ប្រវត្តិសាស្រ្ត មានន័យពីហេតុការណ៍ទាំងឡាយដែលកើតឡើងកាលពីអតីតកាល អាចជារឿងដែលមនុស្សបានធ្វើឡើង ឬជាហេតុការណ៍ដែលកើតឡើងតាមធម្មជាតិក៏មាន។ ប្រវត្តិសាស្រ្តមានទាំងរឿងរ៉ាវដែល “ល្អ” គួរឱ្យចងចាំ និងប្រាកដណាស់ វាក៏ត្រូវមានរឿងរ៉ាវដ៏ “អាក្រក់” ដែរ ហើយបន្តនេះគឺ ៥ហេតុការណ៍សំខាន់ៗ “ដ៏សែនអាក្រក់” ក្នុងប្រវត្តិសាស្រ្តដែលពិភពលោកគ្មានថ្ងៃបំភ្លេចបាន!!!

លំដាប់ទី៥៖ រញ្ជួយផែនដីនៅ តូហូគុ (Tohoku Earthquake)
“រញ្ជួយផែនដីនៅ តូហូគុ” ជាហេតុការណ៍រញ្ជួយផែនដីក្នុងប្រវត្តិសាស្រ្តមួយនៅក្នុងប្រទេសជប៉ុន ដែលកើតឡើងនៅថ្ងៃ១១ ខែមីនា ឆ្នាំ២០១១ ដោយការរញ្ជួយផែនដីក្នុងគ្រានោះ មានកម្លាំងដល់ទៅ ៩,០រិកទើរ៍ បង្កឱ្យកើតជាមហារលកយក្ស ស៊ូណាមិ ដែលមានកម្លាំងបំផ្លាញខ្ពស់ដល់ទៅ ៤០,៥ម៉ែត្រ។ ការរញ្ជួយផែនដីក្នុងគ្រានោះ បានសាងនូវភាពបាត់បង់ខូចខាតយ៉ាងធំធេងដល់ប្រទេសជប៉ុន។
អគ្គស្នងការប៉ូលិសជាតិនៃប្រទេសជប៉ុន បានបញ្ជាក់ថា មានមនុស្សស្លាប់បាត់បង់ជីវិតចំនួន ១៥ ៧២៩នាក់ រងរបួស ៥ ៧១៩នាក់ និងបាត់ខ្លួន ៤ ៥៣៩នាក់ ក្នុងផ្ទៃដី ១៨ខេត្ត។ អគារផ្ទះសំបេងត្រូវបានបំផ្លាញឱ្យខូចខាតអស់ជាង ១២៥ ០០០ខ្នង រួមទាំងហេតុការណ៍រោងចក្រអគ្គិសនីនុយក្លេអ៊ែរ ហ្វុគុឈិម៉ា ដៃអ៊ីឈិ ផ្ទុះឡើងជាហេតុធ្វើឱ្យមានសារធាតុវិទ្យុសកម្មបែកធ្លាយទៀតផង។

រដ្ឋាភិបាលជប៉ុនបានចេញមកប្រកាសថា សរុបថ្លៃខូចខាតដោយសារគ្រោះធម្មជាតិរញ្ជួយផែនដី និងមហារលកយក្សស៊ូណាមិនេះ អាចមានតម្លៃសរុបខ្ពស់ដល់ទៅ ៣០៩ ០០០លានដុល្លារសហរដ្ឋអាមេរិក ជាគ្រោះធម្មជាតិដែលមានតម្លៃសរុបនៃការខូចខាតច្រើនបំផុត ចាប់តាំងពីមានការកត់ត្រាទុកមក។ អាចរាប់បានថា ជាហេតុការណ៍មួយដែលធ្ងន់ធ្ងរ និងពិបាកបំផុតសម្រាប់ជនជាតិជប៉ុន។
លំដាប់ទី៤ ៖ ចលាចល ឡូស អ៊ែនជើលេស (Los Angeles Riots)
“ចលាចល ឡូស អ៊ែនជើលេស” ឬ “ចលាចល រ៉ត់នីយ៍ ឃិងស៍” គឺជាហេតុការណ៍ចលាចលដ៏អាក្រក់ និងសាងភាពខូចខាតដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្តសម័យថ្មីរបស់ប្រទេសអាមេរិក។ ក្នុងឆ្នាំ 1992 ដើមហេតុ កើតចេញពី រ៉ត់នីយ៍ ឃីងស៍ អ្នកទោសស្បែកខ្មៅម្នាក់ ដែលបានស្លាប់ដោយសារទង្វើជ្រុលហួសហេតុមួយរបស់ក្រុមប៉ូលិសស្បែក-ស ៤នាក់ ដោយកាមេរ៉ាសុវត្ថិភាពថតបានទង្វើដ៏សែនសាហាវឃោរឃៅទាំងនោះ។

