រាជធានីបាងកក៖ ថ្វីបើគណបក្សចលនាឆ្ពោះទៅមុខ (MFP) បានឈ្នះសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ក៏ពិតមែន ប៉ុន្ដែគណបក្សនេះ បានទទួលអាសនៈមិនគ្រប់គ្រាន់ សម្រាប់បង្កើតរដ្ឋាភិបាលថ្មីបាននោះឡើយ ហើយឥឡូវក្រៅតែពីចាប់ដៃគូជាមួយនឹងសម្ពន្ធភាពបក្សផ្សេងៗទៀតនោះ មេបក្ស MFP នេះ បានបង្វែរការចាប់អារម្មណ៍ ទៅលើសមាជិកព្រឹទ្ធសភា ដើម្បីអូសទាញពួកគេឲ្យទទួលបានសំឡេងគ្រប់ ចំនួន៣៧៦អាសនៈ តាមច្បាប់កំណត់ សម្រាប់ដំណើរការដ្ឋាភិបាលថ្មី។

សារព័ត៌មានរបស់ថៃ Bangkok Post បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៧ ខែឧសភា ថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) កំពុងតែព្យាយាមបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភា ឲ្យគាំទ្រលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ឲ្យក្លាយជានាយករដ្ឋមន្រ្ដី ស្របពេលគណបក្សនេះ កំពុងតែប្រមែប្រមូលនូវការគាំទ្រ មកពីគណបក្សផ្សេងៗទៀត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។
គណបក្សចលនាឆ្ពោះទៅមុខ (MFP) ក៏ជាអ្នករិះគន់ដ៏សំខាន់មួយ ដល់ព្រឹទ្ធសភា ត្រូវបានតែង ដោយក្រុមអ្នកដឹកនាំធ្វើរដ្ឋប្រហារយោធា ហើយកំពុងតែបញ្ចប់ ឬ ដកសិទ្ធិអំណាច នៅក្នុងការចូលរួមជាមួយនឹងសមាជិកសភា សម្រាប់ការជ្រើសរើសនាយករដ្ឋមន្រ្ដី ដូចមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ នៃប្រទេសថៃ។ ប៉ុន្ដែឥឡូវ គណបក្សនេះ កំពុងតែប្រឈមមុខការខ្វះខាតសំឡេង មិនគ្រប់គ្រាន់តាមច្បាប់កំណត់ ហើយត្រូវតែស្វែងរកនូវការគាំទ្រពីព្រឹទ្ធសភា។

ក្រោមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ការជ្រើសរើសនាយករដ្ឋមន្រ្ដី ពិតជាមានតម្រូវការចាំបាច់ យ៉ាងហោចណាស់ មានសំឡេងគាំទ្រ ចំនួន ៣៧៦សំឡេង ពីក្នុងចំណោមសមាជិកសភា ចំនួន៥០០អាសនៈ និង ព្រឹទ្ធសភា ចំនួន ២៥០អាសនៈ។ នេះមានន័យ ថា លោក ភីថា ប្រធានគណបក្សចលនាឆ្ពោះទៅមុខ នឹងត្រូវការសំឡេងគាំទ្រជាច្រើនបន្ថែមទៀត ពីគណបក្សផ្សេងៗទៀត ឬក៏ សមាជិកព្រឹទ្ធសភា។
លោក ឆៃថាវ៉ាត ធូឡាថុន (Chaithawat Tulathon) អគ្គលេខាធិការគណបក្សចលនាឆ្ពោះទៅមុខ (ហៅកាត់ MFP) បានបញ្ជាក់ ថា «គណបក្ស MFP បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ជួបជាមួយសមាជិកព្រឹទ្ធសភា ពិភាក្សាគ្នា កាត់បន្ថយនូវការព្រួយបារម្ភ ដែលពួកគេអាចនឹងមាន។ ចំណែកកង្វល់របស់សមាជិកព្រឹទ្ធសភា អាចនឹងគ្មានមូលដ្ឋាន។ ប្រសិនបើយើងអាចនិយាយបាន ពួកគេគួរតែបន្ធូរបន្ថយ។ បើទោះជាយ៉ាងណា ខ្ញុំនៅតែមានទំនុកចិត្ត ថា មានសមាជិកព្រឹទ្ធសភាមួយចំនួន មានភាពចាស់ទុំគ្រប់គ្រាន់ ហើយមិនចង់ឃើញនូវការជាប់គាំងនយោបាយ នៅក្នុងប្រទេសនោះឡើយ»។

