បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញសេចក្តីអំពាវនាវជាថ្មីមួយទៀតទៅកាន់អង្គការណាតូ (NATO) នៅថ្ងៃចន្ទម្សិលមិញនេះ ស្នើសុំឱ្យមានការសម្រេចចិត្តលើសមាជិកភាពរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលខែកក្កដា ឆ្នាំ២០២២នេះ ឱ្យបានប្រាកដប្រជាផង។

ការស្នើសុំនេះ ធ្វើឡើងស្របពេលគ្នាដែលអ៊ុយក្រែន និងលោកខាងលិចសហការគ្នាក្នុងការរើបង្រះផ្នែកសេរីភាពនិងលទ្ធិប្រជាធិបតេយ្យប្រឆាំងរុស្ស៊ី ហើយក៏ស្របពេលដែលលោកខាងលិចបានផ្តល់អាវុធជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីផងដែរ។ ការតស៊ូប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីរបស់ទីក្រុងកៀវ និងការអំពាវនាវស្នើចូលអង្គការណាតូឱ្យបានកាន់តែឆាប់នេះ គឺពិតណាស់ ទីក្រុងកៀវចង់បានការធានាសន្តិសុខកាន់តែខ្លាំងសម្រាប់ពេលអនាគត, ហើយសង្ឃឹមថា ទីក្រុងកៀវនឹងអាចក្លាយជាសមាជិកសម្ព័ន្ធមិត្តយោធារបស់ណាតូ ដែលគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលមួយ នៅឯទីក្រុងវីលនីញូស (Vilnius) នៃប្រទេសលីទុអានី ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

បើពិនិត្យមើលក្នុងសុន្ទរកថាតាមវីដេអូទៅកាន់កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ នៅទីក្រុងកូភិនហាជែន (Copenhagen) នៃប្រទេសដាណឺម៉ាក វិញ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា វាដល់ពេលហើយ ដើម្បីដកចេញនូវភាពមិនប្រាកដប្រជាផ្នែកសន្តិសុខដ៏ធំបំផុតនៅតំបន់អឺរ៉ុប ពោលគឺការអនុម័តលើការសម្រេចចិត្តខាងផ្នែកនយោបាយ ដ៏វិជ្ជមានលើសមាជិកភាពអ៊ុយក្រែន នៅក្នុងអង្គការណាតូ គួរតែត្រូវសម្រេចហើយ។
ពេលនេះផងដែរ លោក ហ្សេលេនស្គី កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសអឺរ៉ុប ដើម្បីស្វែងរកការគាំទ្រមុនពេលបើកប្រតិបត្តិការវាយបកដែលបានគ្រោងទុក ដើម្បីព្យាយាមដណ្តើមយកទឹកដី ដែលកាន់កាប់ដោយរុស្ស៉ីមកវិញ, ម្យ៉ាងចាប់តាំងពីរុស្ស៊ីចោទប្រកាន់ថា អ៊ុយក្រែន ជាអ្នកបញ្ជាដ្រូនចូលទៅវិមានក្រឹមឡាំងដើម្បីធ្វើឃាតលោកប្រធានាធិបតីរុស្សី លោក វ៉្លាឌីមៀ ពូទីន នោះ លោក ហ្សេលេនស្គី ពុំសូវហ៊ានធ្វើការនៅក្នុងទីក្រុងរដ្ឋបាលនៃប្រទេសអ៊ុយក្រែននោះទេ៕ ពិសិដ្ឋ CEN















