រាជធានីភ្នំពេញ ៖ លោក ប៉ាក់ សុខុម រដ្នលេខាធិការក្រសួងទេសចរណ៍បាន ប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមជ័យលាភីចំនួន ១៣០០នាក់ នៅវិទ្យស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។
លោក បានលើកឡើងថាកក្តាសុខសន្តិភាព គឺជាមូលដ្ឋានស្នូលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដូចនេះយុវជនកម្ពុជា ត្រូវខិតខំថែរក្សាឲ្យបានស្ថិតថេរ និងជ្រោមជ្រែងការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជំរុញការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។ លោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ភាគីឯកជន និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែគាំទ្រ សហការ និងយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍជំនាញវិជ្ជាជិវៈទេសចរណ៍ ដោយបានអនុវត្តនូវបទដ្ឋានគិតយុត្ត យន្តការ និងឯកសារទ្រទ្រង់នានា ដែលក្រសួងទេសចរណ៍បានដាក់ចុះ ជាពិសេសបានគិតគូរដល់ការពង្រឹង និងទទួលស្គាល់ជំនាញរបស់អ្នកកំពុងបម្រើការងារសេវាកម្មតុកា អាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍ តាមរយៈការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពជាក់ស្តែង ដែលសកម្មភាពនេះឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រដែលបានដាក់ចុះរួមមាន: ឆ្នាំ២០២០ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន៥០% ។ ឆ្នាំ២០២៥ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន១០០% ដោយចូលរួមជម្រុញផ្សព្វផ្សាយយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ”។ ឆ្នាំ២០៣០ ទេសចរណ៍កម្ពុជា នឹងចូលរួមសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ SDGs ចំណុចលេខ ៤ និង ៨។
សូមរំលឹកផងដែរថា ជាមួយនឹងកំណើនទេសចរជាតិ និងអន្តរជាតិ ដ៏ខ្លាំងក្លា នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍ បានបង្កើតការងារផ្ទាល់បានប្រមាណ ៦២ ម៉ឺននាក់ ស្មើនឹង១២.៣% នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានប្រមាណ ជិត១លាននាក់ និង ២០២៥ ជិត ១.២លាននាក់ និង ឆ្នាំ២០៣០ បានចំនួន ២លាននាក់ ដោយមិនគិតពីការងារដោយប្រយោល រាប់សិបម៉ឺននាក់ទៀត។
ក្រសួងទេសចរណ៍បង្កេីតឲ្យមានក្រុមគ្រូបង្គោលចល័តជំនាញទេសចរណ៍ដែលស្ម័គ្រចិត្តជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅកតាមមូលដ្ឋានអាជីវកម្ម និងបណ្តាខេត្តឆ្ងាយៗ។
លោកឡី សុភាព នាយកសាលាទេសចរណ៍និងបដិសណ្ឋារកិច្ចកម្ពុជា បានកោតសរសើរដល់ សិក្ខាកាមជ័យលាភីចំនួន ១៣០០នាក់ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈដែលទទួលបានចំណេះដឹងថ្មីៗស្របតាមស្តង់ដារអាស៊ាន និងពង្រឹងសមត្ថភាពសេវាកម្មទេសចរណ៍របស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀត និងវាយតម្លៃខ្ពស់ចំពោះគ្រូបង្គោលចល័តចំនួន ២២រូប ដែលបានស្ម័គ្រចិត្តចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងការចែករំលែកចំណេះដឹង និងបណ្តុះបណ្តាលយុវជនកម្ពុជា លើជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ ឲ្យមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងអភិវឌ្ឍអាជីពក្នុងជំនាញវិជ្ជាជិវៈទេសចរណ៍កាន់តែល្អប្រសើរ។ គ្រូបង្គោលទាំង ២២រូប រួមមានម្ចាស់អាជីវកម្ម ថ្នាក់គ្រប់គ្រង់ក្នុងមូលដ្ឋានសេវាកម្មទេសចរណ៍នៅរាជធានីភ្នំពេញ ដែលបាន ទទួលការបណ្តុះបណ្តាលគរុកោសល្យការបណ្តុះបណ្តាលជំនាញ បច្ចេកទេស ពិក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្លឹបគ្រូបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ (Tourism Trainers Club)។ ដូចនេះមូលដ្ឋានអាជីវកម្មទេសចរណ៍សេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ អាចទំនាក់ទំនងគ្រូចល័តខាងលើ ដើម្បីចែករំលែកបទពិសោធន៍ និងសម្របសម្រួលការបណ្តុះបណ្តាលជំនាញអាស៊ាន ក្នុងក្របខ័ណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាលគ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)៕ ដោយ៖កូឡាប