Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ រឹបអូស​សាច់គោ​ខុសច្បាប់ ជិត៨តោន បារម្ភ​ផ្ទុកមេរោគ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ខណៈ​តាម​ទីផ្សារ​លក់​ព្រាត ពិសេស​ភោជនីយដ្ឋាន ព្រោះ​តម្លៃថោក

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ច មន្រ្តីគយ និងបសុសត្វ នៅខេត្តប៉ាតានី បានឆ្មក់ចូលឃ្លាំងស្តុកទំនិញមួយ បន្ទាប់ពីបានស៊ើបអង្កេតរកឃើញថា មានការនាំចូលសាច់​គោ​ពី​បរទេស​ដោយ​ខុស​ច្បាប់ ​ដើម្បី​លក់ចែកចាយ​នៅ​តំបន់​ប៉ាតានី។

មន្រ្តីបានឆ្មក់ចូលឃ្លាំងស្តុកសាច់គោខុសច្បាប់នេះ ដែលមានឈ្មោះ Ikhwan 99 ផ្ទះ​លេខ 114 ផ្លូវ Ruedee ឃុំ Anoroo ស្រុក Muang ខេត្ត Pattani គឺនៅពេលកម្មករកំពុងដឹកជញ្ជូនសាច់គោចូលទៅក្នុងឃ្លាំង តាមរយៈរថយន្ត​តូយ៉ូតា រី​វ៉ូ ភីកអាប់ ១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា សាច់គោ ក្របី ថ្លើម ដែលមានប្រភពមកពីប្រទេសឥណ្ឌា និងប្រេស៊ីល ត្រូវបានគេដឹកតាមរថយន្តភីកអាប់ទម្ងន់ ៣,៧ តោន ចំនួន ១៥០ ប្រអប់ ឆ្លងកាត់ព្រំដែនម៉ាឡេស៊ី និង​៤​តោន​ទៀត ​ដែល​ទុក​នៅ​ក្នុង​ឃ្លាំង ​មាន​តម្លៃ​​​ជាង​មួយ​លាន​បាត។

តាម​ការ​សួរ​ចម្លើយ ​ជន​ជាប់​ចោទ​បានប្រាប់ឲ្យ​ដឹង​ថា ខ្លួន​បាន​រត់​ពន្ធ​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយៗ ​ការ​នាំ​ចូល​សាច់​គោ សាច់​ក្របី​ពី​បរទេសទាំងនេះ គឺ​គ្មាន​ច្បាប់​អនុញ្ញាតនោះទេ។

ចំពោះ​ការ​វេច​ខ្ចប់​សាច់​មក​ពី​ប្រទេស​ឥណ្ឌានេះផងដែរ គេ​បាន​រក​ឃើញ​ថា ​មើល​ទៅ​ដូច​សាច់​លំដាប់​ថ្នាក់​ខ្ពស់ គឺ​ត្រូវ​វេច​ខ្ចប់​យ៉ាង​ល្អ​ក្នុង​មួយ​ប្រអប់ ២០ ​គីឡូក្រាម។ ទោះជាយ៉ាងណា ​សាច់ស្តុកទាំងនេះមិន​បាន​ធ្វើតេស្ត​រក​ជំងឺ​ទេ ប្រសិនបើ​មនុស្ស​ទទួលទាន​អាច​ធ្វើឲ្យប៉ះពាល់​សុខភាព​កាន់តែធ្ងន់ធ្ងរ ដែលវា​អាច​នឹង​ឆ្លង​មេរោគ​ដូចជា​ជំងឺ​គោ​ឆ្កួត​ជាដើម​។​

តាមរយៈ​ការ​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​ផ្សារ​សើម នៅ​ខេត្ត​ប៉ាតានី គឺបានរកឃើញមាន​សាច់​គោ​ប្រភេទ​នេះ​លក់​​ច្រើន ហើយ​ក៏​បាន​រក​ឃើញ​ថា ​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​ចិត្ត​ទិញ​ និង​ធ្វើ​ម្ហូប។ ជាពិសេសភោជនីយដ្ឋាន គេបានរកឃើញថា ពេញនិយមខ្លាំងក្នុងការទិញយកទៅធ្វើម្ហូបសម្រាប់លក់ ដោយសារតែសាច់គោបែបនេះមាន caramel ថោកជាងសាច់គោថៃ ដែល​អ្នក​ភូមិ​ខ្លះ​ប្រហែល​មិន​ដឹង​នៅ​ឡើយ​ទេ ថាសាច់​រត់​ពន្ធ​យកមក​លក់​មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ។

ទោះ​យ៉ាង​ណា​ អាជ្ញាធរ​​តាម​ដាន​ម្ចាស់​ឃ្លាំង​សាច់​សត្វ​នោះ​ ចំពោះ​បទ​ល្មើស​នាំ​ចូល​សាច់​សត្វ ឬ​គ្រោង​ឆ្អឹង​ដោយ​គ្មាន​ការ​អនុញ្ញាត រួម​ទាំង​បទ​ល្មើស​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ដែលអាច​រឹបអូស​យក​សាច់​បាន និងថែមទាំងប្រឈមទោសទណ្ឌ​បន្ថែម​ទៀតផង។

សូមបញ្ជាក់ថា នៅខ្មែរ ក៏មានឃ្លាំងខ្មែរឥស្លាម នាំចូលសាច់គោប្រភេទនេះផងដែរ ដោយបានចែកចាយនៅក្នុងទីក្រុងភ្នំពេញ ពិសេសនៅព្រែកប្រា និងគីឡូលេខ៧ និងទៅតាមបណ្តាខេត្ត ប៉ុន្តែ មិនដឹងថា នាំចូលមានច្បាប់អនុញ្ញាត និងត្រូវបានត្រួតពិនិត្យត្រឹមត្រូវ ឬយ៉ាងណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×