបោះឆ្នោត លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានបញ្ជាក់ ថា គណបក្ស MFP និង ភឿថៃ អាចនឹងមានអាសនៈគ្រប់គ្រាន់ នៅក្នុងរដ្ឋសភា សម្រាប់បង្កើតរដ្ឋាភិបាល។ នេះជាសញ្ញាវិជ្ជមានមួយ ហើយវាជាពេលវេលា សម្រាប់ប្រទេសថៃ ត្រូវតែផ្លាស់ប្ដូរ។ ប៉ុន្ដែគាត់បានច្រានចោលទ្ធភាព សម្រាប់ការបង្កើតរដ្ឋាភិបាលក្រោយ ជាមួយនឹងគណបក្សរួបរួមជាតិថៃរបស់លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ និង គណបក្សផាឡាងប្រាចារ៉ាត (Palang Pracharath Party) របស់លោកឧត្ដមសេនីយ៍ ប្រាវិត វង់សូវ៉ាន់ (Prawit Wongsuwon) ឧបនាយករដ្ឋមន្រ្ដីថៃ។

លោកឧត្ដមនាវី ឆឿងឆៃ ឆុមឆៀងផាត (Choengchai Chomchoengpaet) មេបញ្ជាការកងទ័ពជើងទឹកថៃ បានបញ្ជាក់ ថា គាត់សង្ឃឹម ថា ដំណើរការ ក្រោយការបោះឆ្នោត នឹងមានភាពល្អប្រសើរ ដោយមិនមានភាពចលាចលនោះឡើយ។ ចំណែកប្រជាពលរដ្ឋគ្រប់រូប ចង់មើលឃើញដំណើរការលទ្ធិប្រជាធិបតេយ្យ និង មានរដ្ឋាភិបាលថ្មី ដឹកនាំប្រទេស ឆ្ពោះទៅរកការរីកចម្រើន។
លោកឧត្ដមសេនីយ៍ ដាមរ៉ុងសាក់ ឃីតទីផ្រាផាស (Damrongsak Kittiprapas) អគ្គស្នងការនគរបាលជាតិថៃ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ប៉ូលិសជាង ១៥០ ០០០នាក់ បានដាក់ពង្រាយ សម្រប់រៀបចំថែរក្សាសណ្ដាប់ធ្នាប់ នៅតាមការិយាល័យបោះឆ្នោត នៅទូទាំងប្រទេស៕រក្សាសិទ្ធដោយ ៖ សារាយSN






