ដោយឡែក សមាជិកព្រឹទ្ធសភាមួយចំនួន ធ្លាប់បង្ហាញនូវការព្រួយបារម្ភ អំពីបំណងប្រាថ្នារបស់គណបក្សចលនាឆ្ពោះទៅមុខ ធ្វើវិសោធនកម្ម ឬ លុបចោលមាត្រាទី១១២ នៃរដ្ឋធម្មនុញ្ញ ស្ដីពីការប្រមាថព្រះមហាក្សត្រ។
សម្ពន្ធភាពគណបក្សប្រឆាំង ចំនួន៦ គ្រោងនឹងចាប់ដៃគ្នា បង្កើតរដ្ឋាភិបាលចម្រុះនោះ រួមមាន គណបក្សចលនាឆ្ពោះទៅមុខ (MFP) ទទួលបាន១៥២អាសនៈ, គណបក្សភឿថៃ (Pheu Thai) ទទួលបាន១៤១អាសនៈ, គណបក្សប្រាចាឆាត (Prachachart) ទទួលបាន៩អាសនៈ,គណបក្សថៃសាងថៃ (Thai Sang Thai) ទទួលបាន៦អាសនៈ, គណបក្សសេរីភាពថៃ ទទួលបាន១អាសនៈ និង គណបក្សយុត្ដិធម៌ ទទួលបាន១អាសនៈ។ គណបក្សទាំង៦នេះ មានអាសនៈសរុប ត្រឹមតែ៣១០ប៉ុណ្ណោះ។ ដូច្នេះគណបក្សឈ្នះឆ្នោត ទាមទារការគាំទ្រ មកពីគណបក្សផ្សេងៗទៀត ឬ សមាជិកព្រឹទ្ធសភាមួយចំនួន សម្រាប់បង្គ្រប់ចំនួន ៣៧៦សំឡេង តាមច្បាប់រដ្ឋធម្មនុញ្ញកំណត់ សម្រាប់ជ្រើសរើសនាយករដ្ឋមន្រ្ដី។
បើតាមប្រភពផ្សេងៗទៀត បានអះអាង ថា លោក ឆៃថាវ៉ាត ធូឡាថុន (Chaithawat Tulathon) អគ្គលេខាធិការគណបក្សចលនាឆ្ពោះទៅ នៅថ្ងៃនេះ នឹងជួបជាមួយឥស្សរជនសំខាន់ៗជាច្រើនទៀត មកពីគណបក្សទាំងនេះ ដើម្បីពិភាក្សាគ្នា អំពីការបង្កើតរដ្ឋាភិបាលចម្រុះ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ជាបេក្ខជនមួយរូប នៅក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្ដី៣រូបរបស់គណបក្សភឿថៃ កាលពីថ្ងៃអង្គារ ក៏បានអំពាវនាវដល់គណបក្សផ្សេងៗទៀត ដែលទទួលបានអាសនៈ នៅក្នុងការបោះឆ្នោតសកល ជាពិសេស គណបក្សភូមិចៃថៃ (Bhumjaithai) និង គណបក្សប្រជាធិបតេយ្យ សូមជួយគាំទ្រដល់លោក ភីថា ឲ្យក្លាយជានាយករដ្ឋមន្ត្រី ដោយមិនចាំបាច់ត្រូវការការគាំទ្រ ពីសមាជិកព្រឹទ្ធសភា។ គាត់សង្ឃឹម ថា គណបក្សទាំងអស់ ដែលទទួលបានអាសនៈសភា នៅក្នុងការបោះឆ្នោតនេះ នឹងបោះឆ្នោតគាំទ្រលោក ភីថា ៕ រក្សាសិទ្ធដោយ ៖ សារាយSN













