រាជធានីបាងកក៖ ថ្វីបើគណបក្សចលនាឆ្ពោះទៅមុខ បានឈ្នះអាសនៈច្រើន នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងប្រទេសថៃ ក៏ពិតមែន ប៉ុន្ដែសំឡេងឆ្នោតទាំងនេះ នៅតែមិនទាន់គ្រប់គ្រាន់ តាមច្បាប់កំណត់ ចំនួន៣៧៦អាសនៈ សម្រាប់ការបង្កើតរដ្ឋាភិបាលថ្មីដដែល ប៉ុន្ដែបើតាមទូរទស្សន៍ Nation TV បានវាយតម្លៃលើទិដ្ឋភាពនយោបាយនេះ ដោយមានសេណារីយ៉ូ ចំនួន៤ សម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី ហើយមានវិធីសាស្រ្ដត្រឹមតែពីរប៉ុណ្ណោះ អាចជួយឲ្យមេបក្សប្រឆាំង លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ក្លាយជានាយករដ្ឋមន្រ្ដី។

សារព័ត័មានរបស់ថៃ The Nation បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ថា គណបក្សចលនាឆ្ពោះទៅមុខ បានឈ្នះអាសនៈ ចំនួន១៥២ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ។ ប៉ុន្ដែចំនួនអាសនៈទាំងនេះ នៅតែមិនទាន់មានចំនួនគ្រប់គ្រាន់ សម្រាប់ជួយឲ្យមេបក្សប្រឆាំង លោក ភីថា ក្លាយជានាយករដ្ឋមន្រ្ដីទី៣០របស់ប្រទេសថៃ។
លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សចលនាឆ្ពោះទៅមុខ នឹងត្រូវការសំឡេងភាគច្រើន យ៉ាងតិចចំនួន៣៧៦ នៅក្នុងចំណោមសមាជិកសភា៥០០នាក់ ប្រសិនបើមិនចាំបាច់មានការគាំទ្រ ពីសំឡេងរបស់ព្រឹទ្ធសភា ចំនួន២៥០អាសនៈ ដែលត្រូវបានតែងតាំង ដោយរបបយោធា។ ប៉ុន្ដែមានសេណារីយ៉ូចំនួន៤ នឹងអាចបង្កើតរដ្ឋាភិបាលថ្មីបាន រួមមាន៖

រដ្ឋាភិបាលសេរីទាំងស្រុង ដោយមានលោក ភីថា ជានាយករដ្ឋមន្រ្ដី៖ បើតាមរូបមន្ដនេះ គឺលោក ភីថា នឹងដឹកនាំសម្ពន្ធមិត្តចម្រុះ ដោយមានសមាជិកសភា ចំនួន ៣១០ មកពីគណបក្សចលនាឆ្ពោះទៅមុខ (Move Forward មាន១៥២អាសនៈ), គណបក្សភឿថៃ (Pheu Thai មាន១៤១អាសនៈ), គណបក្សប្រាចាឆាត (Prachachat មាន៩អាសនៈ), គណបក្សថៃសាងថៃ (Thai Sang Thai មាន៦អាសនៈ), សេរីរួមថៃ (Sereeruamthai មាន១អាសនៈ) និង គណបក្សយុត្ដិធម៌ (មាន១អាសនៈ)។
គណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ក៏មានសេចក្ដីរាយការណ៍ ថា បានពិភាក្សាជាមួយគណបក្សទាំងនេះរួចមកហើយ ដើម្បីធានា ថា ព្រឹទ្ធសភាមានចំនួន២៥០អាសនៈ ត្រូវបានតែងតាំង ដោយរបបយោធា នឹងមិនអាចរារាំងដល់សកម្មភាពរបស់គណបក្សទាំងនេះ នៅក្នុងការបង្កើតរដ្ឋាភិបាល។ បើទោះយ៉ាងណានេះក្ដី គណបក្សរបស់លោក ភីថា នឹងត្រូវការកៅអីចំនួន៦៦អាសនៈផ្សេងទៀត មកពីគណបក្សនានា ដែលទទួលបានអាសនៈ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដើម្បីធានា ថា លោក ភីថា នឹងដឹកនាំរដ្ឋាភិបាលថ្មីនេះ។

ទុកចោលព្រឹទ្ធសភាមួយឡែកសិន ព្រោះលោក ភីថា ក្លាយជានាយករដ្ឋមន្រ្ដី៖ រូបមន្ដនេះ នឹងផ្តល់ឱ្យមានសមាជិកសភា សរុប ៣៨០នាក់ ដោយដកយកពីគណបក្សចលនាឆ្ពោះទៅមុខ (Move Forward មាន១៥២អាសនៈ) គណបក្ស Pheu Thai (មាន១៤១អាសនៈ) គណបក្ស Prachachat (មាន៩អាសនៈ) គណបក្ស Thai Sang Thai ( មាន៦អាសនៈ) គណបក្ស Sereeruamthai ( មាន១អាសនៈ) និង គណបក្សយុត្ដិធម៌ (មាន១អាសនៈ) ដោយបូករួមទាំងគណបក្សភូមិចៃថៃ (មាន៧០អាសនៈ) បន្ថែមទៀត។
សេណារីយ៉ូនេះ នឹងធានា ថា មេបក្សប្រឆាំង លោក ភីថា អាចក្លាយជានាយករដ្ឋមន្ត្រីថ្មី។ បើទោះជាយ៉ាងណាក៏ដោយ ការចរចាបង្កើតគណបក្សចម្រុះនេះ អាចប្រឈមមុខនឹងឧបសគ្គជាច្រើន ដោយសារតែ គណបក្សចលនាឆ្ពោះទៅមុខ និង គណបក្សភូមិចៃថៃ កាលពីមុន ធ្លាប់បដិសេធ មិនព្រមសហការគ្នា ដោយសារតែការកើតមានជម្លោះ នៅក្នុងអំឡុងការពិភាក្សា នាពេលកន្លងមក៕ រក្សាសិទ្ធដោយ ៖ សារាយSN







