កណ្តាល ៖ ឯកឧត្តម គង់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា វិស័យព្រះពុទ្ឋសាសនាថា បានដើរតូនាទីសំខាន់ក្នុងការជួយកសាងប្រទេសជាតិ ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ឋនានា និងការផ្តល់ឱវាទអប់រំសីលធម៌សង្គម។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាស ដែលឯកឧត្តមអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីសន្និបាតមន្រ្តីសង្ឃគណៈមហានិកាយទូទាំងខេត្តកណ្តាល រយៈពេលល៥ឆ្នាំ(២០១៨-២០២៣) នៅសាលប្រជុំធំសាលាខេត្ត កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបញ្ជាក់ថា ក្រៅពីការងារក្នុងវិស័យព្រះពុទ្ធសាសនា ព្រះសង្ឃក៍បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន ដូចជាបានជួយកសាង ផ្លូវថ្នល់ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងការងារសង្គមកិច្ចមានដូចជា ការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ ដល់ពុទ្ធបរិស័ទ ជាពិសេស បានរួមចំណែកដោយស្មោះស្ម័គ្រជាមួយកាកបាទក្រហមកម្ពុជា និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពជន ចាស់ជរា ស្ត្រី និងកុមារនៅទូទាំងខេត្ត ។

ឯកឧត្តមបានមានប្រសាសន៍ថា សុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនិងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាពនិងបរិយាប័ន្ន។
តាមសង្ឃដីការព្រះវិន័យធរគណខេត្តខេត្តកណ្តាល មានសម្ដេចព្រះកិត្តិយស២អង្គ ព្រះរាជាគណៈថ្នាក់ទោ៣អង្គ ព្រះរាជាគណៈថ្នាក់ចត្វា១អង្គ ព្រះរាជាគណៈថ្នាក់កិត្តិយស ៧២អង្គ មន្ត្រីសង្ឃ ខេត្ត៦អង្គ ព្រះអនុគណក្រុង-ស្រុក ១១អង្គ ព្រះគ្រូ ១៥៣អង្គ ជំនួយការសាលាគណខេត្ត៤អង្គ។ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសង្ឃប្រកាសស្តីពីការកំណត់បែងចែកភារកិច្ច ព្រះមន្ត្រីសង្ឃខេត្ត-រាជធានី ស្រុក-ខណ្ឌ-ក្រុង និងវត្ត ដើម្បីសម្រួលការងារសាលាគណសាលាអនុគណនិងវត្ត ពង្រីកការអនុវត្តការងាររបស់មន្ត្រីសង្ឃ ធានាគុណភាព ប្រសិទ្ធភាពការងាររបស់គណៈសង្ឃ ។

ឯកឧត្តមបញ្ជាក់ថា ពិធីសន្និបាតមន្ត្រីសង្ឃគណៈមហានិកាយទូទាំងខេត្តកណ្តាល ដែលប្រារព្ធធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពិនិត្យមើលសិក្សានិងវាយតមៃ្លទៅលើលទ្ធផលនៃការអនុវត្តសង្ឃប្រកាស របស់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃក្នុងឆ្នាំកន្លងទៅ ជាពិសេស ដើម្បីពិនិត្យពិភាក្សាផ្លាស់ប្ដូរយោបល់លើការងារក្នុងវិស័យពុទ្ធសាសនា សំដៅពង្រឹងគុណភាពលើអភិបាលកិច្ច គ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ និងរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងរបស់មន្ត្រីសង្ឃ ការបដិបត្តិធម៌វិន័យរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ការលើកកំពស់ការអប់រំចរិយាធម៌ សីលធម៌សង្គមនិងការពង្រឹង គុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍន៍ធនធានបព្វជិតពុទ្ធសាសនិក ធានាបាននូវការលើកកំពស់ កិត្យានុភាពព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ព្រមទាំងពង្រឹងតួនាទីភារកិច្ចរបស់ព្រះសង្ឃ ក្នុងការចូលរួមការងារអប់រំសីលធម៌ក្នុងសង្គម ជាពិសេសការរួមចំណែក ក្នុងការអនុវត្តកម្មវីធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ កំណើនការងារសមធម៌និងប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ៕