តែបន្ទាប់មក នៅពេលមានការកាត់ក្តី នាយប៉ូលិសស្បែក-សទាំង ៤នាក់នោះ បែរជារួចខ្លួនយ៉ាងរំភើយ តាមរយៈដំណាក់ការច្បាប់របស់តុលាការយ៉ាងគ្មានកំហុសអ្វីទាំងអស់ សាងនូវក្តីមិនពេញចិត្តដល់ជនស្បែកខ្មៅទាំងឡាយយ៉ាងខ្លាំង ទើបកើតចេញជាមូលហេតុនៃការចលាចលខាងជាតិសាសន៍ដែលរីករាលដាលយ៉ាងឆាប់រហ័ស ដោយក្រុមប៉ូលិសមិនអាចទប់ទល់បាន។
លំដាប់ទី៣ ៖ ការដួលរលំរបស់មហាកំពែង ប៊ើរ៍លីន (Berlin Wall Falls)
“ការដួលរលំរបស់មហាកំពែង ប៊ើរ៍លីន” កំពែង ប៊ើរ៍លីន គឺជានិមិត្តរូបរបស់សង្រ្គាមត្រជាក់ដែលសាងឡើងនៅឆ្នាំ១៩៦១ ដោយសហភាពសូវៀតដែលមានតួនាទីគ្រប់គ្រងប្រទេសអាល្លឺម៉ង់ខាងកើតនៅក្នុងខណៈនោះ បានសាងកំពែងស៊ីម៉ង់ត៍មួយនេះឡើង ដើម្បីបែងចែកប្រទេសអាល្លឺម៉ង់ជា ២ផ្នែក រវាងខាងលិច និងខាងកើត។
ក្រោយពីកំពែងស៊ីម៉ង់ត៍មួយនេះត្រូវបានសាងឡើង វាបាននាំមកនូវភាពបាត់បង់ដល់ជនជាតិអាល្លឺម៉ង់ចំនួនដ៏ច្រើនតាមរយៈការគ្រប់គ្រងបែបរបបកុម្មុយនីស្ត និងថែមទាំងមានការលបលួចរត់គេចចេញពីទីនោះទៀតផង។ នៅនឹងកំពែងនេះ មានបង្កប់គ្រាប់មីនយ៉ាងច្រើន មានប៉មរបស់ទាហានយាមកាមជាង ៣០០ប៉ម ដែលត្រៀមជាស្រេចក្នុងការបាញ់សម្លាប់គ្រប់មនុស្សណា ដែលព្យាយាមចង់ឆ្លងទៅប៉ែកខាងលិច (ខាងប្រទេសអាល្លឺម៉ង់សេរី)។ មានជនជាតិអាល្លឺម៉ង់ខាងកើត ច្រើនជាង ១០០ ០០០នាក់បានព្យាយាមឆ្លងកំពែងប៊ើរ៍លីន តែធ្វើបានសម្រេចត្រឹមតែ ៥ ០០០ – ១០ ០០០នាក់ប៉ុណ្ណោះ។ ពួកគេភាគច្រើនត្រូវបានបាញ់សម្លាប់ដោយពួកទាហានយាមកំពែងនោះ និង ១ផ្នែកទៀត ត្រូវស្លាប់ដោយសារឧប្បត្តិហេតុ ដូចជា លង់ទឹកស្លាប់នៅក្នុងខ្សែបន្ទាត់ខណ្ឌចែកតំបន់កណ្តាលទន្លេ។

តែនៅឆ្នាំ១៩៨៩ ជនជាតិអាល្លឺម៉ង់ខាងកើតចំនួនដ៏ច្រើនមហាសាល បានរួមគ្នាប្រឆាំងតវ៉ារដ្ឋាភិបាលរបស់ខ្លួន រហូតបានទទួលជ័យជម្នះ ហើយថ្ងៃដួលរលំរបស់មហាកំពែងប៊ើរ៍លីន ក៏បានមកដល់។ បន្សល់នៅតែសំណាកកំបាក់កំបែកលើផ្នែកខ្លះទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ។ បិទឆាកព្រំដែនដែលត្រូវបិទឃាំងគ្នា រួមទាំងអស ២៨ឆ្នាំនោះទាំងស្រុង។
លំដាប់ទី២ ៖ វិបត្តិចំណាប់ខ្មាំងម៉ានីឡា (Manila Hostage Crisis)
“វិបត្តិចំណាប់ខ្មាំងម៉ានីឡា” កើតឡើងនៅថ្ងៃទី២៣ សីហា ឆ្នាំ២០១០ នៅពេលដែលលោក រ៉ូឡាន់ដូ មេនដូហ្សា អតីតនាយប៉ូលិសជាន់ខ្ពស់របស់ប្រទេសហ្វ៊ីលីពីន បានខឹងសម្បាយ៉ាងខ្លាំង ដែលត្រូវគេដកចេញពីមុខដំណែង ទើបបង្កឱ្យមានការចាប់ចំណាប់ខ្មាំង ដែលស្ថិតនៅក្នុងរថយន្តបឹសរបស់ក្រុមហ៊ុន ខាំងថៃ ត្រាវេល សឺវីស ជារថយន្តដឹកអ្នកទេសចរសញ្ជាតិហុងកុងចំនួន ២៥នាក់ ដោយមានលក្ខខណ្ឌសុំត្រឡប់ទៅបម្រើការងារជាមន្រ្តីប៉ូលិសជាថ្មីម្តងទៀត។
ហើយការចរចាសម្រុះសម្រួលមិនអាចបញ្ចប់ស្ថានការណ៍ដ៏តានតឹងនោះបានឡើយ ធ្វើឱ្យការចរចានោះត្រូវបរាជ័យទាំងស្រុង។ ប៉ូលិសហ្វ៊ីលីពីន ក៏សម្រេចចិត្តវាយសម្រុកចូលរំដោះចំណាប់ខ្មាំង និងបាញ់សម្លាប់ជនល្មើស តែជនល្មើសបានសម្លាប់ចំណាប់ខ្មាំងជនជាតិហុងកុងអស់ ៨នាក់បាត់ទៅហើយ។ ហេតុការណ៍នេះ បានសាងនូវភាពបាត់បង់ដល់ក្រុមគ្រួសាររបស់ជនរងគ្រោះយ៉ាងមិនអាចកាត់ថ្លៃបាន។ តាមរយៈសោកនាដកម្មនេះអ្នកសារព័ត៌មានភាគច្រើន ទាំងក្នុងប្រទេស និងអន្តរជាតិសុទ្ទតែមានការយល់ឃើញដូចៗគ្នាថា វាជាប្រតិបត្តិការជួយចំណាប់ខ្មាំង ដែលបរាជ័យយ៉ាងគួរឱ្យខ្មាស ដោយសារតែអាជ្ញាធរប៉ូលិសទាំងនោះគ្មានបទពិសោធន៍ និងគ្មានភាពប៉ិនប្រសប់ បញ្ជាការយ៉ាងយឺតយ៉ាវ ធ្វើឱ្យត្រូវបាត់បង់ជីវិតចំណាប់ខ្មាំងអស់ជាច្រើននាក់ ទាំងដែលហេតុការណ៍នេះ មានជនល្មើសតែ ១នាក់គត់ប៉ុណ្ណោះ។

លំដាប់ទី១ ៖ ហេតុការណ៍ភេវរកម្មក្នុងទីក្រុងមុយនិក (Munich Olympics Hostage Situation)
“ហេតុការណ៍ភេវរកម្មក្នុងទីក្រុងមុយនិក” កើតឡើងក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ១៩៧២ ក្នុងទីក្រុងមុយនិក ប្រទេសអាល្លឺម៉ង់ខាងលិច។ អាចរាប់បានថា ជាសោកនាដកម្មយ៉ាងមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្រ្តកីឡាអូឡាំពិក នៅពេលដែលក្រុមភេវរករជនជាតិប៉ាឡេស្ទីនដែលហៅខ្លួនឯងថា ជាក្រុមខែកញ្ញាទមិឡ (BLACK SEPTEMBER) ទាំងអស់ ៨នាក់ ព្រមទាំងអាវុធគ្រប់ដៃ និងគ្រាប់បែកផងនោះ បានសម្រុកចូលវាយប្រហារបន្ទប់ស្នាក់នៅរបស់អ្នកកីឡាជនជាតិអ៊ីស្រាអែលនៅក្នុងបុរីកីឡាករ សម្លាប់អ្នកកីឡាជនជាតិអ៊ីស្រាអែលស្លាប់ភ្លាមៗនៅនឹងកន្លែង ២នាក់ ព្រមទាំងចាប់ខ្លួនអ្នកកីឡា និងក្រុមមន្រ្តីជនជាតិអ៊ីស្រាអែល ៩នាក់ទៀតធ្វើជាចំណាប់ខ្មាំង។
ក្រុមភេវរករបានទាមទារឱ្យដោះលែងសមាជិករបស់ក្រុមខ្លួន ចំនួន ២៣៦នាក់ ដែលត្រូវជាប់ក្នុងពន្ធនាគារនៅទូទាំងពិភពលោក តែការចរចាត្រូវបរាជ័យ។ ពួកភេវរករក៏ធ្វើការសម្លាប់ចំណាប់ខ្មាំងទាំង ៩នាក់ចោល។ នៅទីបំផុតពួកភេវរករក៏ត្រូវបានបាញ់សម្លាប់អស់ ៥នាក់ និងយល់ព្រមប្រគល់ខ្លួន ៣នាក់ ជាហេតុធ្វើឱ្យការប្រកួតកីឡាអូឡាំពិកនៅគ្រានោះ ក្លាយជាការប្រកួតកីឡាលំដាប់អន្តរជាតិមួយដ៏សែនសោកសៅបំផុត។ ទង់ជ័យតំណាងកីឡាអូឡាំពិក ត្រូវបានទម្លាក់មកនៅត្រឹមពាក់កណ្តាលដង ដើម្បីសម្តែងពីភាពសោកស្តាយ តែការប្រកួតនៅតែដំណើរការបន្តទៅទៀតជាធម្មតា៕
































