រាជធានីបាងកក៖ ប្រទេសថៃ បានបោះជំហានទៅមុខ សម្រាប់ជាពេលវេលាដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រនយោបាយរបស់ខ្លួន ហើយវាជាព្រឹត្តិការណ៍ថ្មីមួយផ្សេងទៀត ក្រោយការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ស្របពេលគណបក្សប្រឆាំងធំៗរបស់ប្រទេសអាស៊ានមួយនេះ ទទួលបានសំឡេងគាំទ្រខ្លាំង នាំមុខគណបក្ស ជាសម្ពន្ធមិត្តរបស់ពួកយោធានិយម។
សារព័ត៌មានរបស់ថៃ The Nation បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ ថា អត្រាអ្នកទៅបោះឆ្នោត បានកើនឡើង កាលពីថ្ងៃទី១៤ ខែឧសភា ហើយនេះជាការបង្ហាញ អំពីការខ្នះខ្នែង និង ការសាទរ នៅក្នុងចំណោមប្រជាជនថៃ ចេញទៅប្រើសិទ្ធិបោះឆ្នោតរបស់ពួកគេ។

ក្រោយការបិទមណ្ឌលបោះឆ្នោត នៅត្រឹមវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែឧសភា គណៈកម្មការ នៅតាមកន្លែងបោះឆ្នោតនីមួយៗ បានបើកហិបឆ្នោត ហើយចាប់ផ្តើមរាប់សន្លឹកឆ្នោត។ ក្រោយការរាប់សន្លឹកឆ្នោត ត្រូវបានបញ្ចប់ គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) នឹងជូនដំណឹង អំពីចំនួនសន្លឹកឆ្នោតសរុប។ នេះជាអ្វីដែលគេត្រូវរំពឹង ថា នឹងកើតឡើង នៅក្នុងខែកក្កដា និង សីហា។
មាត្រាទី៨៥ នៃច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ ចែងថា គណៈកម្មការរៀបចំបោះឆ្នោត (EC) ត្រូវតែប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោត នៅក្នុងរយៈពេល៦០ថ្ងៃ ចាប់ពីថ្ងៃបោះឆ្នោត។ នៅក្នុងរយៈពេល១៨០ថ្ងៃ ក្រោយការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ប្រជាជន ក៏នឹងអាចប្ដឹងជំទាស់នឹងលទ្ធផលនេះ ប្រសិនបើពួកគេជឿ ថា ការចំណាយរបស់គណបក្សនយោបាយ ឬ បេក្ខជន លើសពីចំនួនកំណត់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC)។

បេក្ខជនតំណាងរាស្រ្ដ មិនអាចចំណាយលើសពីជាង ១,៩លានបាត (លុយថៃ) ឬស្មើនឹងប្រហែល ៥៦ ២២៣ដុល្លារអាមេរិក សម្រាប់ការធ្វើយុទ្ធនាការបោះឆ្នោត។ រីឯគណបក្សនយោបាយនីមួយៗ ក៏មិនអាចចំណាយលើស ពីជាង៤៤លានបាត ឬស្មើនឹងប្រហែល ១,៣លានដុល្លារអាមេរិក សម្រាប់បេក្ខជនតំណាងរាស្រ្ដ នៅលើបញ្ជីគណបក្សរបស់ពួកគេ។ បទប្បញ្ញត្ដិនេះ មានប្រសិទ្ធភាព ចាប់ពីថ្ងៃដែលរដ្ឋសភា ត្រូវបានរំលាយ រហូតដល់ថ្ងៃបោះឆ្នោត។
កិច្ចប្រជុំសភាលើកដំបូង សម្រាប់ជ្រើសរើសប្រធាន និង អនុប្រធានរដ្ឋសភា ត្រូវរៀបចំឡើងដោយគណៈកម្មាធិការរៀបចំបោះឆ្នោត (EC) នៅក្នុងរយៈពេល១៥ថ្ងៃ បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។ ក្រោយពេលប្រធាន និង អនុប្រធានរដ្ឋសភា ត្រូវបានតែងតាំងរួចរាល់ហើយ នឹងមានកិច្ចប្រជុំរបស់សភាមួយផ្សេងទៀត សម្រាប់ការជ្រើសរើសតំណែងនាយករដ្ឋមន្ត្រី។

បើតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ នាពេលបច្ចុប្បន្ននេះ ការជ្រើសរើសតំណែងនាយករដ្ឋមន្ត្រី ត្រូវតែទទួលបានសំឡេងគាំទ្រ ពីសភាទាំង២យ៉ាងតិច ៣៧៦សំឡេង នៅក្នុងចំណោមសមាជិកសភា ចំនួន៥០០អាសនៈ និង សមាជិកព្រឹទ្ធសភា ចំនួន២៥០អាសនៈ។ ចំណែកនាយករដ្ឋមន្ត្រីជាប់ឆ្នោត អាចបង្កើតគណៈរដ្ឋមន្ត្រីបាន ខណៈគាត់ត្រូវបានព្រះមហាក្សត្រ គាំទ្រ។ គណៈរដ្ឋមន្រ្ដីថ្មី ក៏ត្រូវគេរំពឹង ថា នឹងតែងតាំង នៅដើមខែសីហា។
គណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ទទួលបានសំឡេងគាំទ្រច្រើនជាងគេ នឹងចាប់ដៃគូ ជាមួយនឹងគណបក្សគណបក្សភឿថៃ (Pheu Thai) រួមជាមួយនឹងគណបក្សចំនួន៤ផ្សេងទៀត ដើម្បីធ្វើឲ្យប្រាកដ ថា ព្រឹទ្ធសភា ដែលត្រូវបានតែងតាំងដោយរបបយោធា មិនអាចរារាំង ដល់សកម្មភាពរបស់ពួកគេ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះឡើយ។

គណបក្សសម្ពន្ធភាពទាំងនេះ រាប់បញ្ចូលទាំង គណបក្សថៃសាងថៃ (Thai Sang Thai) គណបក្សប្រាចាឆាត (Prachachart) គណបក្សសេរីភាពថៃ និងគណបក្សយុត្ដិធម៌។ គណបក្សសម្ពន្ធភាពទាំង៦នេះ ដែលទទួលបានអាសនៈដោយមិនទាន់បានប្រកាសជាផ្លូវការ រួមមាន គណបក្សចលនាឆ្ពោះទៅមុខ ទទួលបានអាសនៈចំនួន ១៥១, គណបក្សភឿថៃ ទទួលបានចំនួន១៤១អាសនៈ, គណបក្សប្រាចាឆាត ទទួលបានចំនួន៩អាសនៈ, គណបក្សថៃសាងថៃ ទទួលបានចំនួន៦អាសនៈ, គណបក្សសេរីភាពថៃ ទទួលបានចំនួន១អាសនៈ និង គណបក្សយុត្ដិធម៌ ទទួលបានចំនួន១អាសនៈ។ គណបក្សសម្ពន្ធភាពទាំងនេះ មានអាសនៈសរុប៣០៩។ បើទោះជាយ៉ាងណាក៏ដោយ កៅអីចំនួន៣០៩ នឹងនៅតែខ្វះកៅអីចំនួន៣៧៦ ដែលត្រូវការ សម្រាប់ធានា ថាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ គឺលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) នឹងទទួលបានការងារធំជាងគេ។
លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សចលនាឆ្ពោះទៅមុខ បានបញ្ជាក់ ថា គណបក្សចំនួន៥ បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការពិភាក្សាគ្នាលម្អិត ដូចជា បញ្ហាប្រជាពលរដ្ឋ នយោបាយ និង ផែនការធ្វើការងារ។ រីឯគណបក្សរបស់គាត់ នឹងបង្កើតអនុស្សរណៈ នៃការយោគយល់គ្នាមួយ ជាមួយគណបក្សទាំង៥នេះ ដើម្បីធានាឲ្យមានតម្លាភាព។

