ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត : និស្សិតទាំងអស់ បន្តខិតខំរៀនសូត្រដោយមិនឈប់ឈរពេញមួយជីវិត ទាំងការដុសខាត់ជំនាញ ឬការចាប់យកជំនាញថ្មីៗ ឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារពលកម្ម ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤

ក្រចេះ: ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តក្រចេះ។

ថ្លែងក្នុងពិធីនាថ្ងៃទី១៦ ខែឧសភានេះឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតថា សូមចូលរួមអបអរសាទរជាមួយសមណនិស្សិត និងនិស្សិតជ័យលាភីទាំង ៨០០ អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ហើយត្រូវទទួលសញ្ញាបត្រនាពេលនេះ បន្ទាប់ពីបានយកចិត្តទុកដាក់រៀនសូត្រ និងពុះពារជម្នះរាល់ការលំបាកអស់រយៈពេលជាច្រើនឆ្នាំ ហើយនេះក៏ជាជំហានថ្មីមួយទៀតនៅក្នុងជីវិតចំពោះការទទួលបាននូវការបញ្ជាក់អំពីគុណវុឌ្ឍិជាផ្លូវការ ក្នុងនាមជាមូលធនមនុស្សប្រកបដោយគុណភាព ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម-សាសនា និងបម្រើការងារនៅតាមក្រសួង-សា្ថប័នរដ្ឋ, វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានា។

ឯកឧត្តមបណ្ឌិតបន្តថា សូមចូលរួមត្រេកអរជាមួយមាតាបិតា អាណាព្យាបាល ដែលបានខិតខំតស៊ូទំនុកបម្រុងបុត្រធីតា ឱ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ចប់ចុងចប់ដើម។ នេះពិតជាមោទកភាពដ៏ត្រចះត្រចង់សម្រាប់ក្រុមគ្រួសារទាំងមូល, ជាពិសេសចំពោះគ្រួសារមួយចំនួន ដែលឪពុកម្តាយបងប្អូនមិនមានឱកាសសិក្សារៀនសូត្រ ក្នុងអំឡុងពេលដែលប្រទេសជាតិយើងមានសង្គ្រាមបែកបាក់វឹកវរ ដែលធ្វើឱ្យបាត់បង់ឱកាសគ្រប់យ៉ាងទាំងស្រុង ហើយក៏សូមអរគុណចំពោះគណៈគ្រប់គ្រង, សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលបានខិតខំរៀបចំសម្របម្រួលក្នុងដំណើរការបណ្តុះបណ្តាល និងបង្ហាត់បង្រៀនដល់និស្សិតរបស់យើង សំដៅធ្វើយ៉ាងណាចែករំលែកនូវចំណេះដឹង, ជំនាញ, បទពិសោធន៍ និងដំបូន្មានល្អៗ រហូតពួកគាត់អាចសម្រេចបាននូវជោគជ័យជាទីមោទនៈ។

ឯកឧត្តមបណ្ឌិតបន្ថែមទៀតថា ចំណេះដឹង ជាអំណាច។ សម្រាប់បុគ្គលម្នាក់ៗ ការអប់រំបានផ្តល់ឱ្យយើងនូវអំណាចដែលផ្តល់នូវសេរីភាព, ជម្រើស, ឥទ្ធិពលក្នុងការប្រកួតប្រជែង, ភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង ហើយក៏ជាមូលដ្ឋានក្នុងការបន្តកសាងអភិវឌ្ឍខ្លួនទៅមុខបន្ថែមទៀត ទាំងតាមការចាប់យកជំនាញថ្មី (Reskilling) និងការធ្វើទំនើបកម្មលើជំនាញដែលមានស្រាប់ (Upskilling) ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗកាន់តែប្រសើរ ជាពិសេសការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ថា ជាបទពិសោធន៍ផ្ទាល់ខ្លួន, យើងគួរកត់សម្គាល់ថា ជោគជ័យធំក្នុងគ្រប់កិច្ចការ គឺកើតពីការរួមផ្សំនៃជោគជ័យតូចៗជាច្រើនវេញបញ្ចូលគ្នា។ ជាក់ស្តែង ភាពជោគជ័យនៃការសិក្សានៅកម្រិតឧត្តមសិក្សា បានកើតចេញពីការបូកឡើងជាលំដាប់នៃជោគជ័យនៅខាងក្រោម ចាប់តាំងពីថ្នាក់បឋមសិក្សា និងមធ្យមសិក្សាទាំងពីរកម្រិតជាបន្តបន្ទាប់។ ដើម្បីទទួលបានជោគជ័យទាំងតូចទាំងធំ, យើងចាំបាច់ត្រូវ ប្រកាន់នូវទម្លាប់វិជ្ជមាន ដោយខិតខំបំពេញរាល់ភារកិច្ចឱ្យមានប្រសិទ្ធភាព, រស់រវើក, ហ្មត់ចត់, លឿនរហ័ស និងល្អជាប់ជាប្រចាំ  ព្រមជាមួយនឹងផ្នត់គំនិតនៃការដាក់ខ្លួនឱ្យទាបសាមញ្ញ ដោយទទួលយកការរៀនសូត្រពីគ្រប់មជ្ឈដ្ឋានជុំវិញ ដូចទៅនឹងលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ ដែលតែងរក្សាបាននូវភាពធនរឹងមាំក្នុងគ្រប់ស្ថានការណ៍ ហើយតស៊ូប្រឹងប្រែងលូតលាស់ក្នុងគ្រប់ឧបសគ្គដោយមិនបោះបង់។

ចុងបញ្ចប់ពិធីនេះឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត សូមនិស្សិតទាំងអស់ បន្តខិតខំរៀនសូត្រដោយមិនឈប់ឈរពេញមួយជីវិត ទាំងការដុសខាត់ជំនាញ ឬការចាប់យកជំនាញថ្មីៗ ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការនៃទីផ្សារពលកម្ម ជាពិសេស ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤នេះ ដែលនឹងនាំមកនូវកាលានុវត្តភាពសម្រាប់កំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕រក្សាសិទ្ធដោយ : សុវណ្ណារិទ្ធ

ចូលមើលព័ត៌មានថ្មីៗបន្ថែម