ផ្អើលគេផ្អើលឯង គូស្នេហ៍ឈ្លោះគ្នាកណ្ដាលថ្នល់ ខាងប្រុសខឹង សុំលែង ខាងស្រីទារខោអាវវិញ ស្មានថាមិនហ៊ាន មានឯណា? ដោះឱ្យអស់ពីខ្លួន សល់តែខោស្ល៊ីប ដើរទៅផ្ទះវិញ។
កាលពីពេលថ្មីៗនេះ នៅក្នុងបណ្ដាញសង្គមរបស់ប្រទេសចិន កំពុងល្បីល្បាញពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហារបស់គូសង្សារ ១គូនៅក្នុងមណ្ឌលក្វាងទុង។ តាមរយៈរូបភាព គេបានឃើញថា ទាំង ២នាក់ស្ថិតក្នុងវ័យប្រមាណជាង ២០ឆ្នាំ។ នៅពេលដែលសម្ព័ន្ធភាពស្នេហ៍ដើរមកដល់ចំណុចបែកបាក់ នាងក្រមុំក៏សុំឱ្យសង្សារប្រគល់របស់របរដែលនាងបានទិញឱ្យទាំងប៉ុន្មាន ឱ្យមកនាងវិញ ជាហេតុធ្វើឱ្យខាងប្រុសខឹង ក៏ដោះខោអាវឱ្យទៅវិញភ្លាមនៅកណ្ដាលថ្នល់ សល់តែខោស្ល៊ីប ដើរចាកចេញទៅក្រោមខ្សែភ្នែករបស់មនុស្សម្នាជាច្រើនដែលនៅទីនោះ។

តាមរបាយការណ៍បានឱ្យដឹងថា ទាំង ២នាក់ចាប់ផ្ដើមប្រកែកគ្នាក្រោយដើរចេញពីភោជនីយដ្ឋានមួយ ដោយមិនមានអ្នកណាព្រមចុះចាញ់ឡើយ។ ខណៈពេលខឹងនោះ នាងក្រមុំបានស្ដីឱ្យគូស្នេហ៍ថា ជាមនុស្សគ្មានសមត្ថភាព មិនចេះធ្វើការរកលុយ និងរស់ដោយសារនាង…ពាក្យសម្ដីនេះ បានប៉ះពាល់ដល់កិត្តិយសរបស់អ្នកកំលោះយើងយ៉ាងខ្លាំង ធ្វើឱ្យគេប្រកាសលែងលះគ្នានៅពេលនោះតែម្ដង តែខាងស្រីនៅតែមិនព្រមឈប់ នាងប្រាប់ឱ្យអ្នកកំលោះប្រគល់គ្រប់យ៉ាងដែលនាងបានឱ្យទៅគេក្នុងអំឡុងពេលរស់នៅជាមួយគ្នា មកឱ្យនាងវិញទាំងអស់ រួមទាំងលុយកាក់ និងកាដូផ្សេងៗទៀតផង។

ពេលឮសូរបែបហ្នឹង ខាងប្រុសក៏ប្រាប់ទៅវិញថា គេនឹងត្រឡប់ទៅផ្ទះ ដើម្បីប្រមែប្រមូលរបស់គ្រប់យ៉ាង ហើយនិងបញ្ជូនទៅឱ្យនាងវិញនៅពេលក្រោយ…ក្រោយនិយាយចប់ គេឈានជើងប្រុងដើរចេញទៅ តែសង្សាររបស់គេ បានស្ទុះទៅឃាត់ និងប្រាប់ថា អាខោអាវដែលគេកំពុងស្លៀកហ្នឹង ក៏នាងទិញឱ្យដែរ និងបង្ខំឱ្យគេត្រូវតែដោះឱ្យនាងវិញនៅពេលនេះភ្លាម។ ការពិតទៅ នាងក្រមុំគ្រាន់តែត្រូវការឱ្យគូស្នេហ៍បញ្ឈប់ការគិតចង់លែងលះគ្នា ហើយសូមទោសនាងតែប៉ុណ្ណោះ តែសុខៗ ខាងប្រុសក៏ដោះខោអាវចេញអស់ ហើយគប់ដាក់មុខគូសង្សារដោយក្ដីក្រេវក្រោធ និងដើរចាកចេញទៅដោយមានតែខោស្ល៊ីប ១គត់ជាប់ខ្លួន។

លុះមកដល់ចំណុចត្រង់ហ្នឹង នាងក្រមុំមានអារម្មណ៍សោកស្ដាយចំពោះសម្ដីរបស់ខ្លួនឯង នាងអង្គុយចុះនៅលើផ្លូវ ឱនមុខទ្រហោយំ…តែអារម្មណ៍សោកស្ដាយនេះ ហាក់ដូចជាយឺតពេលទៅហើយ។ មនុស្សម្នាដែលដើរទៅមក បានថតរូបភាពហេតុការណ៍នេះ និងបានផូស្តនៅក្នុងប្រព័ន្ធបណ្ដាញសង្គម។ មានមនុស្សជាច្រើន បានពោលសរសើរពីភាពម៉ឺងម៉ាត់របស់អ្នកកំលោះ ខណៈដែលអ្នកខ្លះទៀត ដាស់តឿនថា មិនគួរប្រើពាក្យសម្ដីណាដែលបំផ្លាញផ្លូវចិត្តមនុស្សដែលយើងស្រឡាញ់ ដូចស្ត្រីនៅក្នុងឃ្លីបនោះទេ៕