លោកប្រធានាគណបក្សចលនាឆ្ពោះទៅមុខ បានសង្កត់ធ្ងន់ ថា សម្ពន្ធភាពជាមួយនឹងគណបក្សនយោបាយចំនួន៦ នឹងមានចំនួនអាសនៈគ្រប់គ្រាន់ សម្រាប់ការបង្កើតរដ្ឋាភិបាល ដែលមានសំឡេង ភាគច្រើន។ ចំណែកគណៈកម្មាធិការប្រតិបត្តិគណបក្ស Move Forward កាលពីរសៀល ថ្ងៃចន្ទ បានជួបប្រជុំ ដើម្បីបង្កើតផែនទីបង្ហាញផ្លូវមួយ សម្រាប់ដោះស្រាយបញ្ហាដែលមានស្រាប់ និង បញ្ហាថ្មីៗ ដូចជា ការជំរុញសេដ្ឋកិច្ច និង កាត់បន្ថយវិសមភាព។
លោកប្រធានគណបក្សចលនាឆ្ពោះទៅមុខ បានបន្ថែមថា លោកនឹងធ្វើដំណើរ នៅទូទាំងប្រទេសដើម្បីថ្លែងអំណរគុណ ដល់ប្រជាជន សម្រាប់ការបោះឆ្នោតរបស់ពួកគេ ហើយក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋ រស់នៅទីក្រុងបាងកក នៅក្នុងការជួបជុំមួយ នៅវិមានប្រជាធិបតេយ្យ ផងដែរ។ ទន្ទឹមគ្នានេះដែរ គាត់នឹងបង្កើតរដ្ឋាភិបាលឲ្យបានឆាប់ តាមតែអ្វីដែលអាចធ្វើទៅបាន ដើម្បីធានា ថា ប្រជាពលរដ្ឋ ចាប់ផ្តើមទទួលបានអត្ថប្រយោជន៍ភ្លាមៗ បើទោះជាមានន័យ ថាគាត់បានជួយក្រសួងមួយចំនួន មួយរយៈយ៉ាងណាក៏ដោយ។

នៅពេលមានសំណួរចោទសួរថា តើគណបក្សចលនាឆ្ពោះទៅមុខ បានពិចារណាលើការចងសម្ពន្ធភាពជាមួយគណបក្សភូមិចៃថៃ (Bhumjaithai) ដែរឬទេ? លោក ភីថា បានអះអាង ថា គាត់ត្រូវតែគោរពតាមការសន្យារបស់គណបក្សចលនាឆ្ពោះទៅមុខ នៅក្នុងការបង្កើតសម្ពន្ធភាពជាមួយគណបក្សប្រឆាំងតែប៉ុណ្ណោះ។
ដោយឡែក ជុំវិញបញ្ហាការធ្វើវិសោធនកម្មច្បាប់ ស្តីអំពីការប្រមាថនោះ លោកប្រធាន បានបញ្ជាក់ទៀត ថា គាត់នឹងលើកឡើង អំពីបញ្ហានេះទៅពិភាក្សាគ្នា នៅក្នុងសភា។ ច្បាប់នេះ នឹងត្រូវតែធ្វើវិសោធនកម្ម ដើម្បីធានា ថា គ្មានអ្នកណាម្នាក់ រងផលប៉ះពាល់នោះឡើយ ខណៈបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ កំពុងតែជាប់ពន្ធនាគារ ដោយសារតែបទចោទប្រកាន់ ពីការប្រមាថព្រះមហាក្សត្រ។
លោក ភីថា បានបន្ថែម ថា ជម្លោះនយោបាយ ក្លាយជារឿងធម្មតា ហើយលទ្ធិប្រជាធិបតេយ្យជាឧបករណ៍ដ៏ល្អបំផុត សម្រាប់ដោះស្រាយបញ្ហានេះ។ បើទោះជាយ៉ាងណា វាអាចនឹងត្រូវការពេលវេលា និង ការអត់ធ្មត់ខ្លះ ដើម្បីដោះស្រាយបញ្ហានេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN













