កាលពីចុងខែមេសាកន្លងទៅ គូស្នេហ៍ ១គូ បានរៀបចំពិធីមង្គលការនៅមណ្ឌលចៀងស៊ូ ប្រទេសចិន តែក្នុងអំឡុងពេលដែលកូនក្រមុំ និងកូនកំលោះកំពុងប្រារព្ធពិធី សុខៗ ក៏ស្រាប់តែមានស្ត្រីម្នាក់ស្លៀកឈុតអាពាហ៍ពិពាហ៍ពណ៌ក្រហមបែបបុរាណដូចគ្នានឹងកូនក្រមុំដែរ តែមិនបានតុបតែងមុខមាត់ និងមានរូបរាងធំធាត់ជាងកូនក្រមុំ បានដើរមកឈរទន្ទឹមក្បែរនឹងកូនកំលោះ។ នៅពេលឃើញកូនក្រមុំដល់ទៅ ២នាក់បង្ហាញខ្លួនឡើងនៅក្នុងពិធីមង្គលការបែបនេះ រឿងរញ៉េរញ៉ៃច្របូកច្របល់ក៏កើតឡើង ហើយពិធីក៏ត្រូវផ្អាកភ្លាមៗនោះដែរ។

តាមរបាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់នោះ គឺជាអតីតសង្សាររបស់កូនកំលោះ។ គេទាំង ២នាក់ធ្លាប់សេពគប់គ្នាតាំងពី ៣ឆ្នាំមុនម្ល៉េះ និងបានសម្រេចចិត្តរៀបការនឹងគ្នា។ កាលនោះ ក្រុមគ្រួសារទាំង២ បានជួបគ្នាពិភាក្សារឿងរៀបការ តែទីបំផុត មិនអាចឯកភាពគ្នារឿងពិធីមង្គលការបាន ដោយសារតែម្ដាយឪពុកខាងស្រី ត្រូវការលុយថ្លៃទឹកដោះ ៣សែនយន់ ឬប្រមាណ ៥ម៉ឺនដុល្លារ ដែលនេះជាចំនួនប្រាក់ ដ៏ច្រើនជ្រុលពេកសម្រាប់ភាគីខាងប្រុស និងក្រុមគ្រួសាររបស់គេ។ បន្ទាប់ពីជជែក និងចរចាគ្នាអស់មួយរយៈមក គ្រួសារទាំង២ នៅតែមិនអាចឯកភាពគ្នាបានក្នុងរឿងនេះ ហើយខាងប្រុសក៏គ្មានជម្រើសអ្វី ក្រៅពីត្រូវសុខចិត្តដើរចេញ និងបញ្ឈប់រៀងរ៉ាវស្នេហាតែត្រឹមប៉ុនហ្នឹង។

