រដ្ឋធានីអង់ការ៉ា (Angkara)៖ ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) បានបញ្ជាក់ ថា គណបក្សសម្ពន្ធភាព ដែលកំពុងតែគ្រប់គ្រងអំណាចរបស់គាត់ នឹងឈ្នះបានសំឡេងគាំទ្រភាគច្រើន នៅក្នុងការបោះឆ្នោតប្រធានាធិបតី ហើយថែមទាំងទទួលស្គាល់ ថា គាត់បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការបោះឆ្នោតជុំទី២ តទល់ជាមួយនឹងគូប្រជែងដ៏សំខាន់របស់គាត់ គឺលោក កេម៉ាល់ គីលីកដារ៉ូហ្គ្លូ (Kemal Kilicdaroglu)។

ទីភ្នាក់ងារសារព័ត៌មានរបស់អាល្លឺម៉ង់ DW បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ថា ការិយាល័យបោះឆ្នោត បានបិទនៅលើវេលាម៉ោង៥ល្ងាច ថ្ងៃអាទិត្យ (វេលានៅក្នុងតំបន់។ ប៉ុន្ដែលទ្ធផលបោះឆ្នោត រវាងលោកប្រធានាធិបតី អេដូហ្គេន និង គូប្រជែងដ៏សំខាន់របស់គាត់ គឺលោក គីលីកដារ៉ូហ្គ្លូ (Kilicdaroglu) នៅតែមិនទាន់ច្បាស់នៅឡើយ។ ប្រសិនបើគូប្រជែងទាំង២នេះ ទទួលបានសំឡេងឆ្នោតលើសពី៥០ភាគរយនោះ ពួកគេនឹងត្រូវប្រជែងគ្នាម្តងទៀត នៅថ្ងៃទី២៨ ខែឧសភា។
លោក Kemal Kilicdaroglu មេដឹកនាំសម្ពន្ធភាពបក្សប្រឆាំងរបស់តួកគី កាលពីព្រឹក ថ្ងៃចន្ទ បានបញ្ជាក់ ថា គាត់នឹងទទួលយកនូវការសម្រេចចិត្តរបស់អ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជុំទីពីរ។ ទន្ទឹមគ្នានេះ គាត់បានបង្ហាញនូវទំនុកចិត្ត ថា គាត់នឹងឈ្នះ នៅក្នុងការប្រកួតប្រជែងជាមួយនឹងប្រធានាធិបតី ដែលកំពុងតែកាន់អំណាច គឺលោក Recep Tayyip Erdogan ខណៈគាត់បាននិយាយជាមួយមេដឹកនាំសម្ពន្ធភាព ចំនួន៦ភាគី។

គូប្រជែងដ៏សំខាន់របស់ប្រធានាធិបតីតួកគីរូបនេះ បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា «ប្រសិនបើប្រជាជាតិរបស់យើង និយាយពីជុំទី២នោះ យើងប្រាកដជានឹងឈ្នះយ៉ាងដាច់ខាត នៅក្នុងការបោះឆ្នោតជុំទី២នេះ។ គោលបំណង សម្រាប់ការផ្លាស់ប្តូរ នៅក្នុងសង្គម គឺលើសពីជាង៥០ភាគរយ»។
ដោយឡែក លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានបញ្ជាក់ ថា សម្ពន្ធភាពដែលកំពុងតែដឹកនាំអំណាច នឹងឈ្នះសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ។ លោកប្រធានាធិបតី បានអះអាង ថា ការនាំមុខបានបង្ហាញយ៉ាងច្បាស់ លើគូប្រជែងរបស់គាត់ ខណៈការរាប់សន្លឹកបោះឆ្នោត នឹងនៅតែបន្ដ នៅព្រឹកព្រលឹម ថ្ងៃចន្ទ។
ជាមួយនឹងការរាប់សន្លឹកឆ្នោតបានជាង៩៩ភាគរយនោះ លោក Erdogan ទទួលបានសំឡេងគាំទ្រ ចំនួន៤៩,២៦ភាគរយ។ នេះបើតាមតួលេខបឋម មិនទាន់ផ្លូវការរបស់ទីភ្នាក់ងារព័ត៌មានឯកជន ANKA ខណៈមេដឹកនាំប្រឆាំង គឺលោក Kemal Kilicdaroglu ទទួលបានសំឡេងគាំទ្រ ចំនួន៤៥,០៤ភាគរយ។

លោកប្រធានាធិបតីតួកគី បានព្រមានប្រឆាំងនឹងការប្រកាសលទ្ធផលបោះឆ្នោតដ៏លឿនពេក ខណៈលោក Kilicdaroglu បានព្យាករ ថា ការប្រកាសលទ្ធផល នឹងកើតឡើង នៅពេលយប់។ ប៉ុន្ដែគណបក្សប្រឆាំង បានចោទប្រកាន់ដល់គណបក្សរបស់លោកប្រធានាធិបតី Erdogan ជុំវិញការអំពាវនាវ ស្នើសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញ នៅតាមតំបន់ជាច្រើន ជាកន្លែងដែលលោក Kilicdaroglu ទទួលបានសំឡេងគាំទ្រភាគច្រើន។
សូមជម្រាប ថា លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) បានក្លាយជាប្រធានាធិបតីទី១២របស់ប្រទេសតួកគី ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ។ ពីមុនគាត់ធ្លាប់កាន់តំណែង ជាអភិបាលទីក្រុងអ៊ីស្ដាន់ប៊ូល (Istanbul) ចន្លោះពីឆ្នាំ១៩៩៤ ដល់១៩៩៨ ហើយធ្លាប់ធ្វើជានាយករដ្ឋមន្រ្ដីតួកគី ចន្លោះពីឆ្នាំ២០០៣ ដល់២០១៤ មុននឹងក្លាយជាប្រធានាធិបតីតួកគី រហូតមកដល់សព្វថ្ងៃនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

























