គ្រូពេទ្យនាំគ្នាឆ្ងល់ ស្ត្រីម្នាក់ចូលបន្ទប់ឆ្លងទន្លេ មានបុរស ៤នាក់នាំគ្នាមកឈរចាំទាំងអន្ទះសានៅមុខបន្ទប់ ប្រាប់ពេទ្យថា ជាឪពុករបស់ទារក តែមិនមានការដណ្ដើមគ្នាថាជាប្ដីរបស់ស្ត្រីរូបនោះឡើយ ដល់ពេលដឹងការពិត រំភើបចិត្តសឹងស្រក់ទឹកភ្នែក។
តាមរបាយការណ៍បានឱ្យដឹងថា ស្ត្រីជនជាតិចិនម្នាក់ សុខៗ ក៏កើតអាការឈឺពោះឆ្លងទន្លេ ទាំងមិនទាន់គ្រប់កំណត់ប្រសូតនៅឡើយ។ ក្រុមគ្រួសារក៏ប្រញាប់នាំនាងទៅមន្ទីរពេទ្យ ហើយខណៈនោះក៏ស្រាប់តែមានបុរស ៤នាក់ ប្រញាប់នាំគ្នាតាមទៅដែរ។ នៅពេលឃើញបែបនេះ ក្រុមគ្រូពេទ្យនាំគ្នានឹកចម្លែកចិត្ត និងវិលវល់ចំពោះរឿងនេះយ៉ាងខ្លាំង ព្រោះមិនដឹងថា តើនរណាមួយជាស្វាមីរបស់នាង និងជាឪពុករបស់ទារកនៅក្នុងផ្ទៃ តែមិនទាន់បានសាកសួរអ្វីទាំងអស់ ព្រោះត្រូវប្រញាប់ចូលទៅមើលស្ត្រីរូបនោះឆ្លងទន្លេ។

ស្ត្រីរូបនោះគេងសម្រាកនៅក្នុងបន្ទប់ប្រសូត និងមានអាការឈឺពោះឆ្លងទន្លេយូរដល់ទៅ ៧ម៉ោង ក្នុងខណៈពេលនោះ សមាជិកក្នុងក្រុមគ្រួសាររបស់នាងនឹកកង្វល់យ៉ាងខ្លាំង ក្រៅពីនេះ បុរសទាំង ៤នាក់នោះ ក៏បង្ហាញអាការឆ្លេឆ្លា បារម្ភ តិចក្រោកឈរ តិចអង្គុយចុះ រួមទាំងដើរចុះដើរឡើង នៅមិនសុខទៀតផង។ ពួកគេគិតតែពីនាំគ្នាអើតមើលទៅខាងក្នុងបន្ទប់ ដើម្បីចង់ដឹងពីអាការរបស់ស្ត្រីរូបនោះ និងទារកថា តើនឹងចេញមកវិញនៅពេលណា ហើយមានម្នាក់ក្នុងចំណោមទាំង ៤នាក់នោះ ដល់ថ្នាក់ស្រក់ទឹកភ្នែកដោយក្ដីកង្វល់ទៀតផង។
បន្ទាប់ពីនោះមិនយូរប៉ុន្មាន អ្នកគ្រូពេទ្យក៏ចេញមកសួរថា “តើអ្នកណាជាស្វាមីរបស់ស្ត្រីឆ្លងទន្លេ?” ភ្លាមនោះឯង បុរសទាំង៤ ក៏ប្រញាប់ប្រាប់ឡើងដំណាលគ្នាថា ខ្លួនគឺជាឪពុករបស់ទារក។ ចម្លើយនេះធ្វើឱ្យអ្នកគ្រូពេទ្យ និងមនុសុ្សនៅជុំវិញទីនោះ នឹកចម្លែកចិត្តយ៉ាងខ្លាំង មិនយល់ថា តើមានរឿងអ្វីកើតឡើង? ហេតុអីបានទារកម្នាក់នេះ មានឪពុកដល់ទៅ ៤នាក់? ហើយអ្វីដែលគួរឱ្យវិលវល់ខ្លាំងជាងហ្នឹងនោះ គឺបុរសទាំង ៤នាក់ បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះស្ត្រីជាម្ដាយ និងទារកទើបនឹងកើតនោះជាខ្លាំង និងគ្មានភាពច្រណែន ឬប្រកួតប្រជែងគ្នាឡើយ។

ទីបំផុត ទាំងអស់គ្នាក៏បានដឹងពីការពិតថា បុរសទាំង ៤នាក់នោះ គ្មាននរណាម្នាក់ជាស្វាមីរបស់ស្ត្រីទើបឆ្លងទន្លេម្នាក់នោះ ឬជាឪពុករបស់ទារកដែលទើបបើកភ្នែកមើលពិភពលោកនេះឡើយ ព្រោះការពិតទៅ ពួកគេទាំងអស់ សុទ្ធតែជាមិត្តរួមការងាររបស់ស្វាមីរបស់ស្ត្រីមានផ្ទៃពោះ ដែលជាប៉ូលិសពន្លត់អគ្គិភ័យ ដែលបានស្លាប់ក្នុងពេលប្រតិបត្តិភារកិច្ច។ ពួកគេ គឺជាមិត្តរួមការងារ និងជាសម្លាញ់ជិតដិតនឹងបុរសជាស្វាមីដែលស្លាប់ ម្នាក់ៗមានអារម្មណ៍សោកស្ដាយជាទីបំផុតចំពោះជោគជតារបស់សម្លាញ់របស់គេ ដូច្នេះហើយទើបពួកគេបានសន្យានឹងគ្នាថា នឹងធ្វើជាឪពុកធម៌របស់កូនរបស់សម្លាញ់ជិតដិត ដើម្បីជួយឱ្យជីវិតស្ត្រីជាម្ដាយ និងទារក ជួបតែភាពសុខសប្បាយ។
បន្ទាប់ពីរឿងរ៉ាវទាំងអស់នេះ ត្រូវបានផូស្តនៅក្នុងបណ្ដាញសង្គមអនឡាញ អ្នកលេងបណ្ដាញសង្គមដ៏ច្រើន បាននាំគ្នាកោតសរសើរចំពោះអារម្មណ៍ និងទឹកចិត្តរបស់បុរសទាំង ៤នាក់ ដែលមានចំពោះគ្រួសាររបស់មិត្តរួមការងារដែលបានស្លាប់ទៅហើយនោះយ៉ាងខ្លាំងបំផុត៕