មិនយូរប៉ុន្មាន គេក៏បានជួបនឹងនារីម្នាក់ទៀត ដែលមិនត្រឹមតែស្រឡាញ់គេយ៉ាងស្មោះប៉ុណ្ណោះទេ តែគ្រួសាររបស់នាង ថែមទាំងមិនទាមទារថ្លៃទឹកដោះច្រើនទៀតផង។ ដូច្នេះទើបទាំង ២នាក់ ឯកភាពយល់ព្រមរៀបការនឹងគ្នាយ៉ាងឆាប់រហ័ស តែសុខៗ ស្រាប់តែអតីតសង្សាររបស់កូនកំលោះ ក៏មកបង្ករឿងរញ៉េរញ៉ៃ ធ្វើឱ្យពិធីមង្គលការ សឹងតែដួលរលំ។ នារីជាអតីតសង្សារ បានស្រែកគំហកដាក់កូនកំលោះថា ក្បត់ចិត្ត គ្មានភាពទទួលខុសត្រូវ មានទង្វើផិតក្បត់ ១ហើយ ១ទៀត។
មិនត្រឹមតែប៉ុណ្ណោះ បងប្រុសរបស់ស្ត្រីម្នាក់នោះ ក៏បានមកបង្ហាញខ្លួនផងដែរ។ គេចូលទៅចាប់ទាញកអាវកូនកំលោះ ព្រមទាំងស្ដីឱ្យថា គ្មានសតិសម្បជញ្ញៈ លេងសើចជាមួយអារម្មណ៍ និងកិត្តិយសរបស់ប្អូនស្រីខ្លួនទៀតផង។ ពេលប្រឈមនឹងស្ថានការណ៍បែបនេះ កូនកំលោះមិនចង់ឱ្យកើតរឿងធំ ក៏ព្យាយាមសម្របសម្រួលធ្វើឱ្យបរិយាកាសស្ងប់ទៅវិញដោយការសូមទោសអតីតសង្សារ ដោយសង្ឃឹមថា នាងនឹងឈប់សាងភាពរញ៉េរញ៉ៃក្នុងថ្ងៃនៃសេចក្ដីសុខរបស់គេ។ តែនាងនៅតែមិនព្រមស្ងប់ចិត្ត នាងដល់ថ្នាក់ស្ទុះទៅច្រានកូនក្រមុំឱ្យដួលទៅដីទៀតផង។ ឃើញដូច្នោះ កូនកំលោះក៏ប្រញាប់ស្ទុះចូលទៅពាំង និងការពារកូនក្រមុំ តែអតីតសង្សារបានចូលមកទះកំផ្លៀងគេ ១ដៃយ៉ាងខ្លាំងទៀតផង។

ដោយក្ដីខ្មាសអៀននៅចំពោះមុខមនុស្សជាច្រើននោះ កូនកំលោះមិនអាចរម្ងាប់កំហឹងបានតទៅទៀតឡើយ គេឆ្លើយទៅអតីតសង្សារវិញភ្លាមថា “តើឱ្យខ្ញុំទៅយកលុយ ៣សែនយន់នោះមកពីណា?!» ហើយគេបានបន្តទៀតថា ឋានៈជីវភាពគ្រួសាររបស់គេលំបាកណាស់ ហើយអតីតសង្សារក៏ដឹងដែរ តែមានចេតនាធ្វើឱ្យរឿងកាន់តែលំបាកឡើង។ គេធ្លាប់អង្វរសុំឱ្យគ្រួសាររបស់អតីតសង្សារបញ្ចុះថ្លៃទឹកដោះឱ្យតិចជាងនោះទៀតផង តែត្រូវបដិសេធ។ នេះឯងជាមូលហេតុ ដែលធ្វើឱ្យត្រូវដើរចេញពីគ្នា។
ពេលឃើញអាកប្បកិរិយារបស់កូនកំលោះមិនព្រមចុះចាញ់បែបនេះ អតីតសង្សារ ក៏ចាប់ផ្ដើមទ្រហោយំ និងប្រាប់ថា ពេលនេះនាងកំពុងមានផ្ទៃពោះជាមួយគេ ដូច្នេះនាងគ្រាន់តែចង់រៀបការជាមួយគេ ដោយមិនត្រូវការលុយថ្លៃទឹកដោះអ្វីទាំងអស់…តែយ៉ាងណាក្ដី កូនកំលោះបានប្រញាប់បដិសេធនូវអ្វីដែលអតីតសង្សារនិយាយទាំងប៉ុន្មាននោះ ដោយកេបាននិយាយយ៉ាងច្បាស់លាស់ថា រូបគេ និងនាង បានឈប់ទាក់ទងគ្នាជាង ៣ឆ្នាំមកហើយ ដូច្នេះវាមិនអាចទៅរួចឡើយ ដែលថា នាងមានផ្ទៃពោះជាមួយរូបគេនោះ ហើយពេលនេះគេក៏កំពុងរៀបការជាមួយមនុស្សដែលគេស្រឡាញ់ទៀតផង។
នៅទីបំផុត ដោយក្ដីអៀនខ្មាស និងបាក់មុខ អតីតសង្សារ និងបងប្រុស ក៏ត្រូវដើរចាកចេញពីទីនោះ ទៅដោយក្ដីមិនពេញចិត្តយ៉ាងខ្លាំង៕








