សញ្ញាជ្រៀតជ្រែករបស់ក្រុមលោកខាងលិចរួមជាមួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី មិនត្រឹមតែការផ្ដល់អំណោយជាថវិកា និងគ្រឿងសព្វាវុធប៉ុណ្ណោះទេ ពេលនេះ ថែមទាំងធ្វើសកម្មភាពក្បែរៗច្រកទ្វារសង្គ្រាមទៀតហើយ, ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការហោះស្ទាក់យន្តហោះ២គ្រឿង ដោយ១គ្រឿងជារបស់អាល្លឺម៉ង់ និង១គ្រឿងទៀតជារបស់បារាំង ត្រូវបានធ្វើឡើង ដោយស្របតាមក្បួនច្បាប់អន្តរជាតិ ស្តីពីការប្រើប្រាស់ដែនអាកាសនៅលើដែនទឹកអន្តរជាតិ ហើយយន្តហោះចម្បាំងរបស់ខ្លួនពុំបានធ្វើសកម្មភាព ដែលអាចបង្កគ្រោះថ្នាក់ដល់យន្តហោះបរទេសទាំង២ឡើយ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ រុស្ស៉ីបានឱ្យដឹងថា កងទ័ពអាកាសរបស់ខ្លួនបានបញ្ជូនយន្តហោះចម្បាំង Su-27 ទៅកាន់តំបន់សមុទ្របាល់ទិច ដើម្បីស្ទាក់ យន្តហោះ២គ្រឿងពិតប្រាកដមែន ដោយ១គ្រឿងជារបស់អាល្លឺម៉ង់ និង១គ្រឿងទៀតជារបស់បារាំង។ ទីក្រុងមូស្គូអះអាងថា យន្តហោះទាំង២គ្រឿងនេះបានព្យាយាមបំពាន ចូលដែនអាកាសរបស់ប្រទេសរុស្ស៉ី។ យន្តហោះរបស់អាល្លឺម៉ង់ ជាប្រភេទយន្តហោះល្បាត P-3C Orion ចំណែកយន្តហោះរបស់បារាំង គឺប្រភេទយន្តហោះល្បាតប្រឆាំងនាវាមុជទឹក អាត្លង់តិក ២ (Atlantique 2)។

សកម្មភាពនេះ ត្រូវបានក្រុមអ្នកតាមដានសង្គ្រាមនៅអ៊ុយក្រែន វាយតម្លៃថា នេះគឺជាការលូកដៃលឹប.លរបស់ក្រុមលោកខាងលិច ឬក៏ចង់ស្ទាបស្ទង់ចិត្តរបស់រុស្ស៊ីសាកមើលថា តើរុស្សីមានទំហំវិធានការធំប៉ុនណាមកលើក្រុមខ្លួន?!
គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ រុស្ស៉ី បានបញ្ជូនយន្តហោះចម្បាំង១គ្រឿង ឱ្យទៅអមដំណើរយន្តហោះរបស់កងទ័ពជើងទឹកអាល្លឺម៉ង់១គ្រឿង នៅលើសមុទ្របាល់ទិច ហើយកាលពីខែមីនា យន្តហោះដ្រូនអាមេរិក១គ្រឿងបានធ្លាក់ ក្នុងឧប្បត្តិហេតុប៉ះទង្គិចគ្នាជាមួយយន្តហោះចម្បាំង របស់រុស្ស៉ីនៅលើសមុទ្រខ្មៅនេះដែរ, ទាំងនេះក៏បង្ហាញអំពីសមត្ថភាពរបស់រុស្ស៊ីផងដែរថា រុស្ស៊ីបានត្រៀមការពារហ្មត់ចត់ រឹងមាំ មិនមែនចេះតែទន់ជ្រាយដូចក្រុមលោកខាងលិចគិតតែឯកឯងនោះឡើយ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN












