Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី អួតពីការកម្ទេចប្រព័ន្ធការពារផាទ្រីយូត ចំពេលអ៊ុយក្រែនអះអាងពីការបាញ់ទម្លាក់មីស៊ីលលឿនជាងសំឡេង

រដ្ឋធានីកៀវ៖ រុស្ស៊ី បានបើកការវាយប្រហារ ដោយមីស៊ីលយ៉ាងសន្ធាប់ ទៅលើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន ហើយភ្លាមៗនោះ មន្រ្ដីក្រុងមូស្គូ បានអួតអាង អំពីការវាយប្រហារ កម្ទេចខែលការពារដ៏ទំនើបផលិតដោយអាមេរិក ខណៈក្រុងកៀវ វិញ ក៏បានអះអាង អំពីការបាញ់ទម្លាក់មីស៊ីល ចំនួន១៨គ្រឿង ហើយក្នុងនោះមានទាំងមីស៊ីល មានល្បឿនលឿនជាងសំឡេង ចំនួន៦គ្រឿងផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៧ ខែឧសភា ថា មន្រ្ដីសហរដ្ឋអាមេរិក ចំនួន២រូប បានអះអាង ថា ប្រព័ន្ធការពារមីស៊ីលផាទ្រីយ៉ូត ផលិតនៅសហរដ្ឋអាមេរិក ដែលកំពុងតែប្រើប្រាស់ ដោយកងទ័ពអ៊ុយក្រែន ទំនងជារងនូវការខូចខាត ពីការវាយប្រហាររបស់រុស្ស៊ី។ ប៉ុន្ដែខែលការពារនោះ មិនបានបង្ហាញ ថា វាត្រូវបានកម្ទេចនោះឡើយ។

ប្រព័ន្ធការពារ Patriot ជាអង្គភាពការពារដែនអាកាសដ៏ទំនើបមួយ ផ្គត់ផ្គង់ដោយលោកខាងលិច សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ប្រឆាំងនឹងយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី ដោយបានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ កន្លែងថាមពល និង ទីតាំងផ្សេងៗទៀត។

មន្ត្រីអាមេរិកមួយរូប បាននិយាយ ដោយសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និង ដកស្រង់ព័ត៌មានបឋម អះអាង ថា ក្រុងវ៉ាស៊ីនតោន និង ក្រុងកៀវ កំពុងតែនិយាយអំពីវិធីល្អបំផុត នៅក្នុងការជួសជុលប្រព័ន្ធការពារនេះ ហើយត្រង់ចំណុច មិនបានបង្ហាញ ថា ខែលការពារនោះ នឹងត្រូវដកចេញពីអ៊ុយក្រែន នោះឡើយ។

ប្រព័ន្ធការពារ Patriot ត្រូវបានគេចាត់ទុក ថា វាជាខែលការពារដែនអាកាសដ៏ទំនើបបំផុតមួយរបស់សហរដ្ឋអាមេរិក រួមទាំងប្រឆាំងនឹងយន្តហោះ កាំជ្រួចគ្រូស និង មីស៊ីលផ្លោងបាល្លីស្ទិក ផងដែរ។ បើតាមធម្មតា ខែលការពារនេះ នឹងរាប់បញ្ចូលទាំងឧបករណ៍បាញ់បង្ហោះ រួមជាមួយនឹងរ៉ាដា ហើយរថយន្តជំនួយផ្សេងៗទៀត។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា កម្លាំងទាហានរុស្ស៊ី បានវាយប្រហារកម្ទេចប្រព័ន្ធការពារ Patriot ផលិតដោយសហរដ្ឋអាមេរិក បាញ់ពីលើដីទៅអាកាស ដោយការប្រើប្រាស់មីស៊ីលមានល្បឿនលឿនជាងសំឡេង ប្រភេទឃិនហ្សាល់ (Kinzhal) នៅក្នុងការវាយប្រហារទៅលើអ៊ុយក្រែន កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ។

ដោយឡែក អ៊ុយក្រែន វិញ បានបញ្ជាក់ កាលពីព្រឹក ថ្ងៃអង្គារ ថា ប្រព័ន្ធការពារដែនអាកាសរបស់ក្រុងកៀវ បានបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី ចំនួន១៨គ្រឿង ដោយរាប់បញ្ចូលទាំងមីស៊ីល មានល្បឿនលឿនជាងសំឡេង ប្រភេទឃិនហ្សាល់ (Kinzhal) ចំនួន៦គ្រឿង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ផងដែរ។ ប៉ុន្ដែលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរុស្ស៊ី បានច្រានចោលនូវការអះអាងរបស់ក្រុងកៀវ។

បើទោះជាយ៉ាងណា មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក មិនទាន់បានធ្វើអត្ថាធិប្បាយ ឆ្លើយតបវិញភ្លាមៗនោះទេ ហើយគេមិនទាន់ដឹងច្បាស់អាវុធរបស់លោកខាងលិចប្រភេទណា ត្រូវបានអ៊ុយក្រែន ប្រើប្រាស់នោះដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×