Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន បញ្ជូននាវាចម្បាំង២គ្រឿង ចល័តទៅកាន់ផ្ទៃទឹកនៃតំបន់ប៉ាស៉ីហ្វិកខាងលិច ប្រៀបដូចកំពុងបង្វឹកបង្ហាត់ពង្រឹងសមត្ថភាពខ្លួនឯង

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា យោធាចិននៅថ្ងៃអង្គារនេះ បានប្រកាសថា ក្រុមខ្លួនបានបញ្ជូននាវាចម្បាំង២គ្រឿង ចល័តទៅកាន់ផ្ទៃទឹកនៃតំបន់ប៉ាស៉ីហ្វិកខាងលិចសម្រាប់ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដែលការចល័តនេះកើតឡើងមិនយូរប៉ុន្មានឡើយ បន្ទាប់ពីនាវាផ្ទុកយន្តហោះចម្បាំងចិន សានទុង ទើបតែត្រឡប់មកពីបំពេញប្រតិបត្តិការល្បាតនៅឯតំបន់នោះ។

AFP រាយការណ៍ថា បើតាមទីបញ្ជាការភូមិភាគខាងត្បូងរបស់កងទ័ពចិន បានឱ្យដឹងថា ថ្មីៗនេះ នាវាចម្បាំង តាលៀន (Dalian) និងហ័ងសាន (Huangshan) បានធ្វើដំណើរទៅកាន់ទីតាំងមួយនៃតំបន់ប៉ាស៉ីហ្វិកខាងលិច ហើយបានធ្វើសមយុទ្ធការពារ និងវាយប្រហារ ដោយប្រើគ្រាប់ពិតនៅទីនោះ។ ការធ្វើលំហាត់យោធានៅតំបន់ដែនទឹកឆ្ងាយពីឆ្នេរប្រទេសចិននេះ កើតមានឡើងមិនជាយូរប៉ុន្មានឡើយ បន្ទាប់ពីក្រុមនាវាយោធាចិនដែល ដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង សានទុង (Shandong) ទើបតែត្រឡប់ចូលកំពង់ផែរបស់វាវិញ ក្នុងខែនេះ ក្រោយត្រូវបានចល័ត ទៅក្បែរកោះតៃវ៉ាន់ និងទៅដល់តំបន់ប៉ាស៉ីហ្វិកខាងលិច។

សូមបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំង សានទុង (Shandong) ស្ថិតក្នុងចំណោមនាវាផ្ទុកយន្តហោះចម្បាំង២គ្រឿង ដោយ១គ្រឿងទៀតឈ្មោះថា លាវនីង (Liaoning) ដែលចិនកំពុងធ្វើប្រតិបត្តិការ។

បើតាមការអះអាងរបស់ក្រុមអ្នកវិភាគផ្នែកយោធា លើកឡើងថា និយាយពីកងកម្លាំង និងបច្ចេកទេស អាចនឹងត្រូវប្រើពេលលើសពីមួយទសវត្សទៀត ទើបចិនអាចមានសមត្ថភាពខ្លាំងគ្រប់គ្រាន់ ក្នុងការប្រើប្រាស់នាវាផ្ទុកយន្តហោះចម្បាំងនៅឆ្ងាយពីឆ្នេររបស់ខ្លួនបានល្អ។

បើតាមយោធាចិន កាលពីខែមីនា នាវាយោធាចិន៤គ្រឿង ដែលដឹកនាំដោយនាវាសម្រាប់ការបើកការវាយប្រហារតាមផ្លូវទឹក ឈ្មោះថា ហៃណាន (Hainan) ក៏ទើបតែបញ្ចប់ការហ្វឹកហ្វាត់នៅដែនទឹកឆ្ងាយពីឆ្នេរជាលើកដំបូងផងដែរ ក្រោយចំណាយពេលប្រមាណជា៣០ថ្ងៃ ធ្វើដំណើរ ទៅកាន់តំបន់សមុទ្រចិនខាងត្បូង និងតំបន់ប៉ាស៉ីហ្វិកខាងលិច, ដូច្នេះ គេអាចមើលឃើញថា ចិនបានផ្លាស់ប្ដូរវេនគ្នាធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះ គឺដើម្បីបង្វឹកបង្ហាត់ខ្លួនឯងឱ្យរឹងរឹតតែមានសមត្ថភាពគ្រប់គ្រាន់៕ ពិសិដ្ឋ CEN

×