គណបក្សចលនាឆ្ពោះទៅមុខ (MFP) កំពុងស្ថិតនៅលើលំដាប់មួយខ្ពស់ជាងគេក្លាយជាគណបក្សមានសំឡេងធំបំផុតនៅក្នុងសភា ខណៈគណបក្សភឿថៃ មុននេះបន្តិច បាននិយាយថា ខ្លួននឹងទទួលយកការអញ្ជើញរបស់មេដឹកនាំគណបក្សដែលមានសំឡេងគាំទ្រច្រើនមួយនេះ គឺលោក ភីតា លីមចារឿនរ៉ាដ្ឋ (Pita Limjaroenrat) ឱ្យចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ដោយបញ្ជាក់ថា លោក ភីតា លីមចារឿនរ៉ាដ្ឋ ទទួលបានសិទ្ធិដឹកនាំរដ្ឋាភិបាល។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្សភឿថៃ ដែលដឹកនាំដោយលោកស្រី ភីថុងថន ស៊ីណាវ៉ាត្រា កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយបញ្ជាក់ថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីចូលរួមជាមួយរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សកំណែទម្រង់ចលនាឆ្ពោះទៅមុខ (MFP) បន្ទាប់ពីប្រជាជនថៃភាគច្រើនបានគាំទ្រមេដឹកនាំគណបក្សមួយនេះ និងបានបោះបង់រដ្ឋាភិបាលដែលមានទំនាក់ទំនងជាមួយយោធា ដែលកំពុងកាន់អំណាច។

ចំណែក លោក ភីតា លីមចារឿនរ៉ាដ្ឋ បាននិយាយថា លោកបានហៅទូរស័ព្ទទៅ លោកស្រី ភីថុងថន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាបេក្ខជននាយករដ្ឋមន្ត្រីដ៏សំខាន់របស់គណបក្សភឿថៃ ដើម្បីអបអរសាទរលទ្ធផលបោះឆ្នោត និងអញ្ជើញលោកស្រីឱ្យចូលរួមក្នុងក្រុមចម្រុះផងដែរ, មានន័យថា ជម្រើសរបស់ពួកគេគឺត្រូវចិត្តគ្នា។
គួរបញ្ជាក់ថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) និងគណបក្សភឿថៃ ត្រូវបានគេរំពឹងថា នឹងឈ្នះអាសនៈចំនួន ២៩២អាសនៈ ក្នុងចំណោម ៥០០អាសនៈនៅក្នុងសភាតំណាងរាស្រ្ត ខណ:គណបក្សចំនួន២ទៀត ដែលចូលបក្សសម្ព័ន្ធយោធាដ៏សំខាន់នោះទទួលបានត្រឹមតែ ៧៦ប៉ុណ្ណោះ។

ទោះជាបែបនេះក្ដី លទ្ធផលបោះឆ្នោតនេះ មិនទាន់អាចសម្រេចបានថា តើនរណានឹងក្លាយជានាយករដ្ឋមន្ត្រី ឬក៏នរណាអាចនឹងបង្កើតរដ្ឋាភិបាល បាននៅឡើយទេ ពីព្រោះការតែងតាំងនាយករដ្ឋមន្ត្រី ឬក៏ការបង្កើតរដ្ឋាភិបាល ត្រូវធ្វើឡើងតាមរយៈរដ្ឋសភា និងព្រឹទ្ធសភា ដែលអាចនឹងប្រព្រឹត្តទៅនៅ ខែកក្កដាឆ្នាំ២០២៣ ខាងមុខ។
ដូច្នេះ គណបក្សប្រឆាំងត្រូវរកដៃគូក្រុមចម្រុះ រីឯគណបក្សគាំទ្រដោយយោធាក៏ត្រូវរកដៃគូបង្កើតក្រុមចម្រុះដូចគ្នាដែរ។ បញ្ហាស្មុគស្មាញ គឺនៅត្រង់ថា សមាជិកព្រឹទ្ធសភា ទាំង២៥០នាក់ សុទ្ធតែត្រូវបានតែងតាំងដោយយោធា ម៉្លោះហើយ ពួកគេមុខជាមានទំនោរបោះឆ្នោតគាំទ្រដល់គណបក្ស ឬបេក្ខជននាយករដ្ឋមន្ត្រី ដែលគាំទ្រដោយ យោធា នោះហើយ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN




















