ក្មេងស្រីតូចមានហេតុផលរបស់គេ! ក្មួយស្រីសុំឱ្យអ៊ំស្រីគេងជាមួយប៉ា ធ្វើឱ្យអ៊ំស្រីរូបស្អាតអស់សំណើច តែពេលដឹងពីមូលហេតុដ៏ស្មោះត្រង់ចេញពីមាត់ក្មេងស្រី ទើបប៉ា-ម៉ាក់ស្រឡាំងកាំង។
នៅឯមណ្ឌលហ៊ើពេយ ប្រទេសចិន ក្មេងស្រីតូចមួយ បានសុំអង្វរឱ្យអ៊ំស្រីរបស់នាង ទៅគេងជាមួយប៉ា លេងធ្វើឱ្យអ៊ំស្រីរូបស្អាតយើងអស់សំណើចឡើងផ្អើលផ្ទះ រហូតដល់អ្នកលេងបណ្ដាញសង្គម ចំអន់ថា ក្មេងតូចម្នាក់នេះឆ្លាតណាស់ ហើយថ្មើរណេះ លោកប៉ាប្រហែលជាខ្យល់គនៅក្នុងបន្ទប់ទឹកបាត់ទៅហើយ។

រឿងរ៉ាវចាប់ផ្ដើមពី អ៊ំស្រីរូបស្អាតដែលជាបងស្រីរបស់ម៉ាក់ ធ្វើដំណើរមកលេងផ្ទះគ្រួសារប្អូនស្រី និងត្រូវគេងនៅទីនោះ ១យប់។ ដោយសារតែក្ដីស្រឡាញ់ដែលក្មេងស្រីមានចំពោះអ៊ំស្រី និងលោកប៉ាខ្លាំងពេក សុខៗ ក្មេងស្រីតូច ក៏និយាយប្រយោគដ៏បរិសុទ្ធ និងស្មោះត្រង់បំផុត ដែលធ្វើឱ្យមនុស្សនៅក្នុងផ្ទះទាំងអស់ មើលមុខគ្នាឡឺនឡង់។
ក្មេងស្រីតូចនិយាយថា «អ៊ំ ប៉ាប៉ាអត់ស្រឡាញ់ម៉ាក់ទេ ហេតុអីបានអ៊ំមិនទៅគេងជាមួយប៉ាប៉ា?» ធ្វើឱ្យអ៊ំស្រីរូបស្អាតអស់សំណើចយ៉ាងខ្លាំង និងសួរទៅក្មេងស្រីតូចវិញថា «ចុះម៉ាក់ក្មួយឯងមានដឹងរឿងហ្នឹងទេ?»

ប៉ុន្តែនៅពេលដឹងការពិត ធ្វើឱ្យមនុស្សជាឪពុក និងម្ដាយ ស្រឡាំងកាំងកាន់តែខ្លាំងទៅទៀត ព្រោះតាមរយៈទស្សនៈរបស់ក្មេងតូច ការគេងលក់នៅក្នុងគំនិតរបស់ពួកគេ គឺគ្រាន់តែជាការគេងលក់ធម្មតាៗ១យប់ប៉ុណ្ណោះ ហើយក្មេងតូចៗក៏អាចទៅគេងជាមួយអ្នកណាៗក៏បានដែរ។
នៅពេលថយត្រឡប់ទៅមើលពីហេតុផល ថាតើហេតុអីបានជាក្មេងស្រីតូចម្នាក់នេះ និយាយចេញមកថា “ប៉ាអត់ស្រឡាញ់ម៉ាក់” ទើបដឹងថា អ្នកម៉ាក់ជាមេគ្រួសារ ហើយលោកប៉ា និងអ្នកម៉ាក់តែងតែឈ្លោះគ្នាជាប្រចាំ ហើយលោកប៉ាថែមទាំងជាមនុស្សស្លូត និងតាមតែចិត្តភរិយា ខណៈដែលអ្នកម៉ាក់វិញ ចូលចិត្តរអ៊ូរទាំ និងនិយាយច្រើនជាប់រហូត។
មូលហេតុទាំងនេះឯង ដែលធ្វើឱ្យក្មេងស្រីតូចមានអារម្មណ៍នៅឆ្ងាយពីម្ដាយ និងដោយសារតែសេចក្ដីស្រឡាញ់ដែលមានចំពោះលោកប៉ា និងអ៊ំស្រី ទើបធ្វើឱ្យនាងតូចនិយាយប្រយោគដ៏បរិសុទ្ធនេះចេញមក។ អាចនិយាយបានថា រឿងនេះ ឆ្លុះបញ្ចាំងពីបញ្ហាក្នុងគ្រួសារ ដែលអាចហុចផលប៉ះពាល់ដល់ក្មេងតូចៗបានដូចគ្នា៕








