Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំអ៊ុយក្រែន ចាប់ឃុំខ្លួន និងដកតំណែងប្រធានតុលាការកំពូលរបស់ខ្លួន ពាក់ព័ន្ធរឿងពុករលួយ

រដ្ឋធានីកៀវ៖ ស្របពេលរដ្ឋាភិបាលក្រុងកៀវ បាន និង កំពុងតែធ្វើសង្គ្រាម ទប់ទល់នឹងកម្លាំងទាហានរបស់ក្រុងមូស្គូ អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ អាជ្ញាធរប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់អ៊ុយក្រែន បានឃាត់ខ្លួន និង ដកហូតតំណែងប្រធានតុលាការរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ជុំវិញការចោទប្រកាន់ ពីបទស៊ីសំណូកប្រាក់រាប់លានដុល្លារអាមេរិក។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃពុធ ទី១៧ ខែឧសភា ថា  រដ្ឋអាជ្ញាអ៊ុយក្រែន បានឃុំខ្លួនប្រធានតុលាការកំពូលរបស់ប្រទេសមួយនេះ ជុំវិញការចោទប្រកាន់ អំពីបទស៊ីសំណូក។ ការចាប់ខ្លួននេះ បានកើតឡើង ត្រឹមតែរយៈពេល១ថ្ងៃ ក្រោយពេលក្រុមអ្នកស៊ើបអង្កេតពិសេស បានបញ្ជាក់ ថា ពួកគេបានលាតត្រដាងកម្រិតអំពើពុករលួយទ្រង់ទ្រាយធំ នៅក្នុងស្ថាប័នតុលាការកំពូលរបស់អ៊ុយក្រែន។

បើទោះជាយ៉ាងណា ក្រុមរដ្ឋអាជ្ញាមិនបានបញ្ចេញឈ្មោះមន្រ្ដីរូបនោះឡើយ ហើយគ្រាន់តែនិយាយ ថា  ពួកគេនៅមិនទាន់បានបំពេញមុខងារជាផ្លូវការ ជាមួយនឹងសេចក្តីជូនដំណឹង នៃការសង្ស័យនេះនៅឡើយ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ កាលពីថ្ងៃចន្ទ ថា ប្រធានចៅក្រម លោក វីសេវ៉ូឡូដ ខ្ញៀហ្សេវ (Vsevolod Kniaziev) ត្រូវបានឃុំខ្លួន ក្រោមការចោទប្រកាន់ ពាក់ព័ន្ធនឹងការស៊ីសំណូក មានទឹកប្រាក់៣លានដុល្លារអាមេរិក។

លោក អូឡែកស៊ី ហ្គោឆារេនកូ (Oleksiy Goncharenko) សមាជិកសភារបស់អ៊ុយក្រែន បានបញ្ជាក់ ថា នេះជាមន្រ្ដីកាន់តំណែងដ៏ខ្ពស់បំផុត នៅក្នុងប្រវត្ដិសាស្រ្ដរបស់អ៊ុយក្រែន ត្រូវបានចាប់ខ្លួន ពីបទស៊ីសំណូក។

ការិយាល័យប្រឆាំងនឹងអំពើពុករលួយ បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាម និង ហ្វេសប៊ុក ថា  ការស៊ើបអង្កេតរួមគ្នា ជាមួយនឹងការិយាល័យជំនាញរបស់រដ្ឋអាជ្ញាប្រឆាំងនឹងអំពើពុករលួយ បានរកឃើញ អំពើពុករលួយទ្រង់ទ្រាយធំបំផុត នៅក្នុងតុលាការកំពូល។ សកម្មភាពនេះ ដោយសម្ដៅទៅលើប្រធាន និង ក្រុមចៅក្រម នៃតុលាការកំពូល ទទួលសំណូកជាច្រើនករណី។

លោក អូឡិចសាន់ដឺ អូមេលឆិនកូ (Oleksandr Omelchenko) រដ្ឋអាជ្ញានៃការិយាល័យជំនាញរបស់រដ្ឋអាជ្ញាប្រឆាំងនឹងអំពើពុករលួយ (SAPO) បានបញ្ជាក់ ថា ប្រធានតុលាការកំពូលអ៊ុយក្រែន ត្រូវបានឃាត់ខ្លួន ក្រោមការសង្ស័យ ពាក់ព័ន្ធនឹងការស៊ីសំណូក។

បើទោះជាយ៉ាងណា លោករដ្ឋអាជ្ញារូបនេះ មិនបានបង្ហើប ពីអត្តសញ្ញាណរបស់ចៅក្រមកំពូលរូបនោះឡើយ ប៉ុន្តែរហូតមកដល់ពេលនេះ គេបានដឹង ថា ប្រធានតុលាការកំពូលរូបនោះ មានឈ្មោះ វីសេវ៉ូឡូដ ខ្ញៀហ្សេវ (Vsevolod Kniaziev)។ ក្រោយការឃាត់ខ្លួនលោកប្រធានតុលាការរូបនេះ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះស្ថាប័នយុត្ដិធម៌កំពូលមួយនេះ បានកោះប្រជុំពេញអង្គជាបន្ទាន់មួយ បោះឆ្នោតដកសេចក្តីទុកចិត្ត និង ដកតំណែងប្រធានតុលាការ ពីលោក វីសេវ៉ូឡូដ ខ្ញៀហ្សេវ (Vsevolod Kniaziev) តែម្ដង៕ រក្សាសិទ្ធដោយ ៖ សារាយSN

×